COVID-19
ជាតិ
រដ្ឋាភិបាល កាត់​ចំណាយ​៤៧៥​លាន​ដុល្លារ​ទៀត ដែល​ឡើង​៩១៨​លាន​ដុល្លារ សម្រាប់​ប្រយុទ្ធប្រឆាំង​COVID-19
08, Apr 2020 , 5:59 pm        
រូបភាព
​ភ្នំពេញ​៖ ដើម្បី​ទប់ស្កាត់ និង​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​COVID-19​នោះ សម្ដេចនាយក​រដ្ឋមន្ត្រី បានសម្រេច​កាត់បន្ថយ​ការចំណាយ​៤៧៥​លាន​ដុល្លារ​ថែមទៀត ដែល​ឡើង​៩១៨​លាន​ដុល្លារ​។ ថវិកា​ទាំងនេះ បានមកពី​ការកាត់បន្ថយ​ចំណាយ​តាម​ក្រសួង​រដ្ឋ​នានា​។​


 
​សម្ដេច ហ៊ុន សែន បាន​បញ្ជាក់ថា ការ​កាត់​ចំណាយ​ថវិកាជាតិ​លើក​ទី​២​នេះ ដើម្បី​ត្រៀម​បម្រុង​ទុក​សម្រាប់​ទិញ​សម្ភារ​និង​បរិក្ខា​ពេទ្យ ព្រមទាំង​ស្បៀងអាហារ​ស្តុក​ទុក សម្រាប់​ជួយ​ប្រជាពលរដ្ឋ​ក្នុងស្ថានភាព​ដែល​មិនអាច​មើលឃើញ​នាពេលខាងមុខ​។​
 
​ថ្លែង​ក្នុង​សន្និសីទកាសែត កាលពី​ថ្ងៃទី​៧ មេសា សម្ដេច ហ៊ុន សែន បាន​និយាយ​ដូច្នេះ​ថា​៖«​ខ្ញុំ​សុំ​ការយោគយល់​ពី​ស្ថាប័ន​ជាតិ​គ្រប់​ថ្នាក់ ទាំង​ថ្នាក់ជាតិ និង ថ្នាក់ក្រោម​ជាតិ ដែល​រាជរដ្ឋាភិបាល​ត្រូវ​បង្ខំចិត្ត​កាត់បន្ថយ​ការចំណាយ​ពីរដង លើកទីមួយ គឺ​កាត់បន្ថយ​ការចំណាយ​ចំនួន ៤៤៣​លាន​ដុល្លារ​អាមេរិក និង​លើក​ទី​ពីរ​នេះ កាត់បន្ថយ​ការចំណាយ​ចំនួន​៤៧៥​លាន​ដុល្លារ​អាមេរិក​ថែមទៀត​។ បូកសរុប​ទាំងពីរ​លើក​នេះ​គឺមាន​ចំនួន​៩១៨​លាន ដុល្លារ​អាមេរិក សម្រាប់​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩ »​។​
 
​កាលពីដើម​ខែមីនា កន្លងមក​សម្ដេច ហ៊ុន សែន បានប្រកាស​កាត់បន្ថយ​ការចំណាយ​នៅតាម​ក្រសួង​នានា​៥០​ភាគរយ លើកលែងតែ​ស្ថាប័ន​បី​ប៉ុណ្ណោះ គឺ​ក្រសួងការបរទេស ក្រសួងពាណិជ្ជកម្ម និង ទីស្តីការគណៈរដ្ឋមន្ត្រី ដែល​ត្រូវ​កាត់បន្ថយ​ចំណាយ​ត្រឹម​២៥​ភាគរយ​។ ក្រៅពីនេះ​ប្រមុខ​រដ្ឋាភិបាល ក៏បាន​ណែនាំ​ឱ្យ​ស្ថាប័ន​ទាំងអស់ កាត់បន្ថយ​ការចំណាយ​ណា ដែល​មិនត្រូវ​ចាំបាច់​ផងដែរ​។​
 
​ថវិកាជាតិ​នៅ​ឆ្នាំ​២០២០​នេះ មាន​៨,២២៣​លាន​ដុល្លារ ក្នុងនោះ​ចំណាយ​ចរន្ត​ថវិការដ្ឋ ៤,៨៨៨​លាន​ដុល្លារ និង​ចំណាយ​មូលធន​ថវិការដ្ឋ ៣,៣៣៥​លាន​ដុល្លារ​។​
 
​សម្រាប់​ថវិកា​ទប់ស្កាត់​ការឆ្លង​ជំងឺ​COVID-19​នេះ រដ្ឋាភិបាល ក៏បាន​តាម​រៃអង្គាសប្រាក់​ពី​សប្បុរសជន និង​ពី​មន្ត្រីរាជការ បាន​ជាង​១១​លាន​ដុល្លារ​អាមេរិក​ដែរ​។​
 
​គិត​ត្រឹម​ថ្ងៃទី​៧ មេសា​នេះ កម្ពុជា មាន​អ្នក​ឆ្លង​ជំងឺ​COVID-19 ចំនួន​១១៧​នាក់ ក្នុងនោះ​អ្នកជា​សះស្បើយ​៦៣​នាក់​។ អ្នកជា​សះស្បើយ​ទាំងនោះ រួមមាន​ខ្មែរ​៣២​នាក់ បារាំង​១៩​នាក់ ម៉ាឡេស៊ី​៧​នាក់ អង់គ្លេស​៣​នាក់ បែលហ្ស៊ិក​១​នាក់ និង​ចិន​១​នាក់​៕

Tag:
 COVID-19
  ថវិកាជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com