COVID-19
ជាតិ
សង្គមជាតិ
សម្តេច ហ៊ុន សែន អរគុណលោក កឹម សុខា ដែលចូលលុយ៥ពាន់ដុល្លារ សម្រាប់ប្រឆាំងកូវីដ-១៩ លោក កឹម សុខា កាលពីមិនទាន់ត្រូវបានចោទប្រកាន់ ចាប់ដៃជាមួយសម្តេច ហ៊ុន សែន ក្នុងរដ្ឋសភា
× សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសរសេរលិខិតថ្លែងអំណរគុណ ជូនទៅលោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ ដែលធ្វើវិភាគទាន៥ពាន់ដុល្លារ ដល់រដ្ឋាភិបាល សម្រាប់ចំណាយលើការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។
សម្តេចនាយករដ្ឋមន្រ្តី ប្រាប់លោក កឹម សុខា ក្នុងលិខិតនោះថា ប្រជាជនកម្ពុជា កំពុងប្រឈមនឹងហានិភ័យ ដែលបង្កឡើងដោយជំងឺកូវីដ-១៩។ សម្តេច សរសេរថា៖«ក្នុងស្មារតីនេះ រដ្ឋាភិបាល សូមថ្លែងអំណរគុណនិងកោតសរសើរដោយស្មោះ ចំពោះឯកឧត្តម [កឹម សុខា] ដែលបានបរិច្ចាគថវិកា៥ពាន់ដុល្លារ ជូនរដ្ឋាភិបាល សម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺដ៏កាចសាហាវមួយនេះ ដែលជាកាតព្វកិច្ចការពារនិងសង្គ្រោះសុខភាពនិងជីវិតប្រជាជនកម្ពុជា»។
ប្រមុខរដ្ឋាភិបាល ក៏បានជូនពរលោក កឹម សុខា និងក្រុមគ្រួសារ ឲ្យទទួលបានពុទ្ធពរទាំង៤ប្រការផងដែរ។ លិខិតរបស់ប្រមុខរដ្ឋាភិបាល គឺចុះតាំងពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០មកម្ល៉េះ តែទើបនឹង ត្រូវបានលោក មុត ចន្ថា ជំនួយការរបស់លោក កឹម សុខា យកទៅបង្ហោះលើបណ្តាញសង្គម នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២០។
គេ ឃើញសប្បុរសជននានា បានចូលថវិកាជាហូរហែ ដល់រដ្ឋាភិបាល ហើយពួកគេ ក៏បានទទួលបានលិខិតកោតសរសើរនិងថ្លែងអំណរគុណពីប្រមុខរដ្ឋាភិបាលដែរ ចំពោះទឹកចិត្តរបស់ពួកគេ។ ទន្ទឹមនេះ ក៏មានចលនាមន្រ្តីរដ្ឋាភិបាល លះបង់ប្រាក់ខែ ជូនទៅគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ដែរ ដោយសម្តេចនាយករដ្ឋមន្រ្តី ជាអ្នកចាប់ផ្តើមមុនគេ។ ប៉ុន្តែ ការលះបង់ប្រាក់ខែរបស់មន្រ្តីទាំងនោះ គឺមានរយៈពេលខុសគ្នា ដោយអ្នកខ្លះ លះបង់៣ខែ ហើយអ្នកខ្លះ លះបង់ច្រើនជាង៣ខែ។
គិតត្រឹមព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២០ កម្ពុជា រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ១១៧នាក់ ដោយក្នុងនោះ ជាសះស្បើយវិញ៦៣នាក់៕
Tag:
COVID-19
ហ៊ុន សែន
កឹម សុខា
© រក្សាសិទ្ធិដោយ thmeythmey.com