អន្តរជាតិ
ឃាតកសម្លាប់​បិតា​ឯករាជ្យ​ជាតិ​បង់​ក្លា​ដែ​ស ត្រូវ​ចាប់ខ្លួន​២៥​ឆ្នាំក្រោយ​រត់​ពី​ទោស​ប្រហារជីវិត​
09, Apr 2020 , 8:29 am        
រូបភាព
បិតាឯករាជ្យជាតិបង់ក្លាដែស លោក Sheikh Mujibur Rahman ឪពុករបស់នាយករដ្ឋមន្ត្រីបង់ក្លាដែស អ្នកស្រី Sheikh Hasina (AFP)
បិតាឯករាជ្យជាតិបង់ក្លាដែស លោក Sheikh Mujibur Rahman ឪពុករបស់នាយករដ្ឋមន្ត្រីបង់ក្លាដែស អ្នកស្រី Sheikh Hasina (AFP)
ដោយ:
​អតីត​មេបញ្ជាការ​កងទ័ព​បង់​ក្លា​ដែ​សម្នាក់ ត្រូវបាន​ឃាត់ខ្លួន ជិត​២៥​ឆ្នាំក្រោយ​រត់គេចខ្លួន​ពីបទ​ចោទ​សម្លាប់​បិតា​ឯករាជ្យ​របស់​ប្រទេស​នេះ​។ បើតាម​រដ្ឋមន្ត្រី​យុត្តិធម៌​បង់​ក្លា​ដែ​ស នៅ​ថ្ងៃទី​៨ ខែមេសា ឃាតករ​រូបនេះ នឹងត្រូវ​កាត់ទោស​ប្រហារជីវិត​។​

 
​លោក Sheikh Mujibur Rahman ឪពុក​របស់​នាយករ​ដ្ឋ​មន្ត្រី​បង់​ក្លា​ដែ​ស អ្នកស្រី Sheikh Hasina ត្រូវបាន​ឃាតករ​សម្លាប់ អម​ជាមួយ​សមាជិកគ្រួសារ​គាត់​មួយចំនួនធំ​ក្នុង​រដ្ឋប្រហារ​យោធា​មួយ កាលពី​ថ្ងៃ ១៥ ខែសីហា ឆ្នាំ​១៩៧៥ ពោលគឺ​ជិត​៤​ឆ្នាំ​បន្ទាប់ពី​លោក​បាន​ដឹកនាំ​ប្រទេស​បង់​ក្លា​ដែ​ស​ទាមទារ​ឯករាជ្យ​ពី​ប៉ា​គី​ស្ថាន​។ 
 
​ក្នុង​ឆ្នាំ ១៩៩៨ អតីត​មេបញ្ជាការ​យោធា Abdul Majed ត្រូវបាន​កាត់ទោស​ប្រហារជីវិត​រួមជាមួយ​មន្ត្រី​យោធា​រាប់សិប​នាក់​ទៀត​ពីបទ​ឃាត​កម្មនេះ​។ តុលាការ​ជាន់ខ្ពស់​បង់​ក្លា​ដែ​ស បាន​តម្កល់​សាលក្រម​នេះ​ក្នុង​ឆ្នាំ ២០០៩ ហើយ​ឃាតក ៥ នាក់​ត្រូវបាន​ប្រហារជីវិត​ប៉ុន្មាន​ខែក្រោយ​មក​។​
 
​លោក Majed ត្រូវបាន​ជឿថា​បាន​រត់​ភៀសខ្លួន​ទៅកាន់​ប្រទេស​ឥណ្ឌា​ក្នុង​ឆ្នាំ​១៩៩៦ ហើយ​លោក​បាន​ត្រលប់​មកកាន់​ប្រទេស​បង់​ក្លា​ដែ​ស​វិញ កាលពី​ខែមីនា ឆ្នាំ​២០២០​នេះ​។ រដ្ឋអាជ្ញា​បង់​ក្លា​ដែ​ស បញ្ជាក់ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AFP បែបនេះ​។ ប៉ូលីស​ប្រឆាំង​ភេរវកម្ម​បាន​ចាប់ខ្លួន​លោក Majed កាលពី​ថ្ងៃទី​៧ ខែមេសា នៅពេល​លោក​កំពុង​ជិះ​រថយន្ត​ដឹកទំនិញ​ក្នុង​រដ្ឋធានី​ដា​ក្កា​។ 
 
​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​បង់​ក្លា​ដែ​ស Anisul Huq បញ្ជាក់ថា​៖«​នីតិវិធី​ផ្លូវច្បាប់​នៃ​ការប្រហារជីវិត​លោក Majed បានចាប់ផ្តើម​រួចហើយ​»​។ លោក បន្តថា អតីតមន្ត្រី​យោធា​រូបនេះ​នឹងមិន​អាច​ប្តឹង​ឧទ្ធរណ៍​ចំពោះ​ការកាត់ទោស​របស់គាត់​បានទេ​។​
 
​អ្នកស្រី​នាយករដ្ឋមន្ត្រី Sheikh Hasina បាន​រួច​ផុតពី​ការវាយប្រហារ​ឆ្នាំ​១៩៧៥ ព្រោះ​នៅពេលនោះ​អ្នកស្រី​បានរស់នៅ​តំបន់​អឺរ៉ុប​ជាមួយ​ប្អូនស្រី​។ ក្នុង​សារ​វីដេអូ​មួយ រដ្ឋមន្ត្រី​មហាផ្ទៃ បង់​ក្លា​ដែ​ស ចាត់ទុក​ការចាប់ខ្លួន​លោក Majed ជា​អំណោយ​ដ៏​ពិ​សេសមួយ​សម្រាប់​ប្រជាជាតិ​។​
 
​ផ្លូវ​ឆ្ពោះទៅរក​យុត្តិធម៌​សម្រាប់​ឃាតកម្ម​ឆ្នាំ​១៩៧៥ គឺមាន​រយៈ​យូរ ហើយ​ការសម្លាប់​បិតា​ឯករាជ្យ​នេះ​បន្ត​បំពុល​ឆាកនយោបាយ​បង់​ក្លា​ដែ​ស​មកដល់​សព្វថ្ងៃ​។ រដ្ឋាភិបាល​ប​ង្ដុ​ប​ដោយ​រដ្ឋប្រហារ បានផ្ដល់​លាភសក្ការៈ​ដ​ល់​ក្រុម​ឃាតករ​ជាមួយ​តំណែង​ក្នុង​ជួរ​រដ្ឋាភិបាល និង​មួយចំនួន​នៃ​ពួកគេ ត្រូវបាន​អនុញ្ញាត​ឲ្យ​បង្កើត​បក្សនយោបាយ​មួយ ហើយ​ចូល​ប្រកួត​ការបោះឆ្នោត​អំឡុង​ទសវត្សរ៍​ឆ្នាំ​១៩៨០​។ 
 
​សម្រាប់​ពេល​២១​ឆ្នាំ ច្បាប់​មួយ​ដែល​បង្កើតឡើង​ដោយ​រដ្ឋាភិបាល​រដ្ឋប្រហា​រហាម​ឃាត់​ការកាត់ទោស​ក្រុម​ឃាតករ​។ ច្បាប់​នេះ​ត្រូវបាន​កែប្រែ ក្រោយ​អ្នកស្រី​នាយករដ្ឋមន្ត្រី Hasina ឡើងកាន់តំណែង​ក្នុង​ឆ្នាំ​១៩៩៦ ។ អ្នកស្រី ក៏បាន​ចោទប្រកាន់​លោក Ziaur Rahman ដែលជា​ប្រធានាធិបតី​ពី​ឆ្នាំ​១៩៧៧ ដល់ពេល​ឃាតកម្ម​លោក​ក្នុង​ឆ្នាំ​១៩៨១ ថា បានរៀបចំ​ផែនការ​សម្លាប់​ឪពុក​អ្នកស្រី​ផងដែរ​៕

Tag:
 បង់​ក្លា​ដេ​ស​
  ឃាតកម្ម​
  ឯករាជ្យ​ជាតិ​
© រក្សាសិទ្ធិដោយ thmeythmey.com