COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
មេ UEFA ថា Liverpool នឹង​លើក​ពាន បើ Premier League ត្រូវ​រំសាយ​ដោយ​វិបត្តិ COVID-19
09, Apr 2020 , 9:19 am        
រូបភាព
​លោក Aleksander Ceferin ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​អឺរ៉ុប (UEFA) យល់ឃើញថា គ្មាន​ផ្លូវ​ដែល Liverpool ត្រូវគេ​បដិសេធ​ក្នុងការ​ឈ្នះ​ពាន Premier League នៅ​រដូវ​កាល​នេះ​ទេ ទោះបី​លី​គ​ត្រូវ​បញ្ឈប់​ដោយសារតែ​ជំងឺ​រាតត្បាត COVID-19 ក៏ដោយ​។​


 
​ក្រុម​រហស្សនាម​ហង្ស​ក្រហម​មាន​២៥​ពិន្ទុ​នាំមុខ​ដាច់​ក្នុង​តារាង​លី​គ​កំពូល​អង់គ្លេស បន្ទាប់ពី​ឆ្លងកាត់​ការប្រកួត​២៩​លើក មុនពេល​លី​គ​ត្រូវ​ផ្អាក​បណ្តោះអាសន្ន​ដោយសារ​ជំងឺឆ្លង COVID-19 កាលពី​ខែ​មុន​។​
 
​មកដល់ពេលនេះ គេ​នៅតែ​មិនទាន់​ច្បាស់​ទេ​ថា​ពេលណា​ទើប​ការប្រកួត​លី​គ​ដែល​នៅ​សេសសល់​រដូវ​កាល​នេះ​នឹង​ចាប់ផ្តើម​ពេលណា​នោះទេ ខណៈ COVID-19 កាន់តែ​រីក​រាលដាល​ខ្លាំង​ពេញ​ពិភពលោក​។ បើ​ទោះ​យ៉ាងនេះ​ក្តី លោក Ceferin អះអាងថា​ក្រុម​ដែល​ដឹកនាំ​ដោយ​លោក Jurgen Klopp ស្ទើរតែ​ក្លាយជា​ជើងឯក Premier League ទៅហើយ ដែលជា​ការ​ឈ្នះ​លើកដំបូង​ចាប់តាំងពី​ឆ្នាំ ១៩៩០ មក​។​
 
​ប្រធាន UEFA បាន​ប្រាប់​កាសែត​កីឡា Ekipa ថា​៖« ខ្ញុំ​មិនមាន​វិធីសាស្ត្រ​ណា​ដែល​អាចធ្វើ​ឲ្យ Liverpool មិនអាច​ឈ្នះ​ជើងឯក​បានឡើយ​។ ប្រសិនបើ​ការប្រកួត​នៅ​បន្ត​លេង​នោះ​ពួកគេ​ប្រាកដជា​នឹង​ឈ្នះ​ពាន​មិន​ខាន - តាម​ទ្រឹស្តី​កីឡា​ពួកគេ​នៅ​មិនទាន់​ឈានដល់​កម្រិត​ធានា​មែន ប៉ុន្តែ​វា​ពិតជា​កៀក​នឹង​ឈ្នះ​ណាស់​»​។ 
 
​លោក​បន្ថែមថា ទោះបី​ការប្រកួត​មិន​បន្ត ក៏​ចាំបាច់​ត្រូវ​ប្រកាស​លទ្ធផល​តាម​វិធីសាស្ត្រ​ផ្សេងៗ​ហើយក៏​គួរតែ​ត្រូវ​កំណត់ថា​ក្រុម​ណា​ជា​ជើងឯក​ដែរ ហើយ​គ្មាន​ហេតុផល​ណា​ដែលថា​មិនមែនជា Liverpool នោះដែរ​។ 
 
Ceferin ក៏បាន​ទទូចថា​ផែនការ​ខាងលើ​នឹង​ប្រើ​សម្រាប់​លី​គ​នៅ​ជុំវិញ​ពិភពលោក ក្នុងការ​បញ្ចប់​លី​គ​ទោះ​សល់​ការប្រកួត​ក្តី​៕

Tag:
 COVID-19
  UEFA
  Premier League
  Liverpool
© រក្សាសិទ្ធិដោយ thmeythmey.com