ជាតិ
សង្គមជាតិ
សមត្ថកិច្ច ចាប់បានពោះវៀនជ្រូកខូចគុណភាព៥តោន
09, Apr 2020 , 8:13 am        
រូបភាព
រូបពីអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ
រូបពីអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ
ពោះវៀនជ្រូកខូចគុណភាពប្រមាណ ៥តោន ក្នុងកុងតឺន័រ២ ត្រូវបានមន្ត្រីនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប.) រកឃើញ និងឃាត់ទុក នៅថ្ងៃពុធ ទី៨ ខែមេសា ឆ្នាំ២០២០។ កុងតឺន័រផ្ទុកពោះវៀនជ្រូកនោះ ស្តុកទុកក្នុងឃ្លាំងគ្មានលេខ ស្ថិតក្នុងភូមិជ័យឧត្តម ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។



ទំព័រហ្វេសប៊ុករបស់អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ បង្ហោះថា ក្រោយត្រួតពិនិត្យរួច មន្រ្តីមានសមត្ថកិច្ច រកឃើញថា ពោះវៀនជ្រូកទាំងនោះ ពុំមានឯកសារបញ្ជាក់ ហើយមានសភាពស្អុយ មានចម្លងមេរោគ ដោយសារការវេចខ្ចប់ និងទុកដាក់ពុំត្រឹមត្រូវតាមបច្ចេកទេស។

ដោយសង្កេតឃេីញថា ផលិតផលទាំងនេះបានខូចគុណភាព ពុំអាចយកទៅប្រេីប្រាស់ជាម្ហូបអាហារបាន មន្រ្តីមានសមត្ថកិច្ច សម្រេចឃាត់ទុកពោះវៀនជ្រូកទាំងនោះ ដើម្បីបំពេញបែបបទយកទៅកំទេចចោលតាមនីតិវិធី។ ចំណែកម្ចាស់ពោះវៀនជ្រូកទាំងនោះ ត្រូវបាននាំខ្លួនទៅសាកសួរបន្តនៅស្នងការដ្ឋាននគរបាលខេត្តកណ្តាល។

យ៉ាងណា ប្រភពខាងលើ ពុំបានបញ្ជាក់ឡើយថា ពោះវៀនជ្រូកទាំងនោះ នាំចូលពីប្រទេសណា ឬក៏ជាទំនិញនៅក្នុងស្រុក៕ 

Tag:
 ពោះវៀនជ្រូកខូចគុណភាព
© រក្សាសិទ្ធិដោយ thmeythmey.com