COVID-19
ពីនេះ ពីនោះ
COVID-19 កំពុង​ចាក់​ចង្កេះ​ក្រសួងកសិកម្ម​ខ្មែរ​!
09, Apr 2020 , 9:41 am        
រូបភាព
ដោយ: ថ្មីៗ
​ដោយមាន​ពេល​សម្រាក​ពី​ការងារ​ខ្លះ​ព្រោះ​ការ​រាតត្បាត​កូ​វីដ​១៩ ក្លើ សំណាង និង​សុធីរ មាន​ពេល​ច្រើនជាង​ពេលណាៗ​ទាំងអស់​ក្នុងការ​តាមដាន​ព័ត៌មាន​នៃ​ការ​វិវិត្ត​មេរោគ​កូ​រូ​ណា និង​ផល​បះ​ពាល់​របស់​វា​ទៅលើ​ជីវិត​មនុស្ស និង​សេដ្ឋកិច្ច​។ ថ្ងៃនេះ សុធីរ និង​សំណាង លើកយក​ទំ​ទាក់​ទំនង​ឥទ្ធិពល​កូ​វីដ​១៩ និង​វិស័យ​កសិកម្ម​ខ្មែរ​។



សំណាង​៖ អា សុធីរ​! នៅក្នុង​បរិបទ​កូ​វីដ​១៩​នេះ ជំនួញ​មួយចំនួន​ទ្រឹង ឬ​ងាប់​តែម្តង តែ​របរ​រកស៊ី​ផ្នែក​ម្ហូបអាហារ​ដូចជា​ត្រូវប៉ាន់​? 
 
​សុធីរ​៖ អើ ត្រូវ​ហើយ​! មាន​នរណា​ទៅ​ទិញ​ឡាន​ធ្វើ​អី​ទៀត​! មាន​នរណា​ទៅ​ទិញ​ផ្ទះ​ធ្វើ​អ្វី​ទៀត​អ្ហា​! គិតតែ​ពី​រឿង​ថា តើ​មានអី​ស៊ី​ឬ​អត់​? ឥឡូវនេះ គេ​លែង​គិត​រឿង​ផ្សេង​ហើយ គេ​គិតតែ​រឿង​បំពេញ​ក្រពះ​ទេតើ​។ 
 
​សំណាង​៖ អ៊ីចឹង ប្រទេស​កសិក​កម្ម ដូច​កម្ពុជា​យើង ពិតជា​ត្រូវប៉ាន់​ហើយ​ពេលនេះ​មិន​ថា អ៊ីចឹង​?   
 
​សុធីរ​៖ វា​អាស្រ័យ​ទេ​ថា តើ​យើង​ផលិត​បាន​ហូប​គ្រប់គ្រាន់​ហើយ​ឬ​នៅ​? យើង​បាន​ផលិត​សម្រាប់​ការនាំចេញ​ហើយ​ឬ​នៅ​? 

​សំណាង​៖ តើ​កម្ពុជា​បានធ្វើ​រឿង​ពីរ​ខាងលើ​ដែល​អ្ហែង​លើកឡើង​ហ្នឹង​រួចហើយ​ឬ​នៅ​?  
 
​សុធីរ​៖ បើតាម​អញ​ដឹង​តាម​របាយការណ៍​ខ្លះ កម្ពុជា​នៅ​បន្ត​នាំចូល​ច្រើន​ផលិតផល​កសិកម្ម​ពី​បរទេស​ដើម្បី​បំពេញ​សេចក្តីត្រូវការ​ក្នុងស្រុក ដូចជា បន្លែ ផ្លែឈើ ត្រី សាច់​។​ល​។ បើ​និយាយ​ពី​កម្ពុជា​នាំចេញ​វិញ មាន​ដែរ តែ​តិចតួច​ទេ​។ កម្ពុជា​នាំចេញ ជាពិសេស តែ​អង្ករ​ទេ​។ សរុប​មកវិញ កម្ពុជា​នៅ​ពឹង​លើ​ទីផ្សារ​ខាងក្រៅ​ច្រើនជាង​ការផលិត​ក្នុងស្រុក​។ យើង​នៅ​ផលិត​បាន​តិចតួច​ណាស់​។ 
 
​សំណាង​៖ បើ​ស្តាប់​អ្ហែង​ពន្យល់​ទៅ យើង​មិនអាច​ត្រូវប៉ាន់​ពី​បរិបទ​គ្រោះអាសន្ន​កូ​វីដ​១៩​នេះ​ទេ​? 
 
សុធីរ​៖ កុំ​និយាយ​រឿង​ត្រូវប៉ាន់​។ និយាយ​ត្រឹម​ផលិត​ចិញ្ចឹម​ខ្លួនឯង​ឲ្យ​រស់​ទៅបាន​ហើយ​។ ដូច​អញ​និយាយប្រាប់​អ្ហែង​ពី​ខាងដើម​អ៊ីចឹង បើ​យើង​អាច​ផលិត​បាន​ច្រើន ឬក៏​លើស​តម្រូវការ​សម្រាប់​ការនាំចេញ​ទៀត ពេលនោះ ទើប​យើង​អាច​និយាយបានថា បរិបទ​ប្រឈម​កូ​វីដ​១៩​នេះ គឺជា​ឱកាស​ដ៏​ល្អ​សម្រាប់​វិស័យ​កសិកម្ម​ដែល​យើង​ជា​ប្រទេស​កសិកម្ម​ស្រាប់​។ តែបើ​យើង​នៅ​បន្ត​នាំចូល​ដដែល វា​មិនមែនជា​ឱកាស​ទេ​។ តែ​ទោះជា​យ៉ាងណាក៏ដោយ អញ​គិត​ឃើញថា កូ​វីដ​១៩​នេះ បាន និង​កំពុង​ចាក់​ចង្កេះ​«​ក្រសួងកសិកម្ម​»​ខ្មែរ ឲ្យ​ចេះ​ប្រឹងប្រែង​ជំរុញ​ការដាំដុះ កែច្នៃ​ផលិតផល​កសិកម្ម​ដើម្បី​បំពេញ​សេចក្តីត្រូវការ​ខ្លួនឯង​ដោយ​មិនបាច់​ពឹង​គេ ឬ​ដកដង្ហើម​តាម​គេ​។ បើ​យើង​ខ្វះ​ផលិតផល​អាហារ​បរិភោគ ចុះ​ចៃដន្យ គ្រាអាសន្ន​កូ​វីដ​១៩ បង្ខំ​ឲ្យ​ប្រទេសជិតខាង​បិទ​ព្រំដែន តើ​យើង​បាន​អ្វី​ស៊ី​? ចំណុច​នេះ អា សំណាង​! ក្រសួងកសិកម្ម​ត្រូវ​ពិនិត្យ​ឲ្យ​បាន​ហ្មត់ចត់​មែនទែន​។ អត់​អី​បាន អត់​អី​ស៊ី​នេះ មិនកើត​ទេ​វើ​យ​៕ 
 
​ចំណាំ​៖ ក្នុង​មួយឆ្នាំៗ​កម្ពុជា​បាន​ចំណាយ​ថវិកា​មិន​ក្រោម​២០០​លាន​ដុល្លារ​ឡើយ ដើម្បី​នាំចូល​បន្លែ និង ផ្លែឈើ​ពី​ប្រទេសជិតខាង​។ ក្នុងនោះ កម្ពុជា​បាន​នាំ​បន្លែ​ពី​២០០​ទៅ​៤០០​តោន​ក្នុង​មួយថ្ងៃៗ ពី​វៀតណាម ដើម្បី​បំពេញតម្រូវការ​ក្នុងស្រុក​សរុប​ជាង​១​ពាន់​តោន​។ បច្ចុប្បន្ន  កម្ពុជា​អាច​ផ្គត់ផ្គង់​បន្លែ​ក្នុងស្រុក​ជា​មធ្យម ពី​៥០០​ទៅ​៦០០​តោន​ក្នុង​មួយថ្ងៃ​។  ក្នុងនោះ​មាន បន្លែ​សុវត្ថិភាព​២០​ទៅ​៣០​ភាគរយ និង​មាន​១០​ភាគរយ ជា​បន្លែ​សរីរាង្គ​។ 

© រក្សាសិទ្ធិដោយ thmeythmey.com