ជាតិ
តុលាការចោទលោក សុវណ្ណ រិទ្ធី ចាងហ្វាង TVFB ពីបទញុះញង់
× ភ្នំពេញ៖ លោក សុវណ្ណ រិទ្ធី ចាងហ្វាង TVFB ត្រូវបានព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញលោក ប្លង់ សុផល ចោទពីបទញុះញង់ឱ្យប្រព្រឹត្តបទល្មើសជាអាទិ៍ តាមមាត្រ ៤៩៥ ពាក់ព័ន្ធនឹងការសរសេរលើហ្វេសប៊ុកដោយស្រង់ពាក្យសម្តីសម្ដេច ហ៊ុន សែន ដែលបាននិយាយថា «បើអ្នករត់ម៉ូតូឌុបក្ស័យធន លក់ម៉ូតូចាយសិនទៅ រដ្ឋាភិបាលគ្មានលទ្ធភាពជួយនោះទេ»។
ក្រៅពីការសរសេរនេះ ក៏មានវីដេអូ(Video Live) ដែលលោក សុវណ្ណ រិទ្ធី បាននិយាយបកស្រាយលើប្រសាសន៍សម្ដេច ហ៊ុន សែន នេះផងដែរ។
អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិលោក ឆាយ គឹមឃឿន បានប្រាប់សារព័ត៌មានថ្មីថា សំណេររបស់លោក សុវណ្ណ រិទ្ធី នេះ ជាការបំប៉ោង និងបំពុលសង្គម ដែលធ្វើឱ្យពលរដ្ឋយល់ច្រឡំលើសម្ដេច ហ៊ុន សែន។ លោក គឹមឃឿន ចាត់ទុកសំណេររបស់ចាងហ្វាងTVFB រូបនេះ ជាចេតនាបង្កើតឱ្យមានចលាចលក្នុងសង្គម។
«សម្ដេច ហ៊ុន សែន គាត់បានចេញវិធានការដោះស្រាយបញ្ហាពលរដ្ឋ ដែលជួបបញ្ហាប្រឈមនឹងជំងឺCOVID-19ហើយ ហើយគ្រាន់តែសម្ដេចនិយាយលេងមួយម៉ាត់ ពីរម៉ាត់សោះ បែរជាយកមកចុះផ្សាយ។ សម្ដេចគាត់គ្មានចេតនាដូចការចុះផ្សាយឯណា ព្រោះគាត់បានចេញវិធានការច្រើនមកហើយ»។ នេះជាការបញ្ជាក់របស់លោក ឆាយ គឹមឃឿន។
ក្រោយការចាប់ខ្លួនលោក សុវណ្ណ រិទ្ធី នេះ ក្រសួងព័ត៌មាន ក៏បានសម្រេចលុបចោលអាជ្ញាប័ណ្ណTVFB និង TBTV កាលពីថ្ងៃទី៨ មេសា ក្រោមហេតុផលស្ថាប័ននេះ ផ្សព្វផ្សាយញុះញង់បង្កឱ្យប៉ះពាល់ដល់សន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសង្គមទៀតផង។
ជុំវិញករណីខាងលើនេះ លោក សុវណ្ណ សុខា ឪពុកលោក សុវណ្ណ រិទ្ធី ក៏បានស្នើសុំឱ្យប្រមុខរដ្ឋាភិបាល អធ្យាស្រ័យនិងអនុគ្រោះលោក រិទ្ធី តាមរយៈវីដេអូសុំទោសជំនួសកូនផងដែរ ។ លោកអះអាងថា កូនរបស់ខ្លួន គ្មានចេតនាវាយប្រហារលើរដ្ឋាភិបាលឡើយ៕
Tag:
COVID-19
TVFB
សុវណ្ណ រិទ្ធី
© រក្សាសិទ្ធិដោយ thmeythmey.com