COVID-19
ជាតិ
សង្គមជាតិ
ចិន ត្រៀមខ្លួន​ជានិច្ច ចាំ​ផ្តល់ជំនួយ​ដល់​កម្ពុជា តាម​តម្រូវការ​
09, Apr 2020 , 12:04 pm        
រូបភាព
លោក Zhao Lijian អ្នកនាំពាក្យការបរទេសចិន ថ្លែងក្នុងសន្និសីទកាសែត នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២០ (រូបពីក្រសួងការបរទេសចិន)
លោក Zhao Lijian អ្នកនាំពាក្យការបរទេសចិន ថ្លែងក្នុងសន្និសីទកាសែត នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២០ (រូបពីក្រសួងការបរទេសចិន)
ដោយ: ថ្មីៗ
​លោក Zhao Lijian អ្នកនាំពាក្យ​ការបរទេស​ចិន អះអាង ក្នុង​សន្និសីទ នៅ​ថ្ងៃទី​៨ ខែមីនា ឆ្នាំ​២០២០ ថា ចិន ត្រៀមខ្លួន​រួចហើយ ក្នុង​ការបន្ត​ផ្តល់​ការគាំទ្រ​និង​ជំនួយ​ដល់​កម្ពុជា បើ​មាន​តម្រូវការ​កើតឡើង​។ លោក សង្កត់ធ្ងន់ថា​៖«​ដោយ​ការ​រួមដៃគ្នា យើង នឹង​ទទួលបាន​ជ័យជម្នះ ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូ​វីដ​-១៩ ក្នុងពេល​ឆាប់ៗ​»​។​


 
​លោក Zhao Lijian លើកឡើង​ពី​ការ​ជ្រោមជ្រែង​របស់​ចិន ដល់​កម្ពុជា នៅពេល​អ្នកកាសែត សួរ​លោក អំពី​បេសកកម្ម​របស់​ក្រុមគ្រូពេទ្យ​ចិន​៧​នាក់ ដែល​បាន​មកជួយ​កម្ពុជា ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូ​វីដ​-១៩ ហើយ​បាន​ត្រឡប់​ទៅវិញ​។ លោក និយាយថា ក្នុងអំឡុង​នៃ​ការបំពេញ​បេសកកម្ម​នៅ​កម្ពុជា ក្រុមគ្រូពេទ្យ​ទាំងនោះ បាន​ទៅ​ទស្សនកិច្ច​តាម​កន្លែង​នានា រួមមាន មន្ទីរពេទ្យ សហគមន៍ ព្រលានយន្តហោះ សណ្ឋាគារ និង តំបន់ឧស្សាហកម្ម ជាដើម​។ 
 
​លោក បន្តថា ក្រុមគ្រូពេទ្យ​ទាំងនោះ បានផ្តល់​យោបល់​និង​ចែករំលែក​បទពិសោធ អំពី​ការធ្វើ​រោគវិនិច្ឆ័យ​និង​ការព្យាបាល​ជំងឺ​ដែលមាន​សភាព​ធ្ងន់ធ្ងរ (​កូ​វីដ​-១៩)​។ លើសពីនេះ ពួកគេ ក៏បាន​ណែនាំ​និង​ផ្តល់ជំនួយ​វេជ្ជសាស្ត្រ​ដល់​ពលរដ្ឋ​ចិន ដែល​កំពុង​ស្ថិតនៅក្នុង​ប្រទេស​កម្ពុជា​ផងដែរ​។ 
 
​អ្នកនាំពាក្យ​ការបរទេស​ចិន មានប្រសាសន៍ថា ក្រុមគ្រូពេទ្យ​ទាំងនោះ បានទទួល​ការកោតសរសើរ​ពី​ប្រជាពលរដ្ឋ​កម្ពុជា​។ លោក បាន​លើក​ពាក្យ​របស​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទៅ​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ថា «​ស្រឡាញ់គ្នា​ក្នុងពេល​ក្រ ស្គាល់​មិត្ត​ល្អ ក្នុង​គ្រា​លំបាក​»​។ លោក បញ្ជាក់ថា​៖«​ការបញ្ជូន​អ្នកជំនាញ​វេជ្ជសាស្ត្រ​ចិន ទៅ​ជួយ​កម្ពុជា គឺជា​ផ្នែក​មួយ​នៃ​មិត្តភាព​ពិតប្រាកដ​របស់​ពួកយើង​»​។​
 
​ក្រុមគ្រូពេទ្យ​ចិន​ទាំង​៧​នាក់ បាន​មកដល់​កម្ពុជា នៅ​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​២០២០ និង​បាន​ត្រឡប់​ទៅវិញ​នៅ​ថ្ងៃទី​៧ ខែមេសា ក្រោយ​បញ្ចប់​បេសកកម្ម​។ បច្ចុប្បន្ន នៅមាន​គ្រូពេទ្យ​យោធា​ចិន​៤​នាក់​ទៀត កំពុងមាន​វត្ត​មាននៅ​កម្ពុជា ដើម្បី​ជួយផ្តល់​បទពិសោធ​ដល់​គ្រូពេទ្យ​យោធា​កម្ពុជា​។ គេ មិនទាន់​ថា ពួកគេ នឹង​ត្រឡប់​ទៅវិញ​នៅ​ថ្ងៃ​ណា​ឡើយ​។ 
 
​ចិន គ្រោង​ប​ញ្ចូ​ន​ក្រុមគ្រូពេទ្យ​១៣​នាក់​បន្ថែមទៀត មក​កម្ពុជា ក្នុងអំឡុង​ខែមេសា​នេះ​។ ក្រៅពី​បញ្ជូន​ក្រុមគ្រូពេទ្យ​មក​កម្ពុជា ចិន ក៏បានផ្តល់​ម៉ាស់ សម្លៀកបំពាក់​ពេទ្យ សម្ភារ​ពេទ្យ និង ថវិកា​ផងដែរ ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩​។​
 
​នៅ​កម្ពុជា មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ១១៨​នាក់​ហើយ ដោយ​ក្នុងនោះ បានជា​សះស្បើយ​វិញ​៦៨​នាក់ គិត​មកដល់​ព្រឹក​ថ្ងៃទី​៩ ខែមេសា ឆ្នាំ​២០២០​។ ក្នុងចំណោម​អ្នកជំងឺ​កូ​វីដ​-១៩ ៥០​នាក់ ដែល​កំពុង​សម្រាក​ព្យាបាល មាន​ម្នាក់ បាន​លាប់​ឡើងវិញ គឺ​រូបគេ បានជា​សះស្បើយ​ហើយ តែ​ត្រឡប់​ទៅ​មាន​ជំងឺ​នេះ​ម្តងទៀត​៕ 

Tag:
 COVID-19
  ចិន​-​កម្ពុជា​
  ជំនួយ​
© រក្សាសិទ្ធិដោយ thmeythmey.com