COVID-19
ជាតិ
សង្គមជាតិ
កម្មករ ដែលសម្រាកខ្លួនឯងនៅថ្ងៃចូលឆ្នាំ នឹងត្រូវដាក់ដោយឡែក១៤ថ្ងៃ ដោយគ្មានប្រាក់ឈ្នួល
09, Apr 2020 , 12:45 pm        
រូបភាព
រូបពី AFP
រូបពី AFP
លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ ដាក់ចេញវិធានការថា កម្មករនិយោជិតណា ឈប់សម្រាក «ដោយឯកឯង» ក្នុងអំឡុងចូលឆ្នាំខ្មែរ នឹងត្រូវដាក់ឲ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ មុនចូលបំពេញការងារវិញ ហើយនឹងមិនទទួលបានប្រាក់ឈ្នួលក្នុងរយៈពេល១៤ថ្ងៃនេះឡើយ។



តាមរយៈសេចក្តីជូនដំណឹងនៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០ លោក អ៊ិត សំហេង រម្លឹកថា ក្នុងអំឡុងចូលឆ្នាំខ្មែរ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា កម្មករនិយោជិត ត្រូវបន្តធ្វើការធម្មតា នៅតាមរោងចក្រ សហគ្រាស និង គ្រឹះស្ថានរបស់ខ្លួន។

ប៉ុន្តែ លោករដ្ឋមន្រ្តី បញ្ជាក់ថា បើកម្មករនិយោជិតណា ឈប់សម្រាកពេលចូលឆ្នាំ ដោយមានការអនុញ្ញាតពីថៅកែ កម្មករនិយោជិតនោះ នឹងទទួលបានប្រាក់ឈ្នួល ក្នុងអំឡុងនៃការដាក់ឲ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ។

លោក ណែនាំឲ្យថៅកែ ចាត់ចែងឲ្យមានបញ្ជីឈ្មោះកម្មករនិយោជិត ដែលឈប់សម្រាកក្នុងអំឡុងចូលឆ្នាំ ដើម្បីផ្តល់ជូនអាជ្ញាធរមានសមត្ថកិច្ច អនុវត្តវិធានការដាក់ពួកគេ ឲ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ។

លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ សរសេរលើគណនីហ្វេសប៊ុករបស់លោកថា៖«ដើម្បីបង្ការហានិភ័យ ក្រោយពេលចូលឆ្នាំខាងមុខនេះ...សូមរដ្ឋបាលរោងចក្រ សហគ្រាស ក្រុមហ៊ុន កត់ឈ្មោះកម្មករនិយោជិត បុគ្គលិកទាំងអស់ ដែលអវត្តមានក្នុងអំឡុងពេលចូលឆ្នាំ ដើម្បីប្រគល់ជូនអាជ្ញាធរ និងដើម្បីត្រៀមធ្វើចត្តាឡីស័កដាក់បងប្អូនទាំងនោះឲ្យនៅដាច់ដោយឡែកពីគេ នៅតាមផ្ទះជួលរបស់គាត់រយៈពេល១៤ថ្ងៃ ដោយគ្មានប្រាក់ឈ្នួលសិន ទើបអនុញ្ញាតឲ្យចូលធ្វើការ»។

មិនមែនតែវិស័យឯកជនឡើយ គ្រប់ស្ថាប័នរដ្ឋ ក៏ត្រូវតម្រូវឲ្យនៅធ្វើការធម្មតាដែរ ក្នុងអំឡុងចូលឆ្នាំនេះ។

សូមរម្លឹកថា រដ្ឋាភិបាល បានសម្រេចលុបពិធីបុណ្យចូលឆ្នាំខ្មែរ នៅឆ្នាំនេះ ដោយសារតែបារម្ភខ្លាចរាលដាលនៃជំងឺកូវីដ-១៩។ រដ្ឋាភិបាល នឹងសងថ្ងៃឈប់សម្រាក៥ថ្ងៃ ដល់ស្ថាប័ននិងឯកជនវិញ នៅពេលសមស្រប៕

Tag:
 COVID-19
  កម្មករ
  ចូលឆ្នាំ
© រក្សាសិទ្ធិដោយ thmeythmey.com