អន្តរជាតិ
សកម្មជន​ថៃ​តវ៉ា​ចំពោះ​ការសាងសង់​ទំ​បន់ Xayaburi ថ្មី​នៅ​ទន្លេមេគង្គ​
09, Apr 2020 , 7:59 pm        
រូបភាព
ដោយ: VOA
​ខេត្ត NONG KHAI ៖​ជាង ៤០ ឆ្នាំមុន​គឺជា​ពេលដែល​លោក Bula Tawan បានដាក់​រាយ​មង​ចាប់​ត្រី​នៅ​ទន្លេមេគង្គ​ជា​លើកដំបូង​របស់លោក នៅពេលដែល​ផ្លូវទឹក​មួយ​នេះ​សម្បូរ​ទិន្នផល​ត្រី​។​

 
​ប៉ុន្តែ​អ្នកនេសាទ​ភាគច្រើន​ដូចជា​លោក Tawan ដែល​ធ្លាប់តែ​ពឹង​ផ្អែកលើ​ទិន្នផល​ត្រី​ដ៏​ច្រើន​ដើម្បី​រស់នៅ និង​ចិញ្ចឹម​គ្រួសារ​របស់លោក មិនអាច​រកត្រី​បាន​ច្រើន​ទៀត​នោះទេ​។​
 
​ខណៈដែល​លោក​កំពុង​ក្បង់ទឹក​ដ៏​ថ្លា​នៃ​ទន្លេមេគង្គ ឪពុក​វ័យ ៦៦ ឆ្នាំ​ដែលមាន​រូបរាង​ស្ដើង​រូបនេះ​បាន​ពន្យល់ថា «​ទឹក និង​ពណ៌​ទន្លេ​បាន​ផ្លាស់ប្តូ​រហើយ ដោយសារតែ​នៅពេល​វា​ជា​ទឹកធម្មជាតិ វា​មិន​ថ្លា​អ៊ីចឹង​នោះទេ​។ បើ​វា​ជា​ទឹកធម្មជាតិ វា​មានកករ និង​ជីវជាតិ​នៅក្នុង​ទឹក​នោះ​»​។​
 
​លោក​បាន​បន្ថែមថា «​ទឹក​ឥឡូវនេះ​ថ្លា ហើយ​វា​មិនមាន​កករ និង​ជីវជាតិ​នោះទេ​»​។​
 
​ទស្សនៈ​របស់​រដ្ឋាភិបាល​ថៃ​ចំពោះ​បញ្ហា​នេះ​មាន​លក្ខណៈខុស​ពីនេះ​មួយចំនួន​។​
 
​លោក Tanaporn Sriyamoon នៃ​ការិយាល័យ​គោលនយោបាយ​ផែនការ​របស់​រដ្ឋាភិបាល​ថៃ និយាយថា​៖ «​ការប្រែប្រួល​ទឹក​ទៅជា​ពណ៌​ខៀវ​នេះ​បានធ្វើឱ្យ​ភ្ញៀវទេសចរ​កាន់តែ​សប្បាយរីករាយ​ដោយសារតែ​ពណ៌​ទឹក​នេះ ហើយ​វា​កាន់តែ​មាន​ភាព​ពេញនិយម​នៅតាម​បណ្តាញ​សង្គម​តាម​អ៊ីនធឺណិត និង​ធ្វើឱ្យ​អ្នកទេសចរ​កាន់តែច្រើន​ចង់​មក​ទស្សនា​»​។​
 
​ការប្រែប្រួល​ទឹក​
 
​ពេល​នៃ​ការប្រែប្រួល​ទឹក រួម​ជាមួយនឹង​ការឡើង​ចុះ​ខ្លាំង​នៃ​កម្រិត​ទឹក កើតឡើង​ចំពេល​ដែល​ទំនប់ Xayaburi របស់​រដ្ឋាភិបាល​ឡាវ​នៅ​ខាងលើ​ត្រូវបាន​គេ​សាងសង់​។ ទំនប់​នេះ​បានចាប់ផ្តើម​ផលិត​វា​រី​អគ្គិសនី​កាលពី​ខែតុលា ឆ្នាំមុន​។​
 
​យោងតាម​គេហទំព័រ Xayaburi ទំនប់​ដែលមាន​តម្លៃ ៣ ពាន់ ៨ រយ​លាន​ដុល្លារ​នេះ​គឺជា «​របាំង​ទឹក​មួយ​ដែល​ច្រោះ​យក​កករ​តិច​បំផុត​បើ​ប្រៀបធៀប​ទៅនឹង​ទំនប់​ធម្មតា​»​។ ប៉ុន្តែ​ភស្តុតាង​ថ្មី​បង្ហាញថា ការ​រាំងខ្ទប់​កករ និង​កាកសំណល់​ផ្សេងៗ​យ៉ាងច្រើន​នៅតែ​កើតឡើង​នៅ​ទំ​បន់​នេះ​។​
 
​នៅពេលនេះ បណ្តាញ​ពលរដ្ឋ​ថៃ​នៅ​ខេត្ត​ជាប់​ទន្លេមេគង្គ​ទាំង ៨ បានដាក់​ពាក្យបណ្តឹង​ដើម្បី​ទាមទារ​ឱ្យមាន​ការកាត់ទោស និង​ពន្យឺត​ការផលិត និង​ការលក់​ថាមពល​អគ្គិសនី​ទៅឱ្យ​ក្រុមហ៊ុន​ថៃ ដែល​ថាមពល​អគ្គិសនី​ចំនួន ៩៥% នឹង​ត្រូវបាន​អាជ្ញាធរ​អគ្គិសនី​ថៃ​ទិញយក​។​
 
​លោក Ormbun Thipsuna អ្នកនាំពាក្យ​របស់​បណ្តា​ញ​នេះ​និយាយថា​៖ «​អ្នក​ដែល​កំណត់​ពី​កម្រិត​នៃ​ការលក់​អគ្គិសនី​មកឱ្យ​ថៃ​គឺ​អាជ្ញាធរ​អគ្គិសនី​ថៃ ដូច្នេះ​វា​មាន​ផលប៉ះពាល់​ទៅលើ​ប្រព័ន្ធ​អេកូឡូស៊ី​នៃ​ទន្លេមេគង្គ​»​។​
 
​លោក Ormbun Thipsuna និយាយថា របាយការណ៍​ថ្មីៗ​ដែល​ចេញផ្សាយ​ដោយ​ក្រសួង​ថាមពល​បង្ហាញថា ប្រទេស​ថៃ​មាន​អគ្គិសនី​គ្រប់គ្រាន់​សម្រាប់​ផ្គត់ផ្គង់​តម្រូវការ​នៅក្នុង​ប្រទេស​។​
 
​កាលពី​ខែកុម្ភៈ បណ្តាញ​នេះ​បានដាក់​ភស្តុតាង​ទៅកាន់​តុលាការ​រដ្ឋបាល​កំពូល​របស់​ថៃ​នៅក្នុង​ពាក្យបណ្តឹង​ដែល​កំពុងតែ​ដំណើរការ​។ ពាក្យបណ្តឹង​នោះបាន​លើកឡើង​ពី​ទី​ភ្នាក់ងាររដ្ឋ​ថៃ​ចំនួន ៥ ដែល​រួមមាន​អាជ្ញាធរ​អគ្គិសនី​ថៃ​ផងដែរ​។​
 
​អាជ្ញាធរ​អគ្គិសនី​ថៃ​មិនបាន​ឆ្លើយតប​ចំពោះ​សំណួរ​ដែល VOA បាន​សួរ​នោះទេ​។​
 
​ព្យួរ​កិច្ចសន្យា​ទិញ​ថាមពល​
 
​បន្ថែម​ពីលើ​ភស្តុតាង​នៃ​ការបំផ្លាញ​បរិស្ថាន​ដែល​បង្កដោយ​ទំនប់​នេះ ដើមបណ្តឹង​ក៏បាន​ស្នើសុំ​តុលាការ​ឱ្យចេញ​ដីកា​មួយ​ដើម្បី​ព្យួរ​កិច្ចសន្យា​ទិញ​ថាមពល រហូត​ទាល់តែ​ព័ត៌មាន​ថ្មី​អាច​ត្រូវបាន​ពិនិត្យ ទាក់ទង​នឹង​ផលប៉ះពាល់​របស់​ទំនប់​ទៅលើ​ប្រព័ន្ធ​អេកូឡូស៊ី​នៅក្នុង​ទន្លេមេគង្គ​។​
 
​អ្នកវិភាគ​ម្នាក់​យល់ថា វិធីសាស្ត្រ​ថ្មី​របស់​បណ្តាញ​នេះ​គឺ​ការបង្ហាញ​ឱ្យឃើញថា «​មិនមាន​ភាពចាំបាច់​ក្នុង​ការទិញ​ថាមពល​អគ្គិសនី​ចេញពី​ទំនប់​នៅ​ទន្លេមេគង្គ​នៅក្នុង​ប្រទេស​ឡាវ​នោះទេ ដោយសារតែ​ការ​បម្រុង​ទុក​នូវ​ថាមពល​របស់​ប្រទេស​ថៃ​ត្រូវ​បានកំណត់​យ៉ាងខ្ពស់​ក្នុង​កម្រិត​ពី ៤០% ទៅ ៥០% ខ្ពស់ជាង​តម្រូវ​ខ្ពស់បំផុត​របស់​ប្រទេស​»​។​
 
​លោក Brian Eyler ដែលជា​អ្នកជំនាញ​ផ្នែក​បញ្ហា​ឆ្លង​ប្រទេស​នៅក្នុង​តំបន់​មេគង្គ និយាយ​ដូច្នេះ​ថា​៖ «​ប្រទេស​ជាច្រើន​មិនមាន​ការកំណត់​លក្ខខណ្ឌ​តម្រូវឱ្យ​មានការ​បម្រុង​ទុក​បែបនេះ​នោះទេ ប៉ុន្តែ​ប្រទេស​ដែលមាន​លក្ខខណ្ឌ​បែបនេះ​គឺជា​ប្រទេស​ដែលមាន​ប្រាក់ចំណូល​ខ្ពស់ ឬ​មធ្យម ហើយ​បានកំណត់​កម្រិត​បម្រុង​ក្នុង​អត្រា​ប្រមាណ ២០% ប៉ុណ្ណោះ​»​។​
 
​ប៉ុន្តែ​លោក Eyler មិនសូវមាន​សុ​ទិ​ដ្ឋ​និយម​ថា​នឹងមាន​ការផ្លាស់ប្តូរ​នោះទេ ដោយ​ផ្អែកលើ​សំអាង​ខាងលើ​។​
 
​លោក​បាន​និយាយ​ដូច្នេះ​ថា​៖ «​អាជ្ញាធរ​អគ្គិសនី​ថៃ​អាច​លុបចោល ឬ​ចរចា​ឡើងវិញ​លើ​កិច្ចសន្យា​ទិញ​ថាមពល​របស់ខ្លួន​ជាមួយនឹង​ក្រុមហ៊ុន​ទំនប់​វា​រី​អគ្គិសនី Xayaburi ដើម្បី​ផ្លាស់ប្តូរ​ប្រតិបត្តិការ​នៃ​ទំនប់​វា​រី​អគ្គិសនី Xayaburi នេះ​។ ការលុបចោល ឬ​ការចរចា​ឡើងវិញ​នេះ​កម្រ​នឹង​កើតឡើង​ណាស់​ដោយសារតែ​អ្នកវិនិយោគ​នឹង​ប្រើប្រាស់​ធនធាន​ទាំងអស់​របស់​ពួកគេ​ដើម្បី​បង្ការ​កុំឱ្យ​រឿងនេះ​កើតឡើង​»​។​
 
​បញ្ហា​ដ៏​ចម្រូងចម្រាស់​បំផុត​មួយ​ពាក់ព័ន្ធ​នឹង​ការសាងសង់​ទំនប់​នេះ​គឺ​កង្វះ​តម្លាភាព​ទាក់ទង​នឹង​របាយការណ៍​វាយតម្លៃ​លើ​ផលប៉ះពាល់​របស់​គម្រោង​។​
 
​លោក Ormbun Thipsuna ពន្យល់​ដូច្នេះ​ថា​៖ «​យើង​មិនអាច​ទទួលបាន​ព័ត៌មាន និង​មិនបាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ស្តាប់​មតិ​សាធារណជន ដែល​ត្រូវ​បានរៀបចំ​ដោយ​នាយកដ្ឋាន​ធនធានធម្មជាតិ​នោះទេ​»​។​
 
​ទឹក​កាន់តែ​តិច​សម្រាប់​ដំណាំ​
 
​សម្រាប់​កសិករ​ដូចជា​លោក Sanit Khun ដែល​ពឹង​ផ្អែកលើ​ទឹកទន្លេ​ដើម្បី​ស្រោចស្រព​ដំណាំ​ក្នុង​រដូវប្រាំង ក្តីបារម្ភ​នានា​របស់លោក​បានក្លាយ​ជា​ការពិតហើយ​ឥឡូវនេះ​។​
 
​លោក Khun បាន​និយាយថា «​ទឹក​រាក់​ខ្លាំងណាស់ ដែល​វា​ពិបាក​នឹង​បូម​ដើម្បី​ចែកចាយ​ឱ្យបាន​ស្មើគ្នា​ទៅក្នុង​ស្រែ និង​ចម្ការពោត​»​។ ខណៈពេលដែល​លោក​កំពុងបង្វែរ​ម៉ាស៊ីនបូមទឹក​ចេញពី​បាតទន្លេ​ដែល​រាំងស្ងួត លោក​និយាយថា ចំនួន​ទឹក​ធ្លាក់ចុះ​ពី ១០០% មក​នៅ ៤០%​។​
 
​លោក​បញ្ជាក់​ដូច្នេះ​ថា​៖ «​ទឹក​គឺជា​ជីវិត​របស់​យើង ដោយសារតែ​នៅក្នុង​សហគមន៍​របស់​យើង ៨០% គឺជា​តំបន់កសិកម្ម ដែល​យើង​ត្រូវ​ដាំ​ដំណាំ​ពេញ​មួយឆ្នាំ​»​។​
 
​នៅ​ឆ្នាំនេះ រដ្ឋាភិបាល​ថៃ​បានប្រកាស​ពី​មហន្តរាយ​គ្រោះរាំងស្ងួត​នៅក្នុង​ខេត្ត​ចំនួន ២៣ រួមមាន​ខេត្ត Nong Khai ដែលជា​ខេត្ត​នៅជាប់​នឹង​ព្រំប្រទល់​ឡាវ និង​រង​ផលប៉ះពាល់​ខ្លាំង​ដោយសារតែ​ទំនប់ទឹក​ខាងលើនេះ​។​
 
​កាលពី​ខែតុលា ឆ្នាំមុន ក្រុមហ៊ុន Xayaburi Power Co. Ltd. បាន​បញ្ជាក់ថា គម្រោង​នេះ​បាន​ចំណាយ​ទឹកប្រាក់​ជាង ១៩ ពាន់ ៤ រយ​លាន​បាត ដែល​ស្មើនឹង ៦៤០ លាន​ដុល្លារ ដើម្បី​កាត់បន្ថយ​ផលប៉ះពាល់​អវិជ្ជមាន​ទៅលើ​បរិស្ថាន ដូចជា​ការសាងសង់​ក​ន្លែ​ង​សម្រាប់​កករ​ឆ្លងកាត់ និង​លំហូរ​ទឹក និង​កន្លែង​ដើម្បីឱ្យ​ត្រី​អាចធ្វើ​ដំណើរ​ឆ្លងកាត់​បា​ន​។​
 
​លោក Apinan Uttama ដែលជា​មេភូមិ និយាយថា ការផ្លាស់ប្តូរ​កម្រិត​ទឹក​អាច​ដោះស្រាយ​បានតែ​តាមរយៈ​ការសហការ​ក្នុងចំណោម​ប្រទេស​រង​ផលប៉ះពាល់​ប៉ុណ្ណោះ ជាពិសេស​ក្នុង​រដូវប្រាំង ដែល​កាន់តែ​ក្តៅ​ខ្លាំង​ទៅៗ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​។​
 
​មេភូមិ​វ័យ ៥២ ឆ្នាំ​រូបនេះ មានកំណើត​នៅ​ភូមិ​ជាប់​ទន្លេ​ឈ្មោះថា Ban Maw​។ លោក​បាន​និយាយថា​៖ «​យើង​ត្រូវ​រក​មធ្យោបាយ​ដើម្បី​អាច​រស់​ជាមួយគ្នា​បាន ដោយសារតែ​ឥឡូវនេះ អ្នកភូមិ​មិនមាន​ជម្រើស​ផ្សេង​នោះទេ និង​មិនដឹងថា​ត្រូវធ្វើ​អ្វី​ដែរ​»​។​
 
​លោក​Uttama បាន​និយាយថា​៖ «​យើង​អាច​បានតែ​ស្នើសុំ​ការជួយ​ពី​រដ្ឋាភិបាល​ដើម្បី​យកគំនិត​របស់​យើង​ទៅ​និយាយ​ជាមួយនឹង​ស្ថាប័ន​នានា​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​ទំនប់​វា​រី​អគ្គិសនី និង​ចរចា​រវាង​ប្រទេស​ទាំងនោះ​»​។​
 
​អ្នកតំណាង​នៃ​ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី​ថៃ​និយាយថា ពួកគេ​នឹង​ជួប​ជាមួយនឹង​បណ្តាញ​ពលរដ្ឋ​ថៃ​នៅ​ខេត្ត​ជាប់​ទន្លេមេគង្គ​ទាំង ៨ នៅក្នុង​ខេត្ត Nong Khai នៅ​ខែមេសា​នេះ ដើម្បី​វាយតម្លៃ​លើ​ស្ថានភាព​នេះ​។​
 
​លោក Tanaporn Sriyamoon បាន​និយាយថា​៖ «​ឥឡូវនេះ​រដ្ឋាភិបាល​បាន​បញ្ជូន​បញ្ហា​នេះ​ទៅកាន់​ការិយាល័យ​គោលនយោបាយ​ផែនការ​រួចហើយ​ដើម្បី​សិក្សា និង​ចុះទៅ​ទីតាំង និង​ធ្វើ​របាយការណ៍​ពេញលេញ​មួយ​ដើម្បី​ដាក់ជូន​ដោយផ្ទាល់​ទៅឱ្យ​ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី​។ ឥឡូវនេះ​យើង​បាន​បង្កើត​ក្រុមការងារ​ដើម្បី​ធ្វើការ​លើ​បញ្ហា​ទន្លេមេគង្គ ដើម្បី​ស្វែងរក​ដំណោះស្រាយ និង​រៀប​ផែនការ​ស្តារ​ទន្លេមេគង្គ​ឡើងវិញ​»៕
 

© រក្សាសិទ្ធិដោយ thmeythmey.com