អន្តរជាតិ
លោក ត្រាំ និង​លោក បៃ​ឌិន ប្រជែង​គ្នា​អូសទាញ​អ្នកគាំទ្រ​លោក សេន​ដឺ
09, Apr 2020 , 3:02 pm        
រូបភាព
​លោក ចូ បៃ​ឌិន ដែលមាន​សង្ឃឹម​ក្លាយជា​បេក្ខជន​ប្រធានាធិបតី​តំណាង​បក្ស​ប្រជាធិបតេយ្យ បាន​អំពាវនាវ​ឲ្យ​អ្នកគាំទ្រ​បក្ស​ទាំងអស់​រួបរួម​ដើម្បី​សម្រេច​គោលដៅ​ឈានទៅ​គ្រប់គ្រង​សេត​វិមាន​។ នៅ​ថ្ងៃទី​៨ ខែមេសា លោក បៃ​ឌិន បានស្នើ​ឲ្យ​អ្នកគាំទ្រ​លោក បេន​នី សេន​ដឺ ចូលរួម​ជាមួយ​លោក ក្រោយ​លោក សេន​ដឺ បោះបង់​ការ​ប្រជែង​កៅអី​បេក្ខជន​តំណាង​បក្ស​ហើយ​នោះ​។ ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ក៏បាន​បោះដៃ​ទៅរក​អ្នកគាំទ្រ​លោក សេន​ដឺ ផងដែរ​។​

 
​នៅ​ថ្ងៃទី​៨ ខែមេសា​លោក បេន​នី សេន​ដឺ បានប្រកាស​ដកខ្លួន​ចេញពី​បេក្ខភាព​ប្រជែង​តំណែង​ប្រធានាធិបតី​អាមេរិក​ពី​ខាង​គណបក្ស​ប្រជា​ធិ​តេ​យ្យ​។ ការដកខ្លួន​របស់​អ្នកនយោបាយ​វ័យ​៧៨​ឆ្នាំ​រូបនេះ មានន័យថា អតីត​អនុ​ប្រធានាធិបតី​អាមេរិក ចូ បៃ​ឌិន តែ​ម្នាក់​គត់​ដែល​ត្រូវ​ត្រៀមខ្លួន​ប្រជែង​ជាមួយ​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ពី​គណបក្ស​សាធារណរដ្ឋ សម្រាប់​ការបោះឆ្នោត​ខែវិច្ឆិកា​ខាងមុខ​។ 
 
​ពេលនេះ អ្នកគាំទ្រ​របស់លោក សេន​ដឺ កំពុង​ក្លាយជា​មុខសញ្ញា​អូសទាញ​របស់លោក បៃ​ឌិន និង​លោក ត្រាំ ។ ក្រោយ​លោក សេន​ដឺ ប្រកាស​ផ្អាក​យុទ្ធនាការ លោក បៃ​ឌិន និយាយ​សរសើរ​អតីត​គូប្រជែង​របស់ខ្លួន​ថា ជា​មនុស្ស​ល្អ មេដឹកនាំ​អស្ចារ្យ និង​ជា​សំឡេង​ដ៏​មាន​ឥទ្ធិពល​បំផុត​ដើម្បី​ការផ្លាស់ប្ដូរ​ក្នុងប្រទេស​។ លោក បៃ​ឌិន បានស្នើ​ឲ្យ​អ្នកគាំទ្រ​លោក សេន​ដឺ ចូលរួម​ក្នុង​យុទ្ធនាការ​របស់លោក ដូច​អ្នកគាំទ្រ​បេក្ខជន​ដទៃទៀត​។​
 
​អ្នកគាំទ្រ​លោក សេន​ដឺ ភាគច្រើន​មកពី​វណ្ណៈ​កម្មករ​ដែល​កម្លាំង​ដ៏​សំខាន់​សេដ្ឋកិច្ច​អាមេរិក​។ កាលពី​ឆ្នាំ​២០១៦ លោក ត្រាំ ទទួលបាន​ការគាំទ្រ​ខ្លាំង​ពី​អ្នកបោះឆ្នោត​មកពី​ក្រុម​ប្រជា​ជននេះ​ទើប​អាច​ទទួល​សំឡេង​ច្រើន​។ 
 
«​ខ្ញុំ​ឃើញ​អ្នក​។ ខ្ញុំ​ឮ​សំឡេង​អ្នក ហើយ​ខ្ញុំ​យល់​ពី​ភាព​បន្ទាន់​នៃ​អ្វីដែល​យើង​ត្រូវធ្វើ​ដើម្បី​ប្រទេសជាតិ​។ ខ្ញុំ​សង្ឃឹមថា អ្នកនឹង​ចូលរួម​ជាមួយ​យើង​។ អ្នក​ត្រូវបាន​ស្វាគមន៍៍​...​។​» លោក បៃ​ឌិន និយាយ​បែបនេះ​ក្នុង​សារ​ទៅកាន់​អ្នកគាំទ្រ​លោក សេន​ដឺ និង​របស់លោក​ផ្ទាល់​។ ជាមួយនឹង​ក្ដីសង្ឃឹម​ស្ទើរ​មួយរ​ភាគរយ​ទៅហើយនោះ លោក បៃ​ឌិន ក៏បាន​បញ្ជាក់​ជាថ្មី បេក្ខភាព​អនុ​ប្រធានាធិបតី​របស់លោក​សម្រាប់​ការបោះឆ្នោត​ខាងមុខ នឹង​នៅតែ​ជា​ស្ត្រី​ដដែល​។ 
 
​លោក ត្រាំ ឯណោះ​វិញ ក៏​សំលឹង​ឃើញ​អ្នកគាំទ្រ​លោក សេន​ដឺ ដែរ ប៉ុន្តែ​វិធីសាស្ត្រ​ទាក់ទាញ​របស់លោក​ខុសពី​លោក បៃ​ឌិន ។ លោក ត្រាំ បាន​សរសេរ​លើ Twitter ថា លោក សេន​ដឺ ចាកចេញ​ហើយ ដូចនេះ​មនុស្ស​របស់លោក​គួរ​ចូលរួម​ជាមួយ​បក្ស​សាធារណរដ្ឋ​វិញ​ដើម្បី​បន្ត​នយោបាយ​ពាណិជ្ជកម្ម​។ លោក ត្រាំ ក៏​ឆ្លៀត​និយាយ​បញ្ឈឺ​លោក សេន​ដឺ ថា សំឡេង​ក្រុម​សេរីនិយម​ក្នុង​បក្ស​ប្រជាធិបតេយ្យ ត្រូវបាន​បំបែក​ដោយសារ​អ្នកស្រី Elizabeth Warren បន្ត​ប្រជែង ហើយ​លោក បៃ​ឌិន ក៏​ឈ្នះ​ទៅ​៕

Tag:
 អាមេរិក​
  ដូ​ណា​ល់ ត្រាំ​
  ចូ បៃ​ឌិន​
  បេន​នី សេន​ឌឺ
© រក្សាសិទ្ធិដោយ thmeythmey.com