COVID-19
អន្តរជាតិ
កោះ​បាលី​របស់​ឥណ្ឌូណេស៊ី យក​ស្រា​ច្នៃ​ធ្វើ​ទឹក​លាងដៃ​ជំនួស​អាល់កុល
09, Apr 2020 , 7:19 pm        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
​កោះ​បាលី ឥណ្ឌូណេស៊ី បាន​យក​ស្រា​មក​ធ្វើជា​ទឹក​លាងដៃ ជំនួយ​ទឹក​អាល់កុល ដើម្បី​សម្លាប់​កូ​រ៉ូ​ណាវី​រុស​។ ការប្រើប្រាស់​ស្រា​នេះ គឺធ្វើឡើង​បន្ទាប់ពី​ទឹក​អាល់កុល​មានតម្លៃ​ថ្លៃ និង​ខ្វះខាត​នៅលើ​កោះ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP នា​ថ្ងៃទី​៩ ខែមេសា​។


 
​ជា​កោះ​ទេសចរណ៍​ដ៏​ល្បី​ប្រចាំ​ឥណ្ឌូណេស៊ី និង​ពិភពលោក កោះ​បាលី​បាន​យក​ស្រា​មក​ធ្វើជា​ទឹក​លាងដៃ​ជំនួយ​ឲ្យ​ទឹក​អាល់កុល ដែល​កំពុងតែ​ខ្វះខាត និង​មានតម្លៃ​ថ្លៃ​។ ការយក​ស្រា​ធ្វើជា​ទឹក​លាងដៃ​នេះ គឺ​កើតចេញពី​គំនិត​របស់​មេ​ប៉ូលិស​ប្រចាំ​កោះ លោក Petrus Reinhard Golose​។ ដោយសារតែ​ខ្វះខាត​ទឹក​អាល់កុល លោក Petrus បាន​យក​ស្រា Arak ប្រភេទ​ស្រា​ខ្លាំង​របស់​ឥណ្ឌូណេស៊ី ប្រមាណ ៤​ពាន់​លីត្រ ដែល​បានមកពី​ការទិញ និង​បរិច្ចាគ​ពី​អ្នកស្រុក​។ 
 
​កិច្ចការ​បន្ទាប់ គឺជា​បន្ទុក​របស់​សក​ល​វិទ្យាល័យ Udayana ដើម្បី​ប្រែក្លាយ​ពី​ស្រា ទៅជា​ទឹក​លាងដៃ ដែល​អាចមាន​ប្រសិទ្ធភាព​ក្នុងការ​សម្លាប់​កូ​រ៉ូ​ណាវី​រុស​។ បើ​សកល​វិទ្យាល័យ ក្នុង​រយៈពេល​មួយ​សប្តាហ៍ គេ​អាចបង្កើត​ប្រភេទ​ស្រា​មួយ​ប្រភេទ ដែលមាន​ជាតិ​អាល់កុល​រហូតដល់ ៩៦​ភាគរយ និង​ស្របតាម​ស្តង់ដារ​របស់​អង្គការ​សុខភាព​ពិភពលោក​។ ទឹក​លាងដៃ​នេះ នឹងមាន​ផ្សំ​ពី​ប្រេង​ជី​អ​ង្កា​ម និង​ផ្កា​មួយ​ប្រភេទ​។ 
 
​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AFP សកលវិទ្យា​ធិ​ការ​របស់ Udayana បាន​បញ្ជាក់ថា កន្លងមក​ខាង​សកលវិទ្យា​ល័យ បាន​ផលិត​ទឹក​លាងដៃ ១០៦០០ ដប​រួចមកហើយ ដោយមាន​ដាក់ Arak ហើយ​ប៉ូលិស​កោះ​បាលី ក៏បាន​ឲ្យ​វា​ទៅ​ឲ្យ​ប្រជាជន ដែល​កំពុង​ត្រូវការ​ផងដែរ​។​
 
​សូមបញ្ជាក់ថា គិត​មក​ត្រឹម​ពេលនេះ ឥណ្ឌូណេស៊ី​មាន​ករណី​COVID-19 សរុប​២៩៥៦ ករណី អ្នកស្លាប់ ២៤០​ករណី និង​អ្នកជា​សះស្បើយ​២២២​ករណី​។ គ្រាន់តែ​នៅលើ​កោះ​បាលី​មាន​កូ​រ៉ូ​ណាវី​រុស​ចំនួន ៤៩​ករណី និង​ស្លាប់ ២​នាក់​៕

Tag:
 ឥណ្ឌូណេស៊ី​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com