វត្ត​ខ្លះ​មាន​ស្បៀង​បម្រុង​ទុក ខណៈ​ពិធីបុណ្យ​ចូលឆ្នាំ​ត្រូវបាន​ផ្អាក​
ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សង្រ្កាន្តឆ្នាំថ្មី
វត្ត​ខ្លះ​មាន​ស្បៀង​បម្រុង​ទុក ខណៈ​ពិធីបុណ្យ​ចូលឆ្នាំ​ត្រូវបាន​ផ្អាក​
09, Apr 2020 , 8:39 pm        
រូបភាព
​ភ្នំពេញ​៖ ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ ឆ្នាំជូត ឯកស័ក ពុទ្ធសករាជ​២៥៦៣ ដែល​ត្រូវ​ចូលមក​ដល់​នៅ​ថ្ងៃទី​១៣ ១៤ ១៥ និង​១៦ ខែមេសា ត្រូវបាន​ប្រមុខ​រាជរដ្ឋាភិបាល​សម្រេច​ផ្អាក ដើម្បី​ការពារ​ការរីក​រាលដាល​វីរុស​កូ​វីដ​១៩​។ វត្ត​មួយចំនួន​នៅមាន​ស្បៀង​បម្រុង​ទុក  សម្រាប់​ចង្ហាន់​ព្រះសង្ឃ ក្នុង​គ្រា​ដែល​ពិធីបុណ្យ​ចូលឆ្នាំ​ផ្អាក ប៉ុន្តែ​សម្រាប់​ទៅ​ថ្ងៃមុខ​គឺ​មិនទាន់​ដឹង​ឡើយ​។

 
​តទៅ​នេះ​សូម​ស្ដាប់​បទ​យកការណ៍​ដែល​រៀបរៀង​ដោយ​កញ្ញា ប៉ូ សា​គុន ដោយ​មេត្រីភាព​៖



 
​ដើម្បី​ការពារ​ការរីក​រាលដាល​វីរុស​កូ​វីដ​១៩ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បានសម្រេច​ផ្អាក​ការ​ប្រារព្ធ​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណីជាតិ នៅ​ទូទាំងប្រទេស​។ ជាធម្មតា​នៅ​រាល់ពេល​មាន​ពិធីបុណ្យ​ប្រពៃណីជាតិ​ធំៗ ដូចជា​ចូលឆ្នាំថ្មី ឬ​ភ្ជុំបិណ្ឌ​ជាដើម​ក្ដី វត្ត​អារាម​អាចនិយាយបាន​ថា​ជា វេលា​បរិបូរ​ចង្ហាន់​និង​ភោជនាហារ​ផ្សេងៗ ជាង​ថ្ងៃ​ធម្មតា​។ នៅ​ឆ្នាំនេះ​បើទោះបី​មិនមាន​ពិធីបុណ្យ​ចូលឆ្នាំ​ក្ដី តែ​វត្ត​មួយចំនួន មាន​ស្បៀង​បម្រុង​ទុក ដើម្បី​ផ្គត់ផ្គង់​ចង្ហាន់​ព្រះសង្ឃ​ខ្លះ​ដែរ​។ 
 
​មាន​តួនាទី​ជា​អ្នករៀបចំ​ចង្ហាន់​សម្រាប់​ព្រះសង្ឃ​នៅក្នុង​វត្ត សារី​សាគរ​ដូន​ស្ដើង ដែល​ស្ថិត​ក្នុងស្រុក​ព្រះស្ដេច​ខេត្តព្រៃវែង ដូនជី ឌឹ​ម ទូច បាន​ឆ្លើយ​ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​ថា តាំងពី​មាន​វីរុស​កូ​វីដ​១៩​មក វត្ត​ខាងលើ​មិនសូវមាន​ពុទ្ធបរិស័ទ​យក​ចង្ហាន់​ទៅ​ប្រគេន​ព្រះសង្ឃ​ឡើយ​។ ការណ៍​នេះ​បានធ្វើឱ្យ​វត្ត សារី​សាគរ​ដូន​ស្ដើង មាន​វិបត្តិ​ចង្ហាន់​ខ្លះ​ដែរ​។ តែ​ទោះបីជា​មិនមាន​ពុទ្ធបរិស័ទ នាំយក​ចង្ហាន់​ទៅ​ច្រើន​កុះករ​ដូច​ពីមុន​ក្ដី តែ​វត្ត​នេះ​មាន​អង្ករ​និង​បន្លែ​ដែល​ដាំ​នៅក្នុង​វត្ត​ស្រាប់ ដើម្បី​ធ្វើជា​ចង្ហាន់​សម្រាប់​ព្រះសង្ឃ ។​ដូនជី ឌឹ​ម ទូច រៀបរាប់​ដូច្នេះ​៖«​ជួប​វិបត្តិ​ចង្ហាន់​ខ្លះ​ដែរ តែ​បាន​សង្គ្រាជ​វត្ត ជួយ​ផ្គត់ផ្គង់​សម្រាប់​ការទិញ​ម្ហូប​។ បន្ថែ​ដាំ​ខ្លួនឯង មាន​ស្ពៃ ត្រប់ ពោត ល្ហុង ខ្នុរ ស្វាយ មាន​ច្រើន ហើយ​បានធ្វើ​ស្រូវ​ខ្លួនឯង​។ ព្រះសង្ឃ​ធ្វើ​នៅមុខ​វត្ត​ប្រហែលជា​មិន​ដល់​មួយ​ហិកតា​ទេ​។ ហើយ​មាន​អង្ករ​ខ្លះ ពុទ្ធបរិស័ទ​ជំនួយ​ខ្លះ​ដែរ​»​។


 
​មាន​ជន្មាយុ​៦៣​ឆ្នាំ ដូនជី ឌឹ​ម ទូច ដែល​បាន​ចូល​បម្រើ​ក្នុង​វត្ត សារី​សាគរ​ដូន​ស្ដើង ប្រមាណ​ជា​១០​ឆ្នាំ​មកហើយ​នោះ បាន​ប៉ាន់ប្រមាណ​ថា ដ្បិត​គ្មាន​ពិធីបុណ្យ​ចូលឆ្នាំ​ក្តី ក៏​ទំនងជា​ពុទ្ធបរិស័ទ​នៅតែ​យក​ចង្ហាន់​ទៅ​ប្រគេន​ព្រះសង្ឃ​ក្នុង​ចំនួន​ណាមួយ​ដែរ​។ ប៉ុន្តែ​អ្វីដែល​ដូនចាស់​រូបនេះ  មិនអាច​ប្រាកដ​បាន​នោះ​គឺ ចង្ហាន់​ទៅ​ថ្ងៃ​ខាងមុខ​បន្តបន្ទាប់​ទៀត​។​«​ថ្ងៃសីល​ធម្មតា​មិនសូវ​ជាមាន​ពុទ្ធបរិស័ទ​មក​ច្រើន​ទេ ប្រហែលជា​១០​នាក់​ជាង​។ នៅ​ថ្ងៃ​ចូលឆ្នាំ​ខ្ញុំ​គិតថា​មិន​អត់​ទេ ត្រូវតែ​មក​តិចក្ដី​ច្រើនក្ដី​។ បើសិនជា​មិនមាន​ពុទ្ធបរិស័ទ​ទេ វត្ត​នៅមាន​អង្ករ​និង​ស្រូវ​ខ្លះ​ដែរ តម្កល់​ទុកពេល​អត្តខាត់​។ តែ​ទៅ​ថ្ងៃមុខ​ទៀត​ក៏​ខ្ញុំ​មិនដឹង​ដែរ​»​។​នេះ​ជាការ​បញ្ជាក់​របស់​ដូនចាស់ ឌឹ​ម ទូច​។​
 
​ចំណែក​វត្ត​បឹង​កុក ដែល​ស្ថិតក្នុង​ខេត្តកំពង់ចាម​វិញ ក៏​មិន​បារម្ភ​ពី​ចង្ហាន់​ព្រះសង្ឃ​ខ្លាំង​ដែរ​។ លោក ពៅ ឈឺ​ត ដែលជា​គណៈកម្មការ​វត្ត ក៏បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាមរយៈ​ទូរ​សព្ទ​ដែរ​ថា វត្ត​បឹង​កុក​ទីពឹង​ទាំងស្រុង​ទៅលើ​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត ក្នុងការ​ផ្គត់ផ្គង់​ចង្ហាន់​ព្រះសង្ឃ​។  លោ ក ពៅ ឈឺ​ត ពន្យល់​ដូច្នេះ​៖«​វត្ត​យក​ស្រាក់​ទៅ​ដាក់​តាម​ផ្ទះ​អ្នកភូមិ​ដែលជា​ម្ចាស់​វេន​រៀប​ចង្ហាន់​។ មួយ​ផ្ទះ​គេ​ទទួល​មួយ​ស្រាក់ ហើយ​មួយ​ស្រា​ក់មាន​៥​ចាន​។ យើង​ដាក់​ពី​ល្ងាច ហើយ​ម៉ោង​១០​ព្រឹក​យើង​ទៅយក អ៊ីចឹង​វត្ត​មិន​ធ្វើ​ចង្ហាន់​ទេ មានតែ​ដើរ​សុំ​គេ​តាម​ផ្ទះ​ហ្នឹង​។ មាន​តិចតួច​ណាស់​រឿង​យក​ចង្ហាន់​មកដល់​វត្ត​។ យើង​ដាក់​ស្រាក់​ហ្នឹង យើង​មាន​រ៉ឺម៉ក​ដើម្បី​ដាក់​តាម​ផ្ទះ ហើយ​មិនមែន​ដាក់​រាល់ថ្ងៃ​ទេ ផ្ទះមួយ​ហ្នឹង ១​ខែ​ឬ​កន្លះ​ខែ​ឯណោះ​ទើប​ដល់​ម្ដង​»​។


 
​បើតាម​ការបញ្ជាក់​ពី​គណៈកម្មការ​វត្ត​បឹង​កុក លោក ពៅ ឈឺ​ត ដែលមាន​ជន្មាយុ​៧៤​ឆ្នាំ អារាម​នេះ មាន​ព្រះសង្ឃ​ជាង​២០០​អង្គ មក​គង់​អាស្រ័យ​ដើម្បី​សិក្សា​រៀនសូត្រ ដូច្នោះ​ហើយ​ទើប​តម្រូវឱ្យមាន​វេន​រៀប​ចង្ហាន់​តាម​ផ្ទះ​។​«​ដាក់​រហូតដល់​២​ឃុំ​ឯណោះ​ចូល​៣​ឃុំ​ផង គឺ​ឃុំ​បឹង​កុក ឃុំ​កំពង់ចាម ឃុំ​វាលវង់​។ នៅពេល​ចូល​កង​វិញ​(​ពេល​ព្រះសង្ឃ​ចូលរៀន​) ដើរ​ដាក់​តាម​ផ្ទះ​មាន​៥០​ទៅ​៧០​ស្រាក់​អ៊ីចឹងទៅ ប៉ុន្តែ​ឥឡូវ​មានតែ​ប្រហែល​២០​ស្រាក់​ប៉ុណ្ណឹង​ទេ​។ កាលពី​ដើមឡើយ​លោក​ឆាន់​តាម​កុ​ដ្ឋ​ជា​ឯកជន​ខ្លះ គឺ​លោក​អ្នកមាន​ចេះតែ​រៀន​ទៅ ហើយ​លោក​អ្នកក្រ​រៀន​ត្រឹម​ម៉ោង​៩​ចុះទៅ​បិណ្ឌបាត​ខ្លួនឯង ដល់​អ៊ីចឹង​ការរៀនសូត្រ​ហ្នឹង​មិន​ពេញលក្ខណៈ​ទេ ដូច្នោះ​ហើយ​ចៅអធិការ​វត្ត ក៏​សម្រេច​ថា​ត្រូវ​ឆាន់​រួម​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក ពៅ ឈឺ​ត​។​
 
​ជា​រៀងរាល់ឆ្នាំ វត្ត​បឹង​កុក មិន​យក​ចានស្រាក់​ទៅ​ដាក់​តាម​ផ្ទះ​ម្ចាស់​វេន​ឡើយ ពោលគឺ​ពុទ្ធបរិស័ទ​យក​ចង្ហាន់​ទៅ​វត្ត​ដោយ​ខ្លួនឯង នៅ​ថ្ងៃ​ចូលឆ្នាំ​។ មិនតែប៉ុណ្ណោះ វត្ត​នេះ​ក៏​នាំយក​បាយ​ម្ហូប​នំចំណី ដែលមាន​បរិបូរ​នោះ ទៅ​ចែកជូន​នៅតាម​មន្ទីរពេទ្យ​ឱ្យ​អ្នកជំងឺ​ផងដែរ​។ ប៉ុន្តែ​នៅក្នុង​កាលៈទេសៈ​មាន​កូ​វីដ​១៩​នេះ ទំនងជា​វត្ត​បឹង​កុក​ត្រូវ​អត្តខាត់​ខ្លះ​ហើយ​។ លោក ពៅ ឈឺ​ត បញ្ជាក់​ដូច្នេះ​៖«​កាល​ឆ្នាំ​មុនពេល​ចូលឆ្នាំ​ពុទ្ធបរិស័ទ​យក​ចង្ហាន់​ទៅ​ផ្ទាល់ តែ​ឆ្នាំនេះ​ដោយសារ​មាន​ជំងឺ​រាតត្បាត ដូច្នេះ​នៅតែ​យក​ចានស្រាក់​ទៅ​ដាក់​តាម​ផ្ទះ​ដដែល​។ កាល​ព្រះសង្ឃ​គោចរ​បិណ្ឌបាត​ដូចជា​ពិសាខបូជា​អ៊ីចឹង បាន​មី​ប្រហែលជា​១០០​កេះ​ឯណោះ និង​ទឹក​សុទ្ធ​ផង ហើយ​មី​ហ្នឹង​មិនទាន់​អស់​ទេ ហើយ​អង្ករ​នៅមាន​ប្រហែលជា​១០​បាវ​ដែរ​»​។


 
​ងាក​ទៅ​វត្ត​ឯ​ខេត្តសៀមរាប​វិញ​ម្ដង ដូនចាស់​មួយរូប​សុំ​មិន​បញ្ចេញ​ឈ្មោះ ដែលមាន​ជន្មាយុ​៧៥​ឆ្នាំ មាន​តួនាទី​រៀប​ចង្ហាន់​សម្រាប់​ព្រះសង្ឃ​ក្នុង​វត្ត​ព្រះឥន្ទ​កោ​សី ក៏បាន​បញ្ជាក់ថា ថ្ងៃ​ខ្លះ​មាន​ពុទ្ធបរិស័ទ​ក្នុង​ចំនួន​តិច​យក​ចង្ហាន់​ទៅ​ប្រគេន​ព្រះសង្ឃ ដូច្នេះ​ដូនចាស់​ត្រូវ​ចម្អិន​អាហារ​បន្ថែម​។ ដូច​វត្ត​ទាំង​២​ខាងលើ​ដែរ វត្ត​ព្រះឥន្ទ​កោ​សី មាន​ស្បៀង​បម្រុង​ទុក​ខ្លះ សម្រាប់​ផ្គត់ផ្គង់​ចង្ហាន់​ព្រះសង្ឃ​ដែល​គង់នៅ​ជាង​២០​អង្គ​នោះ​។ ដូនចាស់​រូបនេះ បានបញ្ជាក់​ដូច្នេះ​ថា​៖«​បាន​ចង្ហាន់​រាល់​តែ​ថ្ងៃ ជួន​កាលបើ​ថ្ងៃ​ណា​អត់ ក៏​ខ្ញុំ​ធ្វើ​ចង្ហាន់​ទៅ បើ​ថ្ងៃ​ណា​មាន​ពុទ្ធបរិស័ទ​មក ក៏​ខ្ញុំ​មិនបាន​ធ្វើ​។ ទោះ​មិនមាន​ចូលឆ្នាំ ក៏​ខ្ញុំ​គិតថា​នៅតែមាន​ពុទ្ធបរិស័ទ​មក​មួយៗ​ដែរ គេ​មក​ប្រគេន​តែ​លោក​រួច​ក៏​ទៅវិញ​។ ទោះ​អត់​មាន​អ្នកយក​ចង្ហាន់​មក ក៏​វត្តមាន​ចង្ហាន់​សម្រាប់​ព្រះសង្ឃ​ដែរ​។ មាន​ប្រហុក អំបិល បន្តិច​ប​ន្ទួ​ត​ត្រៀម​ទុក នៅពេលដែល​ដាច់​ប្រាក់​ក៏​យកមក​ធ្វើទៅ​»​។​
 
​បើទោះបីជា​វត្ត​ទាំង​៣​ខាងលើ មិនទាន់​ជួប​បញ្ហា​អត្តខាត់​ចង្ហាន់​ព្រះសង្ឃ​ក្ដី ប៉ុន្តែ​វា​ក៏​ក្តីបារម្ភ​ដែរ​។ ជាពិសេស​វត្ត​នៅក្នុង​តំបន់​ដាច់ស្រយាល ដែល​អាច​ជួប​វិបត្តិ​អត្តខាត់​ចង្ហាន់​ខ្លះ​ហើយ​ដែរ​។ តាម​ពិសោធន៍​កាលពី​ឆ្នាំមុនៗ គឺ​នៅ​គ្រា​ដែល​មិនទាន់មាន​កូ​វីដ​១៩ វត្ត​នៅ​តំបន់​ដាច់ស្រយាល​ខ្លះ មិនមាន​ពុទ្ធបរិស័ទ​យក​ចង្ហាន់​ទៅ​ប្រគេន​ឡើយ ក្រោម​ហេតុផល​នៅ​ដាច់​ឆ្ងាយ​ពី​ភូមិ​ពេក និង​មាន​ហេតុផល​មួយចំនួនទៀត​។​
 
​បើតាម​លោក សេង សុ​មុនី អ្នកនាំពាក្យ​ក្រសួង​ធម្មកា និង​សាសនា បានបញ្ជាក់​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា បើទោះបី​មិនមាន​ការ​ប្រារព្ធ​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណីជាតិ​នៅ​ទូទាំងប្រទេស​ក្ដី ប៉ុន្តែ​គ្រប់​វត្ត​អារាម​នៅតែ​អាច​រៀបចំ​ពិធី​សាសនា តាម​ទំនៀមទម្លាប់​បាន ដូចជា​ពិធី​ស្រង់ទឹក​ព្រះ និង​ពិធី​ពូន​ភ្នំខ្សាច់ ដោយ​ត្រូវធ្វើ​ក្នុង​ចំនួន​មនុស្ស​តិច​អាច​២​នាក់​ឬ​៣​នាក់​ប៉ុណ្ណោះ​។ ចំពោះ​ការ​រាំលេង​កម្សាន្ត ឬ​ការលេង​ល្បែង​ប្រជាប្រិយ ឬ​ការជួបជុំ​គ្នាច្រើន គឺ​ត្រូវបាន​ហាមឃាត់​។​
 
​ទោះជា​យ៉ាងណាក៏ដោយ ក្រសួង​ធម្មការ​និង​សាសនា លើកទឹកចិត្ត​ឱ្យ​ពុទ្ធបរិស័ទ​យក​ចង្ហាន់​ទៅ​ប្រគេន​ព្រះសង្ឃ ដោយ​ត្រូវ​រក្សា​គម្លាត​ឱ្យ​ឆ្ងាយ​ពីគ្នា ឬ​ចូល​ប្រគេន​ព្រះសង្ឃ​ក្នុង​ចំនួន​មនុស្ស​តិច​។ ហើយ​គ្រប់​វត្ត​អារាម​នៅ​ទូទាំងប្រទេស ត្រូវ​រៀបចំ​ទឹក​អាល់កុល សាប៊ូ ឬ ជែ​ល​លាងដៃ និង​ម៉ាស់ គ្រប់​ពេលដែល​ព្រះ សង្ឃ​ប្រតិបត្តិ​ធម៌​៕

Tag:
 វត្ត​
  ចង្ហាន់​
  ស្បៀង​
  ចូលឆ្នាំ​
© រក្សាសិទ្ធិដោយ thmeythmey.com