COVID-19
អន្តរជាតិ
សុខភាព​លោក ច​ន​សុន ធូរស្រាល តែ​ត្រូវ​បន្ត​សម្រាក​នៅ​បន្ទប់ ICU
09, Apr 2020 , 10:39 pm        
រូបភាព
នាយករដ្ឋមន្ត្រីអង់គ្លេស បូរីស ចនសុន (AFP)
នាយករដ្ឋមន្ត្រីអង់គ្លេស បូរីស ចនសុន (AFP)
ដោយ:
​ស្ថានភាព​ជំងឺ​នាយករដ្ឋមន្ត្រី​ចក្រភព​អង់គ្លេស បូរី​ស ច​ន​សុន កំពុង​វិល​ត្រលប់​ទៅរក​ភាព​ធូរស្រាល  កាលពី​ថ្ងៃទី​៨ ខែមេសា ខណៈ​លោក​បាន​សម្រាក​ព្យាបាល COVID-19 ពីរ​ថ្ងៃ​ក្រោយមក​នៅ​បន្ទប់ សង្គ្រោះ ICU ។​

 
​ថ្លែង​នៅ​សន្និសីទ​ព័ត៌មាន​មួយ រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​អង់គ្លេស Rishi Sunak បញ្ជាក់ថា បើតាម​ព័ត៌មាន​ចុង​ក្រោយពី​មន្ទីរពេទ្យ លោកនាយក​រដ្ឋមន្ត្រី នឹង​បន្ត​សម្រាក​ព្យាបាល​នៅ​បន្ទប់សង្គ្រោះបន្ទាន់ ICU ។ យ៉ាងណាមិញ លោក​អះអាងថា ស្ថានភាព​ជំងឺ​លោក ច​ន​សុន កំពុង​វិល​ទៅរក​ភាព​ធូរស្រាល​។ ជាក់ស្តែង លោក​បាន​ងើប​អង្គុយ ហើយ​ជជែក​លេង​ជាមួយ​ក្រុមគ្រូពេទ្យ​។ នេះ​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP ។​
 
​ការធ្វើ​បច្ចុប្បន្នភាព​ពី​ស្ថានភាព​ជំងឺ​របស់លោក ច​ន​សុន ធ្វើឡើង​ខណៈ​កាសែត​ក្នុងស្រុក​ធំៗ​បាន​ទទូច​ឲ្យ​ពលរដ្ឋ​អង់គ្លេស​ចងចាំ​ពាក្យ​ផ្ដាំផ្ញើ​របស់​ប្រមុខ​ដឹកនាំ​ពួកគេ​នៅក្នុង​ចិត្ត ដោយ​ការអនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​បទបញ្ជា​បិទ​ប្រទេស​ក្នុង​គោលដៅ​ប្រយុទ្ធ COVID-19 ។ ឥឡូវនេះ ចំណាត់ការ​នេះ ចូលដល់​សប្តាហ៍​ទី​៣​ហើយ​។ 
 
«​លោក (​ច​ន​សុន​) នៅ​កន្លែងធ្វើការ​ដើម្បី​អ្នក ឥឡូវ​សូមអ្នក​ជួយ​បួងសួង​នៅផ្ទះ​សម្រាប់​លោក​»​។ សារព័ត៌មាន​អង់គ្លេស The Sun ចុះផ្សាយ​បែបនេះ​នៅលើ​ទំព័រមុខ​របស់ខ្លួន​។ ចំណែក សារព័ត៌មាន Daily Express ដាក់​ចំណងជើង​នៅ​ទំព័រមុខ​ថា​៖«​លោក បូរី​ស នឹង​ឆ្លងកាត់​គ្រោះ​នេះ​បាន​»​។ 
 
​ដោយ​កាន់​កាតព្វកិច្ច​ជំនួស​លោក ច​ន​សុន រដ្ឋមន្ត្រីការបរទេស​អង់គ្លេស Dominic Raab បាន​ហៅ​លោកនាយក​រដ្ឋមន្ត្រី​ថា «​អ្នក​ប្រយុទ្ធ​» ហើយ​រំពឹងទុក​ថា លោក​នឹង​ត្រលប់មក​ដឹកនាំ​ពលរដ្ឋ​អង់គ្លេស​ទាំងអស់​ឆ្លងកាត់​វិ​វ​ប​ត្តិ​មួយ​នេះ​នាពេល​ឆាប់ៗ​ខាងមុខ​។​
 
​សូមបញ្ជាក់ថា លោកនាយក​រដ្ឋមន្ត្រី ច​ន​សុន ត្រូវបាន​បញ្ជូន​ទៅកាន់​បន្ទប់ ICU កាលពី​ល្ងាច​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​នេះ ក្រោយ​ចំណាយពេល​មួយ​យប់​ថ្ងៃអាទិត្យ​ក្នុង​មន្ទីរពេទ្យ​។ ហើយ​ការបញ្ជូន​លោក​ទៅ​ពេទ្យ​នេះ ធ្វើឡើង​១០​ថ្ងៃក្រោយ​លោក​សម្រាក​ព្យាបាល​COVID-19​នៅផ្ទះ​ដោយ​ខ្លួនឯង តែ​រោគសញ្ញា​ជំងឺ​លោក​នៅតែ​មិន​ធូរស្បើយ​៕

Tag:
 ចក្រភព​អង់គ្លេស​
  COVID-19
  ICU
© រក្សាសិទ្ធិដោយ thmeythmey.com