COVID-19
ជាតិ
រដ្ឋាភិបាល​ផ្អាក​ពិធី​ចូលឆ្នាំ ក៏​ព្រោះតែ​ចង់​ទប់ស្កាត់​ការឆ្លង​រាតត្បាត​ជំងឺ​កូ​វីដ
09, Apr 2020 , 9:08 pm        
រូបភាព
ដោយ: ថ្មីៗ
រដ្ឋាភិបាល បានដាក់​ចេញ​វិធានការ​ជា​បន្តបន្ទាប់ ដោយមាន​គោលបំណង​តែមួយ គឺ​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ រហូតដល់​ផ្អាក​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ និង​សម្រេច​មិន​ឲ្យ​ពលរដ្ឋ ចេញពី​ភ្នំពេញ ចូលទៅ​ខេត្ត ឬ​ចេញពី​ខេត្ត​ចូលមក​ភ្នំពេញ ព្រមទាំង​មិន​ឲ្យ​ធ្វើដំណើរ​ឆ្លងកាត់​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ​។​

 
«​ចូរ​ធ្វើជា​បុគ្គល ដែល​គេ​អប់រំ​បាន​ដោយ​ងាយ​! ចូរ​ធ្វើជា​បុគ្គល​ដែល​អាចយ​ល់ពី​ហេតុផល និង​ដឹង​ពីអ្វី​ដែល​គួរ​ធ្វើ និង​អ្វីដែល​មិនគួរ​ធ្វើ ជាពិសេស​ស្ថិតក្នុង​ស្ថានភាព​មាន​អាសន្ន ដើម្បី​ជៀសផុត​ពី​ក្តី​វិនាស​អន្តរាយ​»​។ ​ការដោះស្រាយ​វិបត្តិ​ប្រទេសជាតិ​នាពេលនេះ មិន​អាស្រ័យ​តែ​ទៅលើ​រដ្ឋាភិបាល​នោះទេ តែ​ក៏​អាស្រ័យ​លើ​ការចូលរួម​របស់​ប្រជាជន​ផងដែរ​។​
 
ប្រជាពលរដ្ឋ​គួរ​យល់ថា រដ្ឋាភិបាល​ប្រាកដជា​មើលឃើញ​ពី​ហានិភ័យ​ធ្ងន់ធ្ងរ​ហើយ ទើប​បានចេញ​វិធានការ​អស់ទាំង​នេះ​។ ស្ថិតក្នុង​ដំណាក់កាល​នេះ ពលរដ្ឋ​គ្មាន​ជម្រើស​អ្វី ក្រៅពី​ការចូលរួម​អនុវត្ត​វិធានការ​របស់​រដ្ឋាភិបាល​នោះទេ​។​ ​ការដែល​ពលរដ្ឋ​យល់ដឹង​ពី​វត្ថុបំណង​របស់​រដ្ឋាភិបាល និង​អនុលោម​តាម​រដ្ឋាភិបាល​នាពេលនេះ គឺជា​គន្លឹះ​ដ៏​សំខាន់ ក្នុងការ​ទប់ស្កាត់​ការ​រាលដាល​ជំងឺ​កូ​វីដ​-១៩ ពីព្រោះថា បើ​ពលរដ្ឋ​មិន​យល់ដឹង​ទេនោះ រាល់​វិធានការ​ទាំង​អម្បាលម៉ាន​របស់​របស់​រដ្ឋាភិបាល អាច​នឹង​គ្មាន​ប្រយោជន៍​។ 
 
​អ្វីដែល​ពលរដ្ឋ ត្រូវធ្វើ​នៅពេលនេះ គឺ​ការ​កាត់ចិត្ត​ទៅ​ជួបជុំ​គ្រួសារ​ត្រឹមតែ​បី​-​បួន​ថ្ងៃ ក្នុងអំឡុង​បុណ្យចូលឆ្នាំ​។ អាច​និយាយ​បែប​ម្យ៉ាង​ទៀតថា សុខចិត្ត​លះបង់​ការសប្បាយ​រយៈពេល​ខ្លី ដើម្បី​សេចក្តីសុខ​រយៈពេល​វែង និង​ដើម្បី​ធានា​ពី​អាយុជីវិត​របស់​យើង ក្រុមគ្រួសារ និង​មនុស្ស​ជាទី​ស្រឡាញ់​របស់​យើង​។ យើង មិនអាច​ដឹង​ច្បាស់​១០០​ភាគរយ​ឡើយ​ថា អ្នកណាខ្លះ អាច​ផ្ទុក​ជំងឺ​កូ​វីដ​-១៩​។ ឧទាហរណ៍​ថា យើង​ខ្លួនឯង បាន​ផ្ទុក​ជំងឺ​កូ​វីដ​-១៩ ហើយ​សុខភាព​យើង នៅមាន​សភាព​ធម្មតា យើង​ក៏​ទៅលេង​ផ្ទះ ជួបជុំ​បងប្អូន ពេលនោះ យើង​អាច​នឹង​ចម្លងជំងឺ​កូ​វីដ​-១៩ ទៅ​សមាជិកគ្រួសារ​។ បើ​រឿង​អកុសល​បែបនេះ កើតឡើង​មែន តើ​យើង​នឹងមាន​វិប្បដិសារី​យ៉ាងណា​? 
 
​ម្យ៉ាងទៀត ទោះបីជា​យើង គ្មាន​ជំងឺ​កូ​វីដ​-១៩ ក៏ដោយ តែ​ពេលធ្វើ​ដំណើរ​តាម​រថយន្ត ក៏​ជា​បញ្ហា​ប្រឈម​ដែរ ដែល​អាចធ្វើ​ឲ្យ​យើង​ឆ្លង​ជំងឺ​នេះ​។ នេះ​គ្រាន់តែ​លើកយក​បុគ្គល​ខ្លួន​យើង​តែ​ម្នាក់ មក​ធ្វើជា​ឧ​ទារ​ហណ៍ គឺ​យើង អាច​មើលឃើញ​ហានិភ័យ​កម្រិត​នេះ​ទៅហើយ ចុះ​ឧបមា​ថា យើង​គ្រប់រូប នាំគ្នា​សម្រុក​ទៅ​ស្រុក​នោះ តើ​ហានិភ័យ មាន​កម្រិតណា​? ការខកខាន​ទៅ​ជួប​ឪពុកម្តាយ​តែម្តង សម្រាប់​ឆ្នាំនេះ គឺ​មិន​ខុសឆ្គង​អ្វី​ឡើយ​។ ផ្ទុយទៅវិញ ការមិន​ទៅ​ស្រុកកំណើត​ពេលនេះ គឺជា​រឿង​ល្អ សម្រាប់​គ្រួសារ​និង​សង្គម ព្រោះថា យើង បាន​ចូលរួមចំណែក​ក្នុងការ​ទប់ស្កាត់​ការ​រាលដាល​ជំងឺ​កូ​វីដ​-១៩​។ ក្រោយ​ស្ថានការណ៍​ជំងឺ​កូ​វី​១៩ ធូរស្បើយ មិន​ខ្វះ​ពេល​ទៅលេង​ស្រុក​និង​ជួបជុំ​គ្រួសារ​នោះទេ​។​
 
​គេ មិនអាច​ភ្លេច​ឡើយ​ពីបទ​ពិសោធ​ដ៏​ជូរចត់​របស់​ចិន​។ ចិន ចាប់ផ្តើម​រាលដាល​ខ្លាំង​នូវ​ជំងឺ​កូ​វីដ​-១៩ នៅក្រោយ​ពិធី​ចូលឆ្នាំ​នេះឯង​។ ទម្រាំ​តែ អាច​ទប់​ទល់នឹង​ជំងឺ​កូ​វីដ​-១៩ និង​ធ្វើឱ្យ​ស្ថានការណ៍​ធូរស្រាល​ឡើងវិញ ប្រទេស​ចិន​ទាំងមូល​បាន​ទ្រុឌទ្រោម​មិនតិច​នោះទេ​។ ប្រជាជន​ចិន​ប្រមាណ ៣០០០​នាក់​បាន​ស្លាប់​។ 

​ចូរ​សាក​ធ្មេចភ្នែក និង​ស្រមៃ​បន្តិច​ថា បើ​នៅ​កម្ពុជា​យើង ជំងឺ​កូ​វីដ​-១៩ ផ្ទុះ​ខ្លាំង ដូច​នៅ​អាមេរិក អេ​ស្ប៉ា​ញ អ៊ីតាលី អាល្លឺម៉ង់ បារាំង ចិន​...​តើ​កម្ពុជា​នឹងមាន​ចលាចល និង​រង​វិបត្តិ​ធ្ងន់ធ្ងរ​ប៉ុនណា​? ហេតុដូច្នេះ គេ អាច​វាយតម្លៃ​បាន​ថា ការទប់ស្កាត់​ពលរដ្ឋ មិន​ឲ្យ​ទៅ​ស្រុកកំណើត នា​ពិធី​ចូលឆ្នាំ គឺជា​វិធានការ​សមស្រប ដើម្បី​ទប់ស្កាត់​ការ​រាលដាល​ជំងឺ​កូ​វីដ​-១៩៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com