COVID-19
អន្តរជាតិ
ក្រុងបាងកក ហាមលក់គ្រឿងស្រវឹង១០ថ្ងៃបង្ការការជួបជុំទប់ស្កាត់ COVID-19
× សាលាក្រុងបាងកក បានចេញបម្រាមការលក់គ្រឿងស្រវឹងចក្នុងរាជធានីថៃដែលមានប្រជាជនជាង១០លាននាក់នេះ សម្រាប់រយៈពេល១០ថ្ងៃ។ បទបញ្ជានេះ ចូលជាធរមានចាប់ពីថ្ងៃសុក្រ ១០ ខែមេសាតទៅក្នុងគោលដៅរារាំងការជួបជុំមនុស្សច្រើន ដែលអាចជាមូលហេតុនៃការរីករាលដាល COVID-19 ។ ក្រៅពីក្រុងបាងកក ខេត្តថៃ១០ផ្សេងទៀត ក៏បានដាក់បម្រាមដូចគ្នានេះដែរ។
អភិបាលក្រុង បាងកក លោក Aswin Kwanmuang បានដាក់ចេញសេចក្តីប្រកាសនេះដោយបញ្ជាឲ្យបិទជាបណ្ដោះអាសន្នហាង ឬកន្លែងលក់គ្រឿងស្រវឹងគ្រប់ប្រភេទ ដែលចាប់អនុវត្តពីថ្ងៃទី១០រហូតដល់ថ្ងៃទី២០ ខែមេសា។ លោក Aswin អះអាងថា ហាងទាំងនោះ នៅតែអនុញ្ញាតឲ្យលក់ដូរទំនិញដទៃទៀតដូចធម្មតា។ នេះបើតាមកាសែត បាងកកប៉ុស្តិ៍ ។
ប្រាប់សន្និសីទព័ត៌មាន នាថ្ងៃ៩ ខែមេសា អ្នកនាំពាក្យរដ្ឋបាលក្រុងបាងកក លោក Pongsakorn Kwanmuang និយាយដូច្នេះថា៖«យើងស្នើសុំកិច្ចសហការពីអ្នកទាំងអស់។ ដូច្នេះយើងអាចគ្រប់គ្រងការរីករាលដាលនៃវីរុសនេះបាន»។
គោលដៅនៃចំណាត់ការនេះគឺដើម្បីផ្អាកការប្រមូលផ្ដុំគ្នា ដែលជាប្រភពមួយនៃការចម្លងជំងឺ COVID-19 ។ ទោះជាបែបនេះក្តី ក្រោយការប្រកាសនេះ ពលរដ្ឋថៃជាច្រើន បាននាំគ្នាសម្រុកទៅហាងទំនើបកាលពីយប់ថ្ងៃទី៩ ខែមេសា ដើម្បីទិញគ្រឿងស្រវឹងស្ដុកទុក។ នេះតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍ ។
ក្រៅពីទីក្រុង បាងកក ខេត្តថៃ១០ផ្សេងទៀត ក៏បានដាក់បម្រាមលើការលក់គ្រឿងស្រវឹងផងដែរ ដូចជា Surin, Rayong, Mukdahan , Chiang Mai និង Buri Ram ជាដើម។
សូមបញ្ជាក់ថា រដ្ឋាភិបាលថៃ កាលពីថ្ងៃ៩ ខែមេសា បានរាយការណ៍ករណីឆ្លងថ្មី ៥៤ករណីបន្ថែម ដែលធ្វើករណីឆ្លងCOVID-19 សរុបឡើងដល់២៤២៣ករណីហើយ។ អ្នកស្លាប់សរុប ឡើងដល់ ៣២នាក់៕
Tag:
ថៃ
បាងកក
គ្រឿងស្រវឹង
ចូលឆ្នាំថ្មី
COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com