COVID-19
អន្តរជាតិ
COVID-19៖ ឥណ្ឌូណេស៊ីមានករណីស្លាប់ច្រើនជាងគេបំផុត ខណៈសិង្ហបុរីមានករណីឆ្លងទ្វេដង រូបភាព៖ AFP
× នាថ្ងៃទី៩ ខែមេសា ឥណ្ឌូណេស៊ី បានរកឃើញអ្នកស្លាប់ច្រើនបំផុតក្នុងមួយថ្ងៃ ដោយសារជំងឺរលាកសួតដែលបង្កដោយកូរ៉ូណាវីរុស(COVID-19)។ ក្នុងថ្ងៃដដែលនេះ សិង្ហបុរីក៏មានអ្នកឆ្លង COVID-19 ថ្មីច្រើនករណីផងដែរ ពោលគឺមានការកើនឡើងទ្វេដង។ ដោយឡែក ម៉ាឡេស៊ីមានករណីឆ្លងជាង ១០០ករណី ដែលជាតួលេខធ្លាក់ចុះទាបបំផុតក្នុងរយៈពេល ២សប្តាហ៍។
COVID-19 កំពុងអុកឡុកឥណ្ឌូណេស៊ីយ៉ាងខ្លាំង។ នៅថ្ងៃទី៩ ខែមេសា ឥណ្ឌូណេស៊ី រកឃើញអ្នកឆ្លងកូរ៉ូណាវីរុសថ្មី រហូតដល់ទៅ ៣៣៧ករណី និងអ្នកស្លាប់រហូតដល់ទៅ ៤០ករណីឯណោះ។
តួលេខសរុប ឥណ្ឌូណេស៊ីបានកើនដល់ ៣២៩៣ករណី និងអ្នកស្លាប់២៨០នាក់។ ឥណ្ឌូណេស៊ីមានចំនួនអ្នកស្លាប់ស្ទើតែជិតពាក់កណ្តាលនៃចំនួនអ្នកស្លាប់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ទាំងមូល ចំណែកអ្នកជាសះស្បើយមានចំនួន ២៥២នាក់។ បើតាមការរំពឹងរបស់ក្រសួងសុខាភិបាលឥណ្ឌូណេស៊ី តួលេខនេះនឹងបន្តកើនឡើងទៀត នាពេលខាងមុខ។
ចំណែកសិង្ហបុរីវិញ អ្នកផ្ទុក COVID-19 ក៏កើនឡើងច្រើនដូចគ្នា ពោលគឺមានរហូតដល់ទៅ ២៨៧ករណីឯណោះ ក្នុងថ្ងៃទី៩ ខែមេសា។ ភាគច្រើននៃករណីថ្មីនៅសិង្ហបុរី គឺមានពាក់ព័ន្ធនឹងករណីចាស់ និងឆ្លងជាក្រុម ហើយមានភាគតិចតែប៉ុណ្ណោះ គឺជាករណីឆ្លងមកពីបរទេស។ ករណីសរុប COVID-19 របស់សិង្ហបុរីមាន ១៩១០ករណី អ្នកស្លាប់ ៧ករណី និងអ្នកជាសះស្បើយមានចំនួន ៤៦០ករណី។
ជាប្រទេសជិតខាងគ្នា ម៉ាឡេស៊ី ក៏មានករណីឆ្លងច្រើនផងដែរ ប៉ុន្តែតិចជាងឥណ្ឌូណេស៊ី និងសិង្ហបុរី ជាងពាក់កណ្តាល បើធៀបក្នុងថ្ងៃជាមួយគ្នា។ បើតាមនាយកដ្ឋានសុខាភិបាល ម៉ាឡេស៊ីបានរកឃើញករណីថ្មីចំនួន ១០៩ករណី ដែលតួលេខនេះ គឺចុះទាបបំផុត ក្នុងរយៈពេលពីរសប្តាហ៍កន្លងមក។ បើទោះបីជាមានករណីថ្មីច្រើនមែន ប៉ុន្តែម៉ាឡេស៊ី ក៏មានករណីជាសះស្បើយច្រើនដែរ រហូតដល់ទៅ ១២១ករណីឯណោះ។ តួលេខឆ្លងសរុបរបស់ម៉ាឡេស៊ី កើនដល់៤២២៨ករណី ស្លាប់ ៦៧ករណី និងអ្នកជាសះស្បើយមានចំនួន ១៦៩៨ករណី។
សូមបញ្ជាក់ថា គិតមកត្រឹមថ្ងៃទី៩ ខែមេសា តំបន់អាស៊ីអាគ្នេយ៍ទាំងមូល មានករណី COVID-19 សរុបច្រើនជាង ១៦៥០០ករណី និងអ្នកស្លាប់មានប្រមាណជា ៥៩០ករណី៕
Tag:
ឥណ្ឌូណេស៊ី
សិង្ហបុរី
ម៉ាឡេស៊ី
COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com