ជាតិ
សង្គមជាតិ
កំពង់ចម្លង​ភ្នំពេញ​-​អរិយ​ក្សត្រ ផ្អាក​ចម្លង​មនុស្ស​៦​ថ្ងៃ​
10, Apr 2020 , 11:35 am        
រូបភាព
រូបពី​គណនី​ហ្វេ​ស​ប៊ុ​ករបស់​កំពង់ចម្លង​ភ្នំពេញ​-​អរិយ​ក្សត្រ
រូបពី​គណនី​ហ្វេ​ស​ប៊ុ​ករបស់​កំពង់ចម្លង​ភ្នំពេញ​-​អរិយ​ក្សត្រ
​ដោយ​៖ ស៊ែម ម៉ូ​នី​តា
 
​កំពង់ចម្លង​ភ្នំពេញ​-​អរិយ​ក្សត្រ ផ្អាក​ចម្លង​មនុស្ស ចាប់ពី​ថ្ងៃទី​១០ រហូត​ថ្ងៃទី​១៦ ខែមេសា ឆ្នាំ​២០២០​។ ប៉ុន្តែ រថយន្ត​សង្គ្រោះបន្ទាន់ និង រថយន្ត​ពន្លត់​អគ្គិភ័យ នៅ​ចម្លង​ធម្មតា​។

 
​កំពង់ចម្លង​ភ្នំពេញ​-​អរិយ​ក្សត្រ សរសេរ​លើ​គណនី​ហ្វេ​ស​ប៊ុ​កថា ចំពោះ​យានយន្ត​មន្ត្រីរាជការ​ទូទៅ (​មិនមែន​ឡាន​ស៊ី​រ៉ែ​ន ឬ​សញ្ញា​សម្គាល់​ជា​យានយន្ត​ស្ថាប័ន​មាន​សមត្ថកិច្ច​) អាច​ឆ្លង​បាន លុះត្រាតែ​មានការ​បញ្ជាក់​ពី​គណៈបញ្ជាការ​ឯកភាព​គោលដៅ​។ 
 
​លោក ផុន គឹម​ឡុង អ្នកតំណាង​កំពុងចម្លង​ភ្នំពេញ​-​អរិយ​ក្សត្រ ប្រាប់​សារព័ត៌មាន​ថ្មី​តាម​ទូរស័ព្ទ​ថា គណៈបញ្ជាការ​ឯកភាព​ខ័​ណ្ឌ​ដូនពេញ និង​គណៈបញ្ជាការ​ឯកភាព​ស្រុក​ល្វាឯម បាន​ប្រជុំ​ពិនិត្យ​ទៅលើ​ស្ថានភាព​ជាក់ស្ដែង ដោយ​សម្រេច​ផ្ដល់​លក្ខខណ្ឌ​មួយចំនួន រួមមាន អ្នកដំណើរ​ជា​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ បុគ្គលិក​ក្រុមហ៊ុន ប្រជាពលរដ្ឋ​ដឹកទំនិញ អាច​ឆ្លង​បានជា​ធម្មតា ប៉ុន្តែ​ត្រូវមាន​បណ្ណ​សម្គាល់​ខ្លួន​។ លោក បន្តថា ករណី​លែ​កលែង​មួយទៀត គឺ​រថយន្ត​សង្គ្រោះបន្ទាន់ រថយន្ត​ពន្លត់​អគ្គីសនី រថយន្ត​ភ្នាក់ងារ​មាន​សមត្ថកិច្ច​។ 
 
​កំពង់ចម្លង​ភ្នំពេញ​-​អរិយ​ក្សត្រ បញ្ជាក់ថា ការផ្អាក​ចម្លង​មនុស្ស​នេះ គឺ​អនុវត្តតាម​បទបញ្ជា​របស់​រដ្ឋាភិបាល ស្តីពី​ការដាក់កំហិត​លើ​ការធ្វើដំណើរ​ក្នុង​ផ្ទៃ​ប្រទេស ដើម្បី​បង្ការ​និង​ទប់ស្កាត់​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​-១៩​។ 
 
​រដ្ឋាភិបាល បានដាក់​បម្រាម​មិន​ឲ្យ​ធ្វើដំណើរ​ចេញពី​រាជធានី​ភ្នំពេញ ចូលទៅ​ខេត្ត ឬ​ចេញ​ខេត្ត ចូលមក​រាជធានី​ភ្នំពេញ ហាម​ធ្វើដំណើរ​ពី​ស្រុក​មួយ​ទៅ​ស្រុក​មួយទៀត និង ហាម​ធ្វើដំណើរ​ពី​ខេត្ត​មួយ ទៅ​ខេត្ត​មួយទៀត​។ ចំពោះរថយន្តដឹកទំនិញ មិនត្រូវបានហាមឃាត់ឡើយ។ បទបញ្ជា​នេះ ចាប់ផ្តើម​​អនុវត្ត​ពីថ្ងៃ​ទី​៩ រហូតដល់​ថ្ងៃទី​១៦ ខែមេសា ឆ្នាំ​២០២០៕ 

Tag:
 COVID-19
  កំពង់ចម្លង​ភ្នំពេញ​-​អរិយ​ក្សត្រ​
  ផ្អាក​ចម្លង
© រក្សាសិទ្ធិដោយ thmeythmey.com