ជាតិ
ពីនេះ ពីនោះ
តើ​«​វត្ត​អារាម​» មានន័យ​ដូចម្តេច​?
15, Sep 2020 , 7:29 am        
រូបភាព
ដោយ: ថ្មីៗ
​វចនានុក្រម​ខ្មែរ​សម្តេចព្រះសង្ឃរាជ ជួន ណាត បានបញ្ជាក់​ពាក្យ នាមសព្ទ​«​វត្ត​»​មានន័យថា ប្រព្រឹត្តិ​,​ការ​កាន់​សីលធម៌​,​សេចក្តី​គោរព​,​ទំនៀម​,​សណ្តាប់ធ្នាប់​។ ចំណែក​«​អារាម​» មានន័យថា ប្រទេស ឬ​ទី​ដែល​នាំ​ទឹកចិត្ត​ឲ្យ​រីករាយ ដែលមាន​ដូចជា សួន​,​សួនច្បារ​, អាវាស ដែលមាន​សួនច្បារ និង​កុដិ​លំនៅ​នៃ​ពួក​បព្វជិត​។



​ការណ៍​ដែល​គេ​ហៅថា​«​វត្ត​អារាម​» នេះ​ដោយសារតែ​កាលពីមុន គេ​យក សួនច្បារ ឬ​ឱទ្យាន​ធ្វើ​ជាទី​អាវាស​សម្រាប់​ពូក​បព្វជិត ដូចជា​វត្ត វេឡុវ័ន ជាដើម​។ ភាគច្រើន ក្នុង​វត្ត​អារាម​គេ​និយម​ដាំ​ដើមឈើ​តូចធំ ដែលមាន​របៀប​ជា​សួនច្បារ ជាទី​សប្បាយ​ប្លែក​ជាង​ភូមិលំនៅ​របស់​ពួក​គ្រហស្ថ​។  
 
«​វត្ត​អារាម​»​បានក្លាយ​ជាទី​កន្លែង​មួយ​ដែលមាន​ពុទ្ធបរិស័ទ​ទីជិត និង​ទី​ឆ្ងាយ ប្រមូលគ្នា​មក​ធ្វើបុណ្យ ឧ​ទ្ធិ​ស​កុសល​ជូន​បងប្អូន​ដែល​បាន​ចែក​ឋាន​ទៅ​។ ភាគច្រើន គេ​និយម​ធ្វើបុណ្យ និង​ឧទ្ទិស​កុសល នៅក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ បុណ្យ​កឋិនទាន បុណ្យ​ភ្ជុំបិណ្ឌ ជាដើម​។ វត្ត​អារាម ក៏ត្រូវ​បាន​ពលរដ្ឋ​ខ្មែរ ប្រើប្រាស់​ជាទី​កន្លែង​សម្រាប់​កម្សាន្ត​លេង នៅក្នុង​ពិធីបុណ្យ​ផ្សេងៗ​ដូចជា ការលេង​ល្បែង​ប្រជាប្រិយ​នា​ថ្ងៃបុណ្យ​ចូលឆ្នាំ​ខ្មែរ​ជាដើម​។ 
 
​ពាក្យ​«​អារាម​» បើ​សរសេរ​ភ្ជាប់​ពី​ខាងដើម​នាមសព្ទ​ដទៃ ដូចជា អារាមករ មានន័យថា អ្នក​សាង​សួន ឬ​អ្នក​សាង​វត្ត​(​បើ​ស្ត្រី​ជា អារាមការិកា​),​អារាមចេតិយ (​ចេតិយ ឬ​ស្តូប​ក្នុង​អារាម​), អារាមនាយក ឬ​អារាមាធិបតី​(​ចាងហ្វាង​សួន​) បើ​ស្រី្ត​ជា​អារាមនាយិកា​, អារាមបាល​(​អ្នក​ថែ​អារាម គឺ​អ្នក​ថែ​សួន បើ​ស្ត្រី​ជា​អារាមបាលី ឬ​អារាមបាលិកា​, អារាម​បុស្ស ឬ​អារាមបុប្ផា គឺ​ផ្កា​ក្នុង​សួន ឬ​ក្នុង​វត្ត​,​អារាមព្រឹក្ស ឈើ​ក្នុង​វត្ត​,​អារាមភូមិ ទី​សួន ឬ​ទីវ​ត្ត​, អារាមាធិការ គឺ​ចៅអធិការ​វត្ត ជាដើម​។ អត្ថបទ​នេះ​ដកស្រង់​ពី​វចនានុក្រម​ខ្មែរ​សម្តេចព្រះសង្ឃរាជ ជួន ណាត​៕ 
 
 
 
 

Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com