COVID-19
អន្តរជាតិ
សិង្ហ​បុរី មិនឲ្យ​គ្រូ​ប្រើ​កម្មវិធី «Zoom» បង្រៀន​សិស្ស ក្រោយ​លេច​ធ្លាយ​រូប​មិន​សមរម្យ​
10, Apr 2020 , 9:59 pm        
រូបភាព
ដោយ:
​រដ្ឋាភិបាល​សិង្ហ​បុរី សម្រេច​ផ្អាក​គ្រូបង្រៀន​ប្រើប្រាស់​កម្មវិធី​វីដេអូ Call តាម​អន​ឡាញ​ហៅថា «Zoom» ។ ក្រសួង​អប់រំ​សិង្ហ​បុរី ប្រកាស​បែបនេះ​នៅ​ថ្ងៃទី​១០ ខែមេសា ក្រោយពី​បែកធ្លាយ​រូបភាព​អាសអាភាស​ក្នុង​សប្តាហ៍​ដំបូង​នៃ​ការបិទ​សាលារៀន​ព្រោះ​COVID-19 ហើយ​គ្រូៗ​សិង្ហ​បុរី​ផ្ដើម​បង្រៀន​តាម​អន​ឡាញ​ដោយ​ប្រើ​កម្មវិធី​នេះ​។

 
​រឿងហេតុ​នោះ គឺពាក់ព័ន្ធ​នឹង​រូបភាព​អាសអាភាស ដែល​លេច​ឡើងលើ​កញ្ចក់​កុំព្យូទ័រ ហើយ​បុរស​ចម្លែក​សរសេរ​ពាក្យពេចន៍​មិន​សមរម្យ អំឡុងពេល​បង្រៀន​តាម​អន​ឡាញ​នៅ​ម៉ោង​ភូមិវិទ្យា ដែលមាន​សុទ្ធតែ​សិស្សស្រីៗ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទូរទស្សន៍​សិង្ហ​បុរី Channel News Asia ។ 
 
«​នេះ​គឺជា​រឿងហេតុ​ដ៏​ធ្ងន់ធ្ងរ​បំផុត​មួយ​។ ក្រសួង​អប់រំ កំពុង​ស៊ើបអង្កេត​រឿងនេះ ហើយ​នឹងធ្វើ​របាយការណ៍​ជូន​ដល់​សមត្ថកិច្ច​»​។ លោក Aaron Loh ប្រធាន​នាយកដ្ឋាន​បច្ចេកវិទ្យា​អប់រំ​នៃ​ក្រសួង​អប់រំ​សិង្ហ​បុរី លើកឡើង​បែបនេះ ដោយ​ពុំ​បញ្ជាក់​ព័ត៌មាន​បន្ថែម​លើ​ករណី​នេះឡើយ​។ បើតាម​ទូរ​ទស្ស​ន៏​សិង្ហ​បុរី​ដដែល លោក Loh បញ្ជាក់​ដូច្នេះ​ថា​៖«​ជា​វិធាន​ការបង្ការ​ទុកជាមុន គ្រូៗ​យើង នឹង​ផ្អាក​ប្រើ​កម្មវិធី Zoom »​។ 
 
​សូមបញ្ជាក់ថា នៅមុន​ចំណាត់ការ​របស់​សិង្ហ​បុរី អាល្លឺម៉ង់ និង​កោះ​តៃវ៉ាន់ បានសម្រេច​រឹតត្បិត​ការប្រើប្រាស់​កម្មវិធី​វីដេអូ Call តាម​អន​ឡាញ «Zoom» នេះ ខណៈ​ក្រុមហ៊ុន Google បានដាក់​បម្រាម​បុគ្គលិក​ប្រើ​កម្មវិធី​លើ​កុំព្យូទ័រ កាលពី​ថ្ងៃទី​៨ ខែមេសា​៕

Tag:
 សិង្ហ​បុរី​
  ក្រសួង​អប់រំ​
  Zoom
  រៀន​តាម​អន​ឡាញ​
© រក្សាសិទ្ធិដោយ thmeythmey.com