COVID-19
ជាតិ
COVID-19៖ សះស្បើយ៣នាក់ទៀត និងវិជ្ជមាន១ទៀត ដែលជាស្ត្រីចិនអាយុ៣១ឆ្នាំ
11, Apr 2020 , 8:06 am        
រូបភាព
ដោយ: ថ្មីៗ
ក្រសួងសុខាភិបាល នាព្រឹក​ថ្ងៃសៅរ៍ ទី១១ ខែមេសា នេះ បាន​ប្រកាសពី​ករណីសះស្បើយអ្នកជំងឺ COVID-19 ចំនួន​៣ករណីទៀត និង១ករណីវិជ្ជមាន។ គិតមកដល់ពេលនេះ អ្នក​សះស្បើយ មាន៧៥នាក់ ស្មើនឹង​៦២.៥០ភាគរយ ក្នុងចំណោម​ករណីឆ្លង១២០។



ករណីសះស្បើយថ្មីទាំង៣មាន ស្ត្រីទេសចរបារាំងអាយុ៤៨ឆ្នាំនៅខេត្តព្រះសីហនុ បុរសខ្មែរអាយុ៣៦ឆ្នាំ ដើមកំណើតនៅខេត្តកំពត តែសម្រាកព្យាបាលនៅមន្ទីរពេទ្យកោះកុង ដោយគាត់ជាអ្នក​សិទ្ធស្នាលជាមួយអ្នក​ទៅចូលរួមពិធីសាសនា និងមាន​របរជាចុងភៅ និងករណីទី៣ជាបុរសខ្មែរអាយុ៦២ឆ្នាំ ដែលមាន​ប្រវត្តិធ្វើដំណើរពីបារាំង ដោយពេលនេះ គាត់ត្រូវបាន​អនុញ្ញាតឲ្យចេញមណ្ឌល​សុខភាព​ចាក់អង្រែក្រោម។

រីឯករណីឆ្លងថ្មី ជាស្ត្រីចិន​អាយុ​៣១ឆ្នាំ ដែលកំពុង​សម្រាកព្យាបាលនៅមន្ទីរពេទ្យខ្មែរសូវៀត។ ស្ត្រីចិន​រូបនោះ រស់នៅ​បណ្តោះអាសន្ន​ផ្លូវ​៣៥២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ដែលជាមិត្តរបស់ស្ត្រីចិនអាយុ​៣០​ឆ្នាំ ដែលរកឃើញវិជ្ជមានកូវីដ-១៩ កាលពី​ថ្ងៃទី៨ ខែមេសា។

© រក្សាសិទ្ធិដោយ thmeythmey.com