COVID-19
អន្តរជាតិ
​ករណី​ឆ្លង COVID-19 នៅ​អាមេរិក ឡើងដល់​ជាង​កន្លះ​លាន​ហើយ​
11, Apr 2020 , 10:25 am        
រូបភាព
បុគ្គលិកវេជ្ជសាស្រ្តអាមេរិកពីរនាក់ កំពុងធ្វើតេស្តរកCOVID-19 លើអ្នកដំណើរ។ រូបភាព៖ Health Policy Watch
បុគ្គលិកវេជ្ជសាស្រ្តអាមេរិកពីរនាក់ កំពុងធ្វើតេស្តរកCOVID-19 លើអ្នកដំណើរ។ រូបភាព៖ Health Policy Watch
​អាមេរិក នៅតែ​បន្ត​រកឃើញ​អ្នកជំងឺ​រលាក​សួត ដែល​បង្កដោយ​កូ​រ៉ូ​ណាវី​រុស (COVID-19) ជា​បន្តបន្ទាប់ និង​ច្រើន​សន្ធឹកសន្ធាប់​។ គិត​មក​ត្រឹម​ថ្ងៃទី​១០ ខែមេសា អាមេរិក​មាន​ករណី​COVID-19 រហូត​ជាង​កន្លះ​លាន​នាក់ និង​មាន​អ្នកស្លាប់​សរុប​ឈរ​នៅ​លំដាប់​ទី​២ ក្នុង​តារាង ដែលមាន​អ្នកស្លាប់​ដោយសារ COVID-19 ច្រើនជាងគេ​។



​បើតាម​វែបសាយ Worldometer អាមេរិក​មាន​ករណី COVID-19 ច្រើនជាងគេ​។ គិត​មក​ត្រឹម​ថ្ងៃទី​១០ ខែមេសា អាមេរិក​ឈរ​នៅ​តារាង​ខ្ពស់​ជាងគេ និង​មាន​ករណី COVID-19​សរុប​ចំនួន​ជាង ៥០​ម៉ឺន​ករណី​។ ចំណែក​អ្នកស្លាប់​អាមេរិក​ឈរ​នៅ​លំដាប់​ទី​២ បន្ទាប់ពី​អ៊ីតាលី មាន​រហូតដល់​ជិត​២​ម៉ឺន​ករណី​។ ចំណែក​អ្នកជា​សះស្បើយ​មាន​ចំនួន​ប្រមាណ ២៧០០០​ករណី​។ 
 
​យ៉ាងណាក៏ដោយ ក្នុង​មួយថ្ងៃៗ​អាមេរិក បាន​រកឃើញ​អ្នក​ផ្ទុក​រហូតដល់​ជាង ៣​ម៉ឺន​ករណី​ឯណោះ​។ គិត​ចាប់តាំងពី​ថ្ងៃទី​៦ ខែមេសា រហូតដល់​ថ្ងៃទី​១០ ខែមេសា អាមេរិក​រកឃើញ​អ្នក​ផ្ទុក COVID-19 ថ្មី​លើស ៣​ម៉ឺន​ករណី​។ ញូវយ៉ក គឺជា​រដ្ឋ​ដែលមាន COVID-19 ច្រើនជាងគេ ដែលមាន​រហូតដល់​ជាង​១៧​ម៉ឺន​ករណី និង​បន្ទាប់មក​រដ្ឋ New Jersey ដែលមាន​ត្រឹមតែ​ជាង ៥​ម៉ឺន​ករណី​ប៉ុណ្ណោះ​។​
 
​សូមបញ្ជាក់ថា ដើម្បី​ទប់ស្កាត់ COVID-19 រដ្ឋាភិបាល​អាមេរិក បានចេញ​វិធានការ​រឹតត្បិត​ការធ្វើដំណើរ​នៅក្នុង​រដ្ឋ​មួយចំនួន ការទិញ​សម្ភារ​វេជ្ជសាស្ត្រ​បន្ថែម​ពី​បរទេស ផ្អាក​កន្លែង​កម្សាន្ត ភោជនីយដ្ឋាន និង​កន្លែង​មួយចំនួន​ជាដើម​។   
 

Tag:
 អាមេរិក​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com