ជាតិ
ស្វាយ​ធ្លា​ក់មក​ត្រឹម​៣២០​រៀល​ក្នុង​១​គីឡូក្រាម​! ក្រសួងកសិកម្ម​ចេញ​វិធានការ​ដោះស្រាយ​
11, Apr 2020 , 1:26 pm        
រូបភាព
​ភ្នំពេញ​៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ កាលពី​ថ្ងៃទី​១០ ខែមេសា បានចេញ​សេចក្តីណែនាំ​ស​ស្តីពី​វិធានការ​ដោះស្រាយ​បញ្ហា​នៃ​ការធ្លាក់ចុះ​ផលិតផល​ផ្លែស្វាយ ដែល​បាន​ធ្លាក់​ចុះមក​សល់​ត្រឹម​៣២០​រៀល​ក្នុង​មួយ​គីឡូក្រាម ខណៈ​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​២០១៩ មានតម្លៃ ៨០០​រៀល​ក្នុង​មួយ​គីឡូក្រាម​។​

 
​ការ​រាលដាល​ជំងឺ​កូ​វីដ​-១៩ បង្ករ​ឲ្យ​មានការ​ចុះថយ​នូវ​ការបញ្ជាទិញ ដែលជា​ហេតុ​ធ្វើ​ឲ្យ​តម្លៃ​ផ្លែស្វាយ​ស្រស់​ធ្លាក់ចុះ ក្នុងនោះ​កសិករ​ក៏​ពុំបាន​អនុវត្ត​គោល​ការដាំដុះ​ឲ្យ​បាន​ត្រឹមត្រូវ ហើយ​រោងចក្រ សិប្បកម្ម​កែច្នៃ​ផ្លែស្វាយ មួយចំនួន​ក៏ត្រូវ​បាន​ផ្អាក​ដោយសារ​ផលិតផល​នាំចេញ​បាន​តិចតួច​។ ក្នុងនោះ​តម្លៃ​ស្វាយ​ត្រូវ​ធ្លាក់​ត្រឹម​៣២០​រៀល​ក្នុង​មួយ​គីឡូ​ប៉ុណ្ណោះ​។ 
 
​ផ្អែកលើ​បញ្ហា​នេះ រដ្ឋមន្ត្រី​កសិកម្ម លោក វេ​ង សាខុន បានចេញ​វិធានការ​ដោះស្រាយ ដោយ​ណែនាំ​មន្ទីរ​កសិកម្ម​រាជធានី​-​ខេត្ត​ត្រូវ​សហការ​ជាមួយ​នាយកដ្ឋាន​ក​សិ​-​ឧស្សាហកម្ម ជំរុញ​កសិករ​បង្កើត​ជា​ក្រុម​ផលិត ឬ​ជា​សហគមន៍ និង​ចុះបញ្ជី ដែល​ងាយស្រួល​រៀបចំ​ផែនការ បណ្ដុះបណ្ដាល​បច្ចេកទេស និង​ផ្សាភ្ជាប់​ទីផ្សារ​តាមរយៈ​ការចុះកិច្ចសន្យា​ទិញ លក់​។​
 
​មួយវិញទៀត លោក​ស្នើ​ឲ្យ​មន្ត្រីក្រោមឱវាទ​ត្រូវ​ជំរុញ​ឲ្យ​មានការ​ប្រើប្រាស់​បណ្ដាញ​ព័ត៌មាន​ទីផ្សារ​កសិកម្ម​ទំនើប ដល់​កសិករ ការដាំដុះ និង​បច្ចេកទេស​ក្រោយ​ប្រមូល​ផល និង​ស្តុក​ទុក​រយៈពេល​វែង​។ ក្នុងនោះ ក៏ត្រូវ​មានការ​លើកទឹកចិត្ត​លើ​ការកែច្នៃ​លក្ខណៈ​គ្រួសារ ពី​ផលិតផល​ស្រស់ ឲ្យ​មកជា​ដំណាប់ និង​ទឹក​ស៊ី​រ៉ូ​ស្វាយ និង​អាច​លក់​ក្នុងស្រុក​។​
 
​ក្រៅពីនោះ​អគ្គនាយកដ្ឋាន ត្រូវ​ចរចា​ក្នុង​ក្របខណ្ឌ​បច្ចេកទេស​ពី​បញ្ហា​ពាក់ព័ន្ធ​ភូតគាម​អនាម័យ ដើម្បី​ឲ្យ​ផលិតផល​ស្វាយ​នាំចេញ​ទាន់ពេលវេលា​។ ហើយក៏​ត្រូវ សិក្សា​ពី​ថ្លៃដើម​នៃ​ផលិតផល​ដំណាប់​ស្វាយ និង​ត្រូវ​រាយការណ៍​មកកាន់​ក្រសួង ដើម្បី​ដាក់ចេញ​នូវ​វិធានការ​ទាន់ពេល និង​សមស្រប​៕
 
 
 

Tag:
 កសិកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com