COVID-19
កីឡាជាតិ
ជាតិ
កូ​វីដ​-១៩ ធ្វើ​ឲ្យ​ការសម្តែង​គុន​ល្បុក្កតោ​ទ្រង់ទ្រាយ​ធំ​ចំនួន​២​អំឡុង​ចូលឆ្នាំ​ខ្មែរ ត្រូវបាន​រំសាយ​
11, Apr 2020 , 2:27 pm        
រូបភាព
សកម្មភាពក្រុមកីឡាករកីឡាការិនីល្បុក្កតោសម្តែងនៅអង្គរវត្តកាលពីពេលកន្លងទៅ
សកម្មភាពក្រុមកីឡាករកីឡាការិនីល្បុក្កតោសម្តែងនៅអង្គរវត្តកាលពីពេលកន្លងទៅ
ដោយ:
​ការសម្តែង​គុន​ល្បុក្កតោ​ទ្រង់ទ្រាយ​ធំ​ចំនួន​២ ដើម្បី​អបអរ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ​ឆ្នាំនេះ ត្រូវបាន​ផ្អាក ដោយសារ​ការរីក​រាល​ដាល​នៃ​ជំងឺ​កូ​វីដ​-១៩​។ ទោះបី​ការផ្អាក​នេះ វា​បាន​ប៉ះពាល់​ដល់​ការផ្សព្វផ្សាយ និង​បញ្ជ្រាប​ពី​កីឡា​ប្រពៃណី​ដល់​មហាជន​ក៏ដោយ តែ​វា​ជាការ​សម្រេចចិត្ត​ដ៏​ត្រឹមត្រូវ ក្នុង​បរិបទ​បច្ចុប្បន្ន​។

 
​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ដែល​ទៅ​កម្សាន្ត​នៅ​ប្រាសាទបន្ទាយឆ្មារ ក្នុង​ខេត្តបន្ទាយមានជ័យ និង​អង្គរវត្ត​ក្នុង​ខេត្តសៀមរាប ក្នុងឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​ឆ្នាំនេះ នឹង​ខកខាន​ទស្សនាការ​សម្តែង​គុន​ល្បុក្កតោ​ទ្រង់ទ្រាយ​ធំ ពី​ក្រុម​កីឡាករ កីឡាការិនី គុន​ល្បុក្កតោ​កម្ពុជា​។ ការខកខាន​នេះ គឺ​បន្ទាប់ពី​រាជរដ្ឋាភិបាល​កម្ពុជា សម្រេច​ឲ្យ​ផ្អាក​រៀបចំ​សង្ក្រាន្ត តាម​រាជធានី​-​ខេត្ត និង​ការជួបជុំ​ទ្រង់ទ្រាយ​នានា ដើម្បី​បង្ការ និង​ទប់ស្កាត់​ការរីក​រាលដាល​នៃ​កូ​វីដ​-១៩​។ 
 
​តាម​គម្រោង​ក្រុម​កីឡាករ កីឡាការិនី​គុន​ល្បុក្កតោ មកពី​តាម​បណ្តា​ក្លិប​-​សមាគម​នានា​ទូទាំងប្រទេស​ចំនួន​ពីរ​ក្រុម ដែលមាន​គ្នា​ពី​៥០ ទៅ​៦០​នាក់ ក្នុង​១​ក្រុម នឹង​ទៅ​សម្តែង​នៅ​ប្រាសាទបន្ទាយឆ្មារ​មួយក្រុម និង​នៅមុខ​អង្គរវត្ត​មួយក្រុម ដើម្បី​អបអរ​ពិធីបុណ្យ​ចូលឆ្នាំថ្មី ប្រពៃណី​ខ្មែរ​។ នេះ​បើតាម​ការបញ្ជាក់​របស់ លោក អ៊ួ តារា អគ្គលេខាធិការ​សហព័ន្ធ​កីឡា​គុន​ល្បុក្កតោ​កម្ពុជា​។ 
 
​សម្រាប់​លោក អ៊ួ តារា ការសម្តែង​គុន​ល្បុក្កតោ ក្នុង​ពិធីបុណ្យ​ចូលឆ្នាំថ្មី មិន​ត្រឹមតែ​ផ្តល់​ជា​ទស្សនីយភាព​ដ៏​អស្ចារ្យ សម្រាប់​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ប៉ុណ្ណោះ​ទេ តែ​ជា​ឱកាស​ក្នុងការ​ផ្សព្វផ្សាយ និង​បញ្ជ្រាប​ពី​គុន​ល្បុក្កតោ ដល់​យុវជន​យុវនារី​ជំនាន់​ក្រោយ​ទៀតផង​។ ដ្បិត​គេ​រំពឹងថា ឆ្នាំនេះ​នឹងមាន​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​យ៉ាងច្រើន​កុះករ​ទៅលេង​កម្សាន្ត តាម​តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ​ទាំង​២ ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​។ 
 
«​សម្រាប់​ការខកខាន គឺ​វា​បាន​រាំងស្ទះ​ដល់​កិច្ចការ របស់​យើង​មួយចំនួនធំ​ក្នុងការ​ផ្សព្វផ្សាយ បញ្ជ្រាប និង​រក្សា​វប្បធម៌​ប្រពៃណី តែ​វា​ជា​រឿង​ដែល​មិនអាច​ជៀសផុត ដោយសារ​មេរោគ​នឹង​(COVID-19)​វា​ងាយ​នឹង​ឆ្លង និង​គ្រោះថ្នាក់​ខ្លាំងពេក​។ ដូច្នេះ​ការសម្រេច​របស់​ថ្នាក់ដឹកនាំ គឺជា​រឿង​ត្រឹមត្រូវ វា​ខាត​ពិតមែន តែ​យើង​គ្មាន​សម្ពាធ​ផ្លូវចិត្ត និង​មាន​សុវត្ថិភាព​ទាំងអស់គ្នា​»​។ នេះ​ជាការ​លើកឡើង​របស់លោក អ៊ួ តារា​។ 
 
​មិនមែន​មានតែ​គម្រោង​ធំ​ទាំង​២​នេះ​ទេ សូម្បី​គម្រោង​តូចៗ​របស់​ក្លិប​-​សមាគម ដែល​ត្រៀម​សម្តែង​នៅតាម​ខេត្ត និង​សាលា​មួយចំនួន ក៏បាន​ផ្អាក​ដោយសារ​ការរីក​រាល​ដាល នៃ​ជំងឺ​រលាក​ផ្លូវដង្ហើម​ធ្ងន់ធ្ងរ​នេះ​។ លើសពីនេះ​បញ្ហា​កូ​វីដ​-១៩ បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការផ្សព្វផ្សាយ​ពី​គុន​ល្បុក្កតោ នៅក្រៅ​ប្រទេស របស់​សហព័ន្ធ​កីឡា​គុន​ល្បុក្កតោ​កម្ពុជា​ផងដែរ​។ 
 
​បើតាម​លោក អ៊ួ តារា គម្រោង​ចេញទៅ​ក្រៅប្រទេស​ចំនួន​៤ ដែល​សហព័ន្ធ​បាន​ខកខាន​ចូលរួម​។ គម្រោង​ទាំងនោះ រួមមាន​កិច្ចប្រជុំ​ប្រចាំឆ្នាំ​របស់ World Martial Art Union នៅ​សិង្ហ​បុរី​, Martial Art Contest នៅ​កូរ៉េ​, ចូលរួម​ប្រកួត World Arnis Tournament នៅ​ហ្វីលីពីន និង​ការប្រកួត World Martial Art នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម​៕     

Tag:
 ល្បុក្កតោ​
  អ៊ួ តារា​
  បុណ្យចូលឆ្នាំ​
  សៀមរាប​
  បន្ទាយមានជ័យ​
© រក្សាសិទ្ធិដោយ thmeythmey.com