អន្តរជាតិ
កាសែត​នៅ​អ៊ីតាលី​បង្កើន​ទំព័រ «​ដំណឹង​មរណភាព​» ពី​១ ទៅ​១៣​ទំព័រ​
11, Apr 2020 , 3:26 pm        
រូបភាព
ដោយ: រួបរួម
​បណ្តា​កាសែត​ជាច្រើន​នៅ​អ៊ីតាលី ជាទូទៅ មាន​ទំព័រ «​ដំណឹង​មរណភាព​» សម្រាប់​ជា​ព័ត៌មាន​ដល់​មិត្តភក្តិ សាច់ញាតិ​គ្រួសារ​សព ក៏ដូចជា​ការ​ឧទ្ទិស​ដល់​វិញ្ញាណក្ខន្ធ ជាដើម​។ ការឆ្លង​រាលដាល COVID-19 ដ៏​គំហុក​នៅ​អ៊ីតាលី នា​រយៈពេល​ជាង​១​ខែ​កន្លងមកនេះ បានធ្វើ​ឲ្យ​កាសែត​បង្កើន​ទំព័រ «​ដំណឹង​មរណភាព​» ពី​១​ទៅដល់​១៣​ទំព័រ​ឯណោះ​។​

 
​លោក Isaia Invernizzi អ្នកសារព័ត៌មាន​នៅ​ក្រុង Bergamo បាន​អះអាង​ប្រាប់​ទូរទស្សន៍ CNN ថា ស្ថាប័ន​សារព័ត៌មាន​របស់លោក ទទួល​បានការ​ផ្តល់ដំណឹង​ជាច្រើន​ទាក់ទង​នឹង​មរណភាព ដែល​តម្រូវ​ឲ្យ​តម្លើង​ទំព័រ​ពី​១ ទៅ​១៣​ទំព័រ ជា​រៀងរាល់ថ្ងៃ​។​
 
Bergamo ជា​ក្រុង​មួយ​ក្នុង​តំបន់ Lombardy ដែលមាន​ករណី​ឆ្លង និង​ស្លាប់​ច្រើនជាងគេ​នៅ​អ៊ីតាលី​។ បណ្តា​អភិបាលក្រុង​នៅ​ភាគ​ខាងជើង​ប្រទេស​អ៊ីតាលី ក៏បាន​អះអាង​ប្រាប់ CNN ថា បច្ចុប្បន្នភាព​នៃ​ចំនួន​អ្នកស្លាប់ គឺអាច​មាន​ទ្វេ​រដង​ពីលើ​ចំនួន​ប្រកាស​ផ្លូវការ ដោយសារ​ខ្លះ​ត្រូវ​រង់ចាំ​ការ​លទ្ធផល​ច្បាស់លាស់​។​
 
​គិត​ត្រឹម​រសៀល​ថ្ងៃ​សៅរ៍ ទី​១១ ខែមេសា នេះ អ៊ីតាលី មាន​ករណី​ឆ្លង​ជិត​១៥​ម៉ឺន ដែលជា​ចំនួន​ច្រើនជាងគេ​បន្ទាប់ពី​អាមេរិក និង​អេ​ស្ប៉ា​ញ​។ ចំពោះ​ករណី​ស្លាប់ អ៊ីតាលី មាន​ជិត​១៩០០០​នាក់ ដែល​ខ្ពស់​ជាងគេ​ក្នុងចំណោម​បណ្តា​ប្រទេស​/​ដែនដី ជាង​២១០​នៅលើ​ពិភពលោក​។ ជាមួយគ្នានេះ អ្នកជា​សះស្បើយ​មាន​ជាង​៣​ម៉ឺន​នាក់​។​
 
​តំបន់​ដែល​រងគ្រោះ​ខ្លាំងជាងគេ​នៅ​អ៊ីតាលី គឺ Lombardy បន្ទាប់មក​មាន Emilia-Romagna, Piedmond, Veneto, Tuscany, Liguia, Marche, Lazio, Campania, Trentino, Apulia, Friulli-Venezia Giulia, Sicily, Abruzzo, South Tyrol, Umbria និង Sardinia៕
 

© រក្សាសិទ្ធិដោយ thmeythmey.com