បណ្តាកាសែតជាច្រើននៅអ៊ីតាលី ជាទូទៅ មានទំព័រ «ដំណឹងមរណភាព» សម្រាប់ជាព័ត៌មានដល់មិត្តភក្តិ សាច់ញាតិគ្រួសារសព ក៏ដូចជាការឧទ្ទិសដល់វិញ្ញាណក្ខន្ធ ជាដើម។ ការឆ្លងរាលដាល COVID-19 ដ៏គំហុកនៅអ៊ីតាលី នារយៈពេលជាង១ខែកន្លងមកនេះ បានធ្វើឲ្យកាសែតបង្កើនទំព័រ «ដំណឹងមរណភាព» ពី១ទៅដល់១៣ទំព័រឯណោះ។
លោក Isaia Invernizzi អ្នកសារព័ត៌មាននៅក្រុង Bergamo បានអះអាងប្រាប់ទូរទស្សន៍ CNN ថា ស្ថាប័នសារព័ត៌មានរបស់លោក ទទួលបានការផ្តល់ដំណឹងជាច្រើនទាក់ទងនឹងមរណភាព ដែលតម្រូវឲ្យតម្លើងទំព័រពី១ ទៅ១៣ទំព័រ ជារៀងរាល់ថ្ងៃ។
Bergamo ជាក្រុងមួយក្នុងតំបន់ Lombardy ដែលមានករណីឆ្លង និងស្លាប់ច្រើនជាងគេនៅអ៊ីតាលី។ បណ្តាអភិបាលក្រុងនៅភាគខាងជើងប្រទេសអ៊ីតាលី ក៏បានអះអាងប្រាប់ CNN ថា បច្ចុប្បន្នភាពនៃចំនួនអ្នកស្លាប់ គឺអាចមានទ្វេរដងពីលើចំនួនប្រកាសផ្លូវការ ដោយសារខ្លះត្រូវរង់ចាំការលទ្ធផលច្បាស់លាស់។
គិតត្រឹមរសៀលថ្ងៃសៅរ៍ ទី១១ ខែមេសា នេះ អ៊ីតាលី មានករណីឆ្លងជិត១៥ម៉ឺន ដែលជាចំនួនច្រើនជាងគេបន្ទាប់ពីអាមេរិក និងអេស្ប៉ាញ។ ចំពោះករណីស្លាប់ អ៊ីតាលី មានជិត១៩០០០នាក់ ដែលខ្ពស់ជាងគេក្នុងចំណោមបណ្តាប្រទេស/ដែនដី ជាង២១០នៅលើពិភពលោក។ ជាមួយគ្នានេះ អ្នកជាសះស្បើយមានជាង៣ម៉ឺននាក់។
តំបន់ដែលរងគ្រោះខ្លាំងជាងគេនៅអ៊ីតាលី គឺ Lombardy បន្ទាប់មកមាន Emilia-Romagna, Piedmond, Veneto, Tuscany, Liguia, Marche, Lazio, Campania, Trentino, Apulia, Friulli-Venezia Giulia, Sicily, Abruzzo, South Tyrol, Umbria និង Sardinia៕