ជាតិ
បទសម្ភាសន៍
អ្នកនិពន្ធ ស៊ុំ ពិសិទ្ធ មានជំហរផ្សព្វផ្សាយពីទឹកដីខ្មែរនៅគ្រប់ស្នាដៃរបស់ខ្លួន
12, Apr 2020 , 11:00 am        
រូបភាព
​ភ្នំពេញ​៖ ជា​អ្នកនិពន្ធ​សេណា​រី​យ៉ូ​ភាពយន្ត និង​ជា​អ្នកនិពន្ធ​ប្រលោមលោក​មួយរូប លោក ស៊ុំ ពិ​សិទ្ធ ដែលមាន​នាម​អ្នកនិពន្ធ​ថា ស៊ុំ សុរិយ បាន​តាំងចិត្ត​យ៉ាង​មុតមាំ​ថា គ្រប់​ស្នាដៃ​របស់លោក​បាន​ចូលរួម​ផ្សព្វផ្សាយ​ពី​ទឹកដី​ខ្មែរ និង​មាន​រស​និយម​ជា​ខ្មែរ​។ ការប្រកាន់​មាំ​បែបនេះ បានធ្វើឱ្យ​អ្នកនិពន្ធ​វ័យ​ជិត​៣០​ឆ្នាំ​រូបនេះ បាត់បង់​ឱកាស​ប្រមូលប្រាក់​មិនតិច​ឡើយ​។ តែ​ទោះជា​យ៉ាងណា គំនិត​ខាងលើនេះ​មិនមែន​មានតែ​លោក​តែម្នាក់ឯង​នោះឡើយ ពោលគឺ​ក៏មាន​អ្នកនិពន្ធ​មួយចំនួនទៀត​ដែរ ដែល​តែងតែ​មិន​ទទួលបាន​ការលើកទឹកចិត្ត​។ ទោះបី​មាន​ឧបសគ្គ​យ៉ាងណាក៏ដោយ តែ​លោក ស៊ុំ ពិ​សិទ្ធ នៅតែមាន​សុទិដ្ឋិនិយម​ជានិច្ច ថា​ឧ​ត្ត​ម​គតិ​របស់ខ្លួន នឹង​អាច​សម្ញែង​លើ​វិថី​តែង​និពន្ធ​នៅ​ថ្ងៃ​ណាមួយ​។​


​ដើម្បី​ជ្រាប​ច្បាស់​ពី​ដំណើរ​ជីវិត​លើ​នាវា​តែង​និពន្ធ​របស់លោក ស៊ុំ ពិ​សិទ្ធ ថា​យ៉ាងណា​នោះ តទៅ​នេះ​សូម​ស្ដាប់​បទ​យកការណ៍​ដែល​រៀបរៀង​ដោយ​កញ្ញា ប៉ូ សា​គុន ដូចតទៅ​៖
 
 
 
«​ខ្ញុំ​គឺជា​អ្នកនិពន្ធ​មួយរូប ដែល​មិន​ចង់បង្ហាញ​អ្វី​ដែលជា​របស់​បរទេស​ទេ​។ ខ្ញុំ​គិតថា​យើង​គួរតែ​បង្ហាញ​អ្វី​ដែលជា​របស់​ខ្មែរ ដែល​យើង​បង្ហាញ​វា​មិនទាន់​អស់​។ ព្រោះ​ខ្ញុំ​ជា​អ្នក​ជនបទ​ស្រាប់ អ៊ីចឹង​នៅពេលដែល​ភ្លៀង​ធ្លាក់​ស្រែចម្ការ​ស្រស់ស្អាត​បែបណា ទម្លាប់​ប្រជាជន​ខ្មែរ​នៅពេលដែល​ភ្លៀង​ធ្លាក់​គាត់​ទៅធ្វើ​អ្វីខ្លះ​? គាត់​ទៅ​កាប់​ភ្លឺស្រែ គាត់​ទៅធ្វើ​ស្រែ រកត្រី រក​ក្ដាម រក​ខ្យង ហេតុ​អី​ក៏​យើង​មិនបង្កើត​ការចងចាំ​របស់​ប្រជាជន យើង ឱ្យ​វា​ផ្អែមល្ហែម​ដូចជា​រឿង​ផ្សេងៗ​? ខ្ញុំ​នៅតែ​គិតថា យើង​អាច​ធ្វើបាន គ្រាន់តែ​យើង​មិន​ធ្វើ យើង​គិតថា​អ្វី​ដែលជា​របស់​យើង​វា​មិនមាន​តម្លៃ​»​។ នេះ​ជាការ​អះអាង​រប​ស់បុរ​ស សម្បុរ​ស្រអែម​រាង​ខ្ពស់ ដែលមាន​ស្រុកកំណើត​នៅ​ខេត្តតាកែវ​ក្នុងស្រុក​ព្រៃកប្បាស​។


 
​បុរស​រូបនេះ​បាន​ព្យាយាម​សិក្សា​វិធីសាស្ត្រ​ទាក់ទាញ​ចំណាប់អារម្មណ៍​របស់​ទ​ស្ស​និក​ជន ពី​ភាពយន្ត​បរទេស ដើម្បី​ធ្វើឱ្យ​សាច់រឿង​របស់ខ្លួន ដក់​ជាប់​នៅក្នុង​ចិត្ត​របស់​អ្នកទស្សនា ដោយ​លោក​បានបញ្ជាក់​ដូច្នេះ​៖«​ពេលដែល​ខ្ញុំ​សរសេរ​រឿង​គឺ​ប្រាកដ​ណាស់​ថា​ត្រូវតែ​ជួយ​ផ្សព្វផ្សាយ​អ្វីមួយ​ពី​ប្រទេស​ខ្មែរ​។ ដូច​ឥឡូវនេះ​ខ្ញុំ​និពន្ធ​ប្រលោក​លោក​ពី​រឿង គឺ​រឿង “​វីរនារី​ខ្លាច​ខ្មោច​”​របស់ខ្ញុំ ភាគច្រើន​វា​មាន​បែបបទ​ជា​រឿង​កូរ៉េ​។ ហេតុអ្វី​បានជា​ខ្ញុំ​ចង់យក​ពី​រឿង​កូរ៉េ​? ខ្ញុំ​មិន​លាក់បាំង​ទេ ដោយសារ​ខ្ញុំ​គិតថា រឿង​កូរ៉េ​គឺ​បង្កើត​មនុស្ស​ឱ្យមាន​អារម្មណ៍​សន្តិភាព​។ តួយ៉ាង​មានរឿង “​បំណុល​ផ្ទះ​ជំពាក់​ស្នេហ៍​” គេ​បង្កើត​ឱ្យ​មនុស្ស​ពីរ​នាក់​នៅផ្ទះ​ជាមួយគ្នា គឺ លី យ៉ុង​ចេ និង​ហាន់ ជី​អ៊ុន​។ តែ​គេ​បង្កើត​រូបភាព​នៅក្នុង​ផ្ទះ​ហ្នឹង វា​ស្អាត​រហូតដល់​យើង​មើល​រឿង​ហ្នឹងហើយ យើង​ចង់​ជិះ​យន្តហោះ​ទៅលេង​ផ្ទះ​ហ្នឹង​ម្ដង ដើម្បីឱ្យ​ដឹងថា​ផ្ទះ​របស់ លី យ៉ុង​ចេ និង​ហាន់ ជី​អ៊ុន ផ្ទះ​របស់គេ​យ៉ាងម៉េច​? អ៊ីចឹង​វា​មិនមែន​ជាការ​លួច​ទេ ប៉ុន្ដែ​វា​ជាការ​ប្រើ​អារម្មណ៍ តែ​ខ្ញុំ​ច្នៃ​ឱ្យ​វា​ចេញ​ជា​រសជាតិ​របស់​ខ្មែរ​»​។​
 
​លោក​បញ្ជាក់បន្ថែម​ពី​គុណ​តម្លៃ​ដែលមាន នៅក្នុង​ស្នាដៃ​របស់ខ្លួន ទាំង​សម្ដី​មួយៗ ហើយ​ម៉ឺងម៉ាត់​៖«​តើ ”​វីរនារី​ខ្លាច​ខ្មោច​” របស់ខ្ញុំ​បាន​ជួយ​អ្វីខ្លះ​ទៅដល់​ប្រទេស​ខ្មែរ​? គឺ​រឿង​ហ្នឹង​ទាក់ទង​នឹង​ការធ្វើដំណើរ​ពី​ភ្នំពេញ ទៅ​ខេត្តរតនគិរី និង​មណ្ឌលគិរី​។ គឺ​និយាយ​ពី​ដំណើរ​កម្សាន្ត​របស់​ក្មេងស្រី​ម្នាក់​ដែល​ខ្លាច​ខ្មោច ហើយ​គាត់​បាន​ជួប​តួ​ប្រុស​ម្នាក់ ដែលជា​តួកុន​សម័យមុន​។ អ៊ីចឹង​គាត់​ឃើញ​គេ គាត់​មាន​អារម្មណ៍​ស្រឡាញ់ តែ​គាត់​មិន​បង្ហាញ​អ្វីដែល​វា​ប្រាសចាក​ពី​ស្ត្រី​ខ្មែរ​ទេ​។ នេះ​ជា​អ្វីដែល​ខ្ញុំ​គិតថា​ខ្ញុំ​បាន​ចូលរួម ក្នុងការ​ធ្វើឱ្យ​មនុស្ស​ស្រី​ខ្មែរ​មានតម្លៃ​។ ទី​ពីរ​ប្រាកដ​ណាស់​ថា ខ្ញុំ​នឹង​បង្ហាញ​ឱ្យគេ​ឃើញ​ពី​តំបន់​រមណីយ​ដ្នា​ន របស់​ប្រទេស​ខ្មែរ​។ ដូចជា​តំបន់​កា​ចាញ បឹង​យក្ស​ឡោម គឺ​ខ្ញុំ​ចូលរួម​បង្ហាញ​ឱ្យ​ភ្ញៀវទេសចរ​ដឹងថា ខ្មែរ​មាន​អ្វីដែល​អ្នក​មិនដឹង ដូច្នេះ​សូមអ្នក​ចូលមក​ទស្សនា​ប្រទេស​ខ្មែរ​មក​»​។ 


 
​អង្គុយ​លើ​ផ្ទាំង​ថ្ម​ធំ​មួយ​ដែល​គេ​រៀប​ជា​កៅអី នៅក្រោម​ម្លប់ឈើ​ត្រឈឹងត្រឈៃ នៃ​បរិវេណ​សួ​នក​ម្សា​ន​មួយ​ក្នុង​រាជធានី​ភ្នំពេញ អ្នកនិពន្ធ​រូបនេះ ផ្ដោត​រស​និយម​ក្នុង​ស្នាដៃ​របស់ខ្លួន ជា​របៀប​រស់នៅ​បែប​សាមញ្ញ ដែល​បង្ហាញ​ពី​អត្តសញ្ញាណ​ខ្មែរ​៖«​ខ្ញុំ​ឧទាហរណ៍​ថា ការជួបជុំ​រវាង​ខ្ញុំ​និង​ប្អូនឯង ញ៉ាំ​អ្វី​ជាមួយគ្នា​យើង​ស្រឡាញ់គ្នា​។ បើសិនជា​ភាពទាន់សម័យ ប្អូនឯង​ហើយនឹង​ខ្ញុំ ត្រូវ​ទៅ​ញ៉ាំ​ប៊ឺ​ហ្គឺ​ហើយ ឬក៏​ទៅ​ញ៉ាំ​ភេសជ្ជៈ​ណា ដែលមាន​តម្លៃ​ថ្លៃ​។ អូន​ឯង​ទៅ​អង្គុយ​នៅ​សណ្ឋាគារ​លំដាប់​ផ្កាយ​៥ លើ​កំពូល​មាន​ផ្កាយ​រះ​ពេញ​មេឃ​។ ប៉ុន្តែ​អាច​ថា​ខ្ញុំ​មិនទាន់​សម័យ​ក៏បាន ខ្ញុំ​ចង់បាន​បែបនេះ​វិញ ចុះបើ​ការជួប​ជុំនោះ គឺជា​ការជួបជុំ​នៅ​កន្លែង​ណា​ដែល​វា​ជា រមណីយដ្ឋាន​របស់​ខ្មែរ ការ​ញ៉ាំ​ប៊ឺ​ហ្គឺ ការ​ញ៉ាំ​ភេសជ្ជៈ​ដែលមាន​តម្លៃ​ថ្លៃ បក​មកជា​ការ​ញ៉ាំ​ទឹកដូង​។ ភេសជ្ជៈ​អ្វីមួយ​ដែលជា​របស់​ខ្មែរ​។ ភេសជ្ជៈ​ច្នៃ​ពី​ផ្លែ​ត្នោត​។ ហ្នឹង​យើង​ផ្សព្វផ្សាយ​ពីរ​បស់​យើង​។ យើង​អាច​ទៅ​ជួបជុំគ្នា​នៅ​សហគមន៍ ញ៉ាំ​នំ​បញ្ចុក​របស់​ខ្មែរ សម្ល​របស់​ខ្មែរ ហេតុអ្វី​យើង​ធ្វើ​មិនបាន​»?
​ទោះជា​យ៉ាងណា​អ្វីដែល​លោក​ចង់បាន វា​មិន​ត្រូវបាន​ផលិតករ​លើកទឹកចិត្ត​ឡើយ​៖«​ក្នុងនាម​ខ្ញុំ​ជា​អ្នកនិពន្ធ កន្លែង​ខ្លះ​ខ្ញុំ​ចង់បង្ហាញ​ក្នុង​ភាពយន្ត​របស់ខ្ញុំ​។ ប៉ុន្តែ​ផលិតករ​របស់ខ្ញុំ​គាត់​មិន​ព្រម រំលង​បាន​ប៉ុន្មាន​ខែ​ថៃ​គេ​ធ្វើ​អាហ្នឹង មនុស្ស​ខ្មែរ​ភ្លូក​ទឹក​ភ្លូក​ដឹ​ទៅ​មើល ហើយ​ដៀល​គេ​ថា​ខ្មែរ​មិន​គាំទ្រ​របស់​ខ្មែរ សួរថា​តើ​អ្នក​បានធ្វើ​បែប​ហ្នឹង​ឬ​នៅ​? ថៃ​គេ​យកទៅ​ធ្វើ កុំ​បន្ទោស​គេ ទំនៀមទម្លាប់​សាសនា​គេ វា​សឹងតែ​ដូច​យើង​មួយរយ​ភាគរយ​។ យើង​មិនអាច​ថា​គេ​ចម្លង​ពី​យើង​បានទេ តែ​យើង​មិនដឹងថា​ខ្លួនឯង​ជា​អ្វី​ផង​ហ្នឹង​? ឈុត​មង្គលការ តើ​ចំណាយលុយ​អស់​ប៉ុន្មាន នៅពេលដែល​អ្នក​ស្លៀក​ផាមួង​ចងក្បិន ឬក៏​ព្រះថោង​តោង​ស្បៃ​នាងនាគ ហេតុអ្វី​អ្នក​មិន​ជួល​សំអាងការ​យកមក​ថត ហេតុអ្វី​ក៏​អ្នកចំណាយ​លុយ​ជួល​រ៉ូ​បស ហើយ​បោះ​ផ្កា​ហ្នឹង​មក​ធ្វើ​អី​»?


 
​និយាយ​ក្នុង​ទឹក​សម្ដី​ហាក់​មាន​អារម្មណ៍​មួហ្មង​បន្តិច អ្នកនិពន្ធ​រូបនេះ​ពេលខ្លះ​ហាក់​អស់សង្ឃឹម​នឹង​វិថី​តែង​និពន្ធ​នេះដែរ​៖«​ខ្ញុំ​ជា​អ្នកនិពន្ធ ការលំបាក​របស់ខ្ញុំ​ទី​១​គឺ​ខ្ញុំ​មិនមាន​សិទ្ធិ​ពេញលេញ​ក្នុងការ​បញ្ចេញ​សមត្ថភាព​ខ្លួនឯង បើសិនជា​ខ្ញុំ​មិនមែនជា​ចាងហ្វាង​ផលិត​។ មានរឿង​អ្វី​មិនល្អ​គេ​បន្ទោស​តែ​អ្នកនិពន្ធ​ទេ ប៉ុន្តែ​ដឹងថា​អ្នកនិពន្ធ​មាន​សម្ពាធ​បែបណា​អត់​? បើសិនជា​យើង​ជឿថា​អ្នកនិពន្ធ​ហ្នឹង​គាត់​ល្អ យើង​ជួល​គាត់​ទៅធ្វើ​ការ សូម​យើង​ឱ្យ​តម្លៃ​ទៅលើ​ស្នាដៃ​គាត់​។ មិនមែន​ជួល​គាត់ យកមក​បម្រើ​តាម​ខួរក្បាល​របស់​យើង​ទេ​។ បន្ទាប់ពី​ខ្ញុំ​បរាជ័យ​ការងារ​សិល្បៈ​ជាច្រើន​ដង​មក ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្ញុំ​លែង​ចង់​ឱ្យគេ​ស្គាល់​ខ្ញុំ វា​អាចជា​រោគ​ចិត្ត​មួយ ខ្ញុំ​លែង​ចង់​អួត​ពីអ្វី​ដែលជា​របស់ខ្ញុំ​ទៀត ពីព្រោះ​វា​អត់​ប្រយោជន៍ ខ្ញុំ​ប្រើ​វា​លែងកើត អ៊ីចឹង​ខ្ញុំ​សុំ​ធ្វើ​តែ​បន្តិចបន្តួច​សម្រាប់​ខ្លួនឯង​»​។​
 
​ទោះជា​យ៉ាងណា​ការ​តែង​និពន្ធ​អត្ថបទ​ភាពយន្ត លោក ពិ​សិទ្ធ បាន​សម្រាក​ខ្លះ​សិន​មែន ប៉ុន្តែ​ការនិពន្ធ​ប្រលោមលោក គឺ​លោក​នៅតែ​បន្ត ហើយ​បន្ត​ទៅតាម​អ្វីដែល​លោក​យល់ថា​វា​បាន​ជួយ​ដល់​សង្គម​ខ្មែរ​របស់លោក​៖«​ថ្មីៗ​នេះ ខ្ញុំ​ទើបតែ​បោះពុម្ព​សៀវភៅ​មួយ​ចំណងជើង​ទៀត គឺ “​ឃុន​នារី​អនុស្សា​” គឺ​តំបន់​របស់ខ្ញុំ មាន​ហូល​មួយ​ឈ្មោះ​ហូល​ឃុន​នារី​។ រឿង ឃុន​នារី គឺ​ខ្ញុំ​ប្រឌិត​ខ្លះ​លាយឡំ អ៊ីចឹង​ហូល​ឃុន​នារី​នៅពេល​បច្ចុប្បន្ន មិនមាន​ទៀត​ទេ​។ គេ​ឈប់​យកមក​ធ្វើ​ដោយសារតែ​មនុស្ស​ឥឡូវ ចូលចិត្ត​ស្លៀក​អ្វីដែល​ទាន់សម័យ​។ អ៊ីចឹង​អ្នក​ច្នៃ​គោម គឺ​គេ​ច្នៃ​គោម​ថ្មីៗ​មក អា​គោម​ចាស់​ហ្នឹង គេ​ទុក​ហើយ​។ ខ្ញុំ​សែនស្ដាយ​ឃុន​នារី​នោះ​ខ្លាំងណាស់ ខ្ញុំ​ក៏​គិតថា​តើ​បើ​យើង​ធ្វើ​រឿង​មួយ ដែល​កាស់​កកាយ​ពី​ហូល​ឃុន​នារី​នោះមក ប្រជាជន​ខ្មែរ​នឹង​បានដឹង​ពី​របៀប​ក្នុង​ការផលិត​ហូល​ខ្មែរ​»​។


 
​ទំនងជា​បាន​តាមដាន​ស្នាដៃ​ភាពយន្ត​ច្រើន លោក ស៊ុំ ពិ​សិទ្ធ បាន​សង្កេតឃើញថា​ភាពយន្ត​ខ្មែរ​បរាជ័យ ក្នុងការ​បង្ហាញ​ពីអ្វី​ដែលជា​អត្តសញ្ញាណ​របស់ខ្លួន ក៏​ព្រោះតែ​អ្នកដឹកនាំ​ខ្វះ​សិល្បៈ​ក្នុងការ​រំលេច​ឱ្យ​វា​មាន​ភាព​លេចធ្លោ​៖«​ដូចជា​រឿង​អ្វីមួយ​គេ​និយាយ​ពីរ​នាត យើង​យកមក​ក៏ដោយ តែ​យើង​មិនបាន​ដុសខាត់​ឱ្យ​វា​លេចធ្លោ សួរថា​អ្នកមើល​គេ​ស្រឡាញ់​រនាត ឬក៏​ស្រឡាញ់​ឃឹម ឬ​ចាប៉ី​ហ្នឹង​អត់​? គេ​អត់​ស្រឡាញ់​ទេ​។ ការ​ដុសខាត់​ហ្នឹង​គឺ​ការកែច្នៃ​ឱ្យ​របស់​ទាំងអស់​ហ្នឹង​វា​ទំនើបកម្ម​ឡើង​។ ដូចជា​កាលពី​ឆ្នាំមុន​ហ្នឹង​ថៃ​គេ​លេង​រឿង បុព្វេសន្និវាស ខ្មែរ​មួយៗ​ស្លៀក​ឈុត​បុព្វេសន្និវាស តាម​ការកេត ហេតុអ្វី​បានជា​ឈុត​បុរាណ គ្រាន់តែ​ស្លៀក​ស្បៃ​ហើយ​ហ្នឹង​ស្លៀក​សា​រ៉ុង​ធម្មតា​ហ្នឹង បែរជា​មនុស្ស​ស្លៀក​តាម​? គឺ​គេ​ដុសខាត់ គេ​ប្រើ​សិល្បៈ​របស់គេ​ធ្វើឱ្យ​ឈុត​នោះ យើង​ចង់​ស្លៀក​តាមតែ​ម្ដង​។ ហេតុអ្វី​យើង​មិនអាច​ធ្វើបាន​? មកពី​យើង​មិនមាន​សិល្បៈ​ក្នុងការ​ធ្វើ​វា​»​។​
 
​បុរស​មកពី​ខេត្តតាកែវ​រូបនេះ បាន​ប្រាប់​ពី​ការយល់ឃើញ​របស់ខ្លួន ក្នុងការ​ផលិតភាព​យ​ន្ត​ដូច្នេះ​៖«​អ្វីដែល​ខ្ញុំ​ចង់ឱ្យ​មហាជន និង​ផលិតករ​ម្ចាស់​ស្ថាប័ន ម្ចាស់​ទូរទស្សន៍ ម្ចាស់​ផលិតកម្ម និង​គ្រប់​អង្គភាព​សិល្បៈ​ដឹង ខ្ញុំ​សុំឱ្យ​គាត់​ជ្រើសរើស​សិល្បករ ដែល​គាត់​ជា​អ្នកសិល្បៈ​ពិតៗ បើ​មិនមែនជា​អ្នកសិល្បៈ គាត់​មិនអាច​ធ្វើឱ្យ​សមិទ្ធផល​សិល្បៈ ចេញមក​ពោរពេញ​ដោយ​សិល្បៈ​ទេ​។ បើសិនជា​យើង​មិនមែនជា​អ្នកសិល្បៈ យើង​ទៅ​រៀន​កុន​ពី​បរទេស ពី​ចិន កូរ៉េ អាមេរិក ក៏ដោយ អ្នក​បានតែ​បច្ចេកទេស​របស់គេ​មក​ទេ តែ​អារម្មណ៍​សិល្បៈ​របស់​អ្នក​គឺ​គ្មាន​»​។​
 
​នៅតែមាន​សុទិដ្ឋិនិយម​ជានិច្ច នូវ​អ្វីដែល​លោក​ចង់បង្ហាញ ពី​សម្បត្តិ​វប្បធម៌​របស់​ជាតិ​ទៅក្នុង​ភាពយន្ត បើទោះជា​មាន​ផលិតករ​មួយចំនួន​ថា វា​មិនអាច​ទៅរួច ហើយ​លោក​ពន្យល់​ដូច្នេះ​៖«​ផលិតករ​ភាគច្រើន​គាត់​នៅតែ​និយាយថា គាត់​ពិបាក​ក្នុងការ​សរសេរ​រឿង ពេលដែល​រដ្ឋាភិបាល​គាត់​មិន​លូកដៃ​ក្នុង​ការជួយ​។ នៅពេលដែល​ពួកគាត់​ចង់បង្ហាញ​ពី​ល្ខោនខោល ផ្សព្វផ្សាយ​ពីរ​បាំ​ព្រះរាជ​ទ្រព្យ ពី​ល្ខោនបាសាក់​។ អ្នកខ្លះ​គាត់​ថា ប៉ះ​មិន​បានទេ ក្រសួង​នឹង​ប្រតិកម្ម​។ ប៉ុន្តែ​ខ្ញុំ​នៅតែ​គិតថា រាជរដ្ឋាភិបាល​មិនបាន​ឃាត់​យើង​មិនឱ្យ​ធ្វើ​ទេ តែ​យើង​មាន​ភាព​វ័យឆ្លាត​ប៉ុន្មាន ដើម្បី​ធ្វើ​។ បើ​យើង​ធ្វើ​ខុស គឺ​គេ​ប្រតិកម្ម​ហើយ យើង​បាន​ប្រភព នៃ​ការធ្វើ​ហ្នឹង​ច្បាស់​ហើយ​ឬ​នៅ​? បើ​យើង​បាន​ប្រភព​ច្បាស់ រដ្ឋាភិបាល​គាត់​មិន​ធ្វើ​អ្វី​យើង​ទេ ហើយ​ក្រសួង​ពាក់ព័ន្ធ​ក៏​មិន​មក​ចាប់កំហុស​យើង​ដែរ​»​។


 
​រំឭក​ពី​ជីវិត​គ្រា​ដំបូង​នៃ​ការឈាន​ជើង​ឡើង លើ​នាវា​តែង​និពន្ធ លោក ពិ​សិទ្ធ ហៅ សុរិយ ត្រូវបាន​គ្រួសារ​បង្ខំ​ឱ្យ​រៀន​ជំនាញ​ដែល​ខ្លួន​មិនចេះ និង​មិន​ស្រឡាញ់​ទាល់តែសោះ​៖«​ជីវិត​នៅ​វិទ្យាល័យ​របស់ខ្ញុំ គឺ​ខ្ញុំ​សរសេរ​រឿង​បាន​២​រឿង​។ បន្ទាប់មក​ខ្ញុំ​ចេញពី​វិទ្យាល័យ ខ្ញុំ​មក​រៀន​នៅ​ភ្នំពេញ ហើយ​ខ្ញុំ​មិន​ធ្វើ​អ្វី​ក្រៅពី​ការស្វែងរក​ការងារ ជា​អ្នកនិពន្ធ​ទេ​។ អ្នកផ្ទះ​របស់ខ្ញុំ មិនឱ្យ​ខ្ញុំ​រៀនអក្សរ​សាស្ត្រ​ខ្មែរ​ទេ ព្រោះ​គាត់​មិន​ចង់ឱ្យ​ខ្ញុំ​ក្លាយជា​អ្នកនិពន្ធ​។ ខ្ញុំ​ត្រូវ​រៀន​សេដ្ឋកិច្ច ជា​មុខវិជ្ជា​ដែល​ខ្ញុំ​មិនចេះ ហើយ​មិន​ចង់​ទៀត ប៉ុន្តែ​ខ្ញុំ​ត្រូវ​រៀន ដោយសារតែ​ខ្ញុំ​បំពេញ​បំណង​របស់​អ្នកផ្ទះ​ខ្ញុំ​។ បាន​ឱកាស​ខ្ញុំ​បាន​ទៅ​លួច​រៀន នៅ​សមាគម​អ្នកនិពន្ធ​ខ្មែរ ខ្ញុំ​ទៅ​រៀន​វគ្គ​បណ្ដុះបណ្ដាល​រយៈ​ពេល​ខ្លី​រយៈពេល​៣​ខែ ប៉ុន្តែ​នៅ​ទីនោះ​ខ្ញុំ​បាន​ស្គា​ល់ពី​ក្បួន​នៃ​ការសរសេរ​កំណាព្យ អ្វី​ជា​ប្រលោមលោក ហើយ​ដឹង​តិចតួច​បំផុត​ពី​ការសរសេរ​កុន​»​។ 
 
​ខណៈពេល​មិនទាន់​មានចំណេះ​នឹង​ជំនាញ​ច្បាស់ លោក​បាន​ឈាន​ជើង​ចូល​វិថី​តែង​និពន្ធ ហើយ​វា​ធ្វើឱ្យ​លោក​ឈឺចិត្ត​មិនតិច​នោះឡើយ​។ «​ខ្ញុំ​ដើរ​ដោយ​ខ្លួនឯង​ទាំង​ឆោតល្ងង់ ធ្វើឱ្យ​ការចងចាំ​របស់ខ្ញុំ​មិនល្អ​ទេ​។ ខ្ញុំ​ធ្លាប់​ត្រូវបាន​គេ​បោកប្រាស់​ខ្ញុំ ឱ្យទៅ​ធ្វើ​ស្នាដៃ​បែបនេះ​បែប​នោះ ខ្ញុំ​មិនបាន​លុយ ខ្ញុំ​ចំណាយពេល​អត់​ប្រយោជន៍ ពេលខ្លះ​ខ្ញុំ​ត្រូ​បាន​គេ​មើលងាយ នៅពេលដែល​ខ្ញុំ​ចូលទៅក្នុង​ក្រុម​របស់​ពួកគេ​។ ប៉ុន្តែ​ជា​សំណាងល្អ នៅ​ឆ្នាំ​២០១២ ខ្ញុំ​បាន​ចូលធ្វើការ​នៅក្នុង​មណ្ឌល​ព័ត៌មាន​ស្ត្រី​កម្ពុជា​»​។​
 
​ទោះជា​យ៉ាងណា​ការ​បាន​ចូលធ្វើការ​ក្នុង​មណ្ឌល​ព័ត៌មាន​ស្ត្រី​កម្ពុជា បាន​ជួយ​លោក​ឱ្យ​ចេះ​សរសេរ​ល្ខោន​វិទ្យុ ស្ព​ត និង​ការនិពន្ធ​អត្ថបទ​ព័ត៌មាន​បាន​ច្រើន​គួរសម​។ ក្រោយ​ចេញពី​មណ្ឌល​ព័ត៌មាន​ស្ត្រី​កម្ពុជា ដើម្បី​ស្វែងរក​បទពិសោធ​បន្ថែម លោក​បាន​ទៅធ្វើ​ការ​ក្នុង​ផលិតកម្ម​ក្នុងស្រុក​មួយចំនួន ដែល​នៅ​ទីនោះ បានផ្ដល់​ឱ្យ​លោក​នូវ​ជំនាញ​ផលិត​ភាពយន្ត ក៏ដូចជា​បទពិសោធ​ជីវិត​ទាំង​ល្អ​និង​មិនល្អ​ផងដែរ​។ «​នៅ​ទីនោះ ខ្ញុំ​បាន​រៀន​ពី​វិធីសាស្ត្រ​សរសេរ​កុន​ច្រើន​មែនទែន ទាំង​កុន​ភាគ និង​កុន​បញ្ចាំង​នៅ​រោងកុន និង​រៀង​ខ្លី​។ អ្វីដែល​ខ្ញុំ​ចាប់ផ្ដើម​ស្គាល់​ខ្លួនឯង​ទៀត គឺ​ខ្ញុំ​ជា​អ្នកនិពន្ធ​របស់​ខ្មែរ ខ្ញុំ​ជា​អ្នកនិពន្ធ​ដែលមាន​គំនិត​បុរាណ ចាស់ទុំ សិល្បៈ វប្បធម៌ និង​សាសនា គឺ​ខ្ញុំ​ចាប់ផ្ដើម​តាំងចិត្ត​ខ្លួនឯង​។ ដោយសារតែ​យើង​ជា​អ្នកនិពន្ធ យើង​ត្រូវ​ប្រកាន់ខ្ជាប់​ថា យើង​ជា​អ្នកនិពន្ធ​របស់​ទឹកដី​ណា ប្រទេស​ខ្មែរ​ធ្លាប់​កាន់​ព្រហ្មញ្ញ ព្រះពុទ្ធសាសនា ទំនៀមទម្លាប់​អ្វីខ្លះ ការសំពះ ការប្រើប្រាស់​ពាក្យសម្ដី និង​រូបារម្មណ៍​របស់​មនុស្ស​ខ្មែរ​»​។

 
​ក្រោយពី​ទំនោរ​គំនិត​មិន​ស្របគ្នា លោក ពិ​សិទ្ធ ក៏បាន​បញ្ឈប់​ដំណើរ​ជីវិត​ការងារ​ដែល​ធ្វើ​ដើម្បី​តែ​ប្រាក់​នេះ មក​ធ្វើជា​អ្នកនិពន្ធ​ឯករាជ្យ​វិញ​ម្ដង​។ តែ​ការជ្រើសរើស​នេះ ក៏បាន​ធ្វើឱ្យ​លោក​វេទនា​មិនតិច​ដែរ​។ «​ខ្ញុំ​ចាប់ផ្ដើម​ជីវិត​ជា​អ្នកនិពន្ធ​ឯករាជ្យ​ម្នាក់ តែ​វា​បានធ្វើឱ្យ​ខ្ញុំ​ស្គាល់​ពី​ជីវិត​ជា​អ្នកនិពន្ធ​ឯករាជ្យ ថា​វា​លំបាក​ប៉ុណ្ណា នៅពេលដែល​យើង​មិនមាន​ទីផ្សារ​ច្រើន គឺមាន​វិប្បតិ​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ​បំផុត​។ បើទោះជា​ខ្ញុំ​ធ្លាប់​ចូលក្នុង​ផលិតកម្ម​២ ទៅ​៣ ទៅហើយ​ក៏ដោយ ប៉ុន្តែ​ឈ្មោះ​របស់ខ្ញុំ នៅ​មិនទាន់​ល្បី​ទេ​។ នៅក្នុង​សង្គម​ខ្មែរ​ភាគច្រើន បើទោះបីជា​បុគ្គល​ហ្នឹង​មិនសូវ​ពូកែ​ក៏ដោយ ប៉ុន្តែ​បើ​បុគ្គល​ហ្នឹង​មានឈ្មោះ​ល្បី​ហើយ គឺ​មនុស្ស​ចូលចិត្ត​ណាស់ ជាពិសេស​ដៃគូ​ផលិត​។ បើ​ខ្ញុំ​មិន​ទៅរក​គេ​ក៏​គេ​មករក​ខ្ញុំ​ដែរ ហើយ​បើ​ទោះ​ស្នាដៃ​ខ្ញុំ​មិនល្អ​មើល​ក៏ដោយ ក៏​គេ​យក​ខ្ញុំ​ដែរ​»​។​
 
​ទោះជា​យ៉ាងណា អ្នកនិពន្ធ​រូបនេះ នៅតែមាន​ក្ដី​ស្រមៃ លើ​វិថី​តែង​និពន្ធ​ដដែល​។ «​ក្ដី​ស្រមៃ​របស់ខ្ញុំ​ទៅ​ថ្ងៃ​អនាគត គឺ​ខ្ញុំ​ចង់បាន​ឱកាស​ផ្សព្វផ្សាយ ពី​សិល្បៈ​វប្បធម៌​ខ្មែរ នៅក្នុង​រឿងកុន​របស់​ខ្មែរ​។ ក្ដី​ស្រមៃ​របស់ខ្ញុំ គឺ​ខ្ញុំ​ចង់ឱ្យ​រឿងកុន​ខ្មែរ ត្រូវបាន​គេ​មើល និង​កោតសរសើរ​ដូចគ្នា​។ យើង​បម្រើប្រជាជន​យើង នៅក្នុង​ស្រុក​សិន ចាំ​យើង​បម្រើ​អារម្មណ៍​ប្រជាជន​គេ​ផ្សេង​។ បើ​រឿង​របស់​យើង ខ្មែរ​យើង​មើល​មិន​ចូល​ផង យើង​ឱ្យ​បរទេស​មើល​ធ្វើ​អី ប៉ុន្តែ​បើ​រឿង​យើង​ល្បី​ក្នុងស្រុក​ខ្មែរ ប្រា​ដក​ជា​ល្បី​ធ្លាយ​ដល់​បរទេស​ហើយ​»៕
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com