ជាតិ
ក្រសួងកសិកម្ម​ជំរុញ​ការបង្កបង្កើន​ផល​កសិក​ម្ម​នៅ​រដូវវស្សា​
11, Apr 2020 , 10:59 pm        
រូបភាព
រូបភាពពីក្រសួងកសិកម្ម
រូបភាពពីក្រសួងកសិកម្ម
​ភ្នំពេញ​៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានចេញ​សេចក្ដីណែនាំ​ពី​ការពិនិត្យ​សន្និធិ​ស្បៀង​សម្រាប់​ឆ្លើយតប​ទៅនឹង​ហានិភ័យ​នៃ​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩​។​



​ផលប៉ះពាល់​ដែល​អាច​កើតមាន​អំឡុងពេល​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ លើ​វិស័យ​កសិកម្ម ក្រសួងកសិកម្ម​បាន​ណែនាំ​ឲ្យ​អ្នក​ដែល​ពាក់ព័ន្ធ​ទាំងអស់ ត្រូវអនុវត្ត​នូវ​វិធានការ​ចាំបាច់ ដោយ​ជំរុញ​ការងារ​បង្កបង្កើនផល​កសិកម្ម​នៅក្នុង​រដូវវស្សា​ឆ្នាំ​២០២០ ដើម្បី​ធានា​សន្និធិ​ស្បៀង​សម្រាប់​ឆ្លើយតប​ទៅនឹង​ហានិភ័យ​នាពេលខាងមុខ​។ 
 
​សម្រាប់​ការអនុវត្ត នាយកដ្ឋាន​កសិកម្ម ត្រូវ​ស្មាន​ពី​បរិមាណ​ស្រូវ អង្ករ ដែលមាន​ក្នុង​ស្តុក ទាំង​ក្នុង​រោង​ម៉ាស៊ីនកិនស្រូវ ក្នុង​សហគមន៍ និង​គ្រួសារ​កសិករ ដើម្បី​អាច​ព្យាករណ៍​ពី​តុ​ល្យា​ភាព​ស្បៀង​ច្បាស់លាស់​ក្នុង​ឆ្នាំ​២០២០​។ ក្នុងនោះ​នាយកដ្ឋាន​ត្រូវ​សិក្សា​ផ្ទៃដី​មាន​សក្ដានុពល​អាច​ដាំ​ដុះ​បន្លែ និង​បរិមាណ​ផល​ដែល​អាច​រក្សាបាន​ស្ថិរភាព​ស្បៀង​ដោយ​សហការ​ជាមួយ​នាយកដ្ឋាន​ផែនការ​ស្ថិតិ និង​មន្ទីរ​កសិកម្ម​រាជធានី​ខេត្ត​ផងដែរ​។ 
 
​ក្រៅពីនោះ ផលិតកម្ម​សត្វ​ក៏ត្រូវ​ធ្វើការ​ប៉ាន់ស្មាន​ពី​តម្រូវការ​សាច់ និង​ការផ្គត់ផ្គង់​សម្រាប់​ឆ្នាំ​២០២០ ដើម្បី​អាច​ជំរុញ​ការ​ចិញ្ចឹមសត្វ ក៏ដូចជា​ធានា​លើ​ការ​ផ្ក​ត់​ផ្គង់​ថែម​ទៀតផង​។ ការចិញ្ចឹម​សត្វ​អាចមាន​គ្រប់បែបយ៉ាង​ដូចជា ការចិញ្ចឹម​សត្វ​ដែលមាន​វដ្ដ​ផលិតកម្ម​ខ្លី ដោយមាន​ការចូលរួម​ពី​គ្រប់ភាគី​ពាក់ព័ន្ធ ទាំង​វិស័យ​ឯកជន និង​សហគមន៍​ផងដែរ​។ 
 
​បន្ថែម​ពី​នោះ មន្ទីរ​កសិកម្ម​ទាំងអស់​ត្រូវមាន​វិធានការ ក្នុងការ​ទប់ស្កាត់​ការ​លួច​នាំចូល​សត្វ ឬ​សាច់សត្វ​ដោយ​ខុសច្បាប់ ដើម្បី​បញ្ចៀស​ពី​ការឆ្លង​ជំងឺ​សត្វ​ជាយថាហេតុ​។ សម្រាប់​រដ្ឋបាល​ជលផល ក៏ត្រូវ​ធ្វើការ​ស្មាន​ផងដែរ​ពី​តម្រូវការ ក៏ដូចជា​ការផ្គត់ផ្គង់​ផល​នេសាទ ដើម្បី​ធានា​ដល់​ការប្រើប្រាស់​ក្នុងស្រុក ហើយ​និង​ត្រូវ​រក្សា​ឲ្យ​បាន​ស្ថិរភាព​តម្លៃ និង​បរិមាណ​គ្រប់គ្រាន់​ផងដែរ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com