COVID-19
អន្តរជាតិ
ប្រធានាធិបតី​ឥណ្ឌូណេស៊ី អរគុណ​ប្រជាជន ដែល​បាន​ស្នាក់​នៅផ្ទះ និង​មិន​ប៉ះពាល់​គ្នា​ដោយផ្ទាល់​
12, Apr 2020 , 11:29 am        
រូបភាព
ដោយ:
​ប្រធានាធិបតី​ធិបតី​ឥណ្ឌូណេស៊ី លោក ចូ​កូ វី​ដូ​ដូ បានចេញ​សារ​ផ្លូវការ​មួយ ដើម្បី​អរគុណ​ដល់​ប្រជាជន ដែល​ចូលរួម​ជាមួយនឹង​រដ្ឋា​ភិ​បាល​ក្នុង​វិធានការ ការពារ និង​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​ផ្លូវដង្ហើម​ធ្ងន់ធ្ងរ Covid-19 តាមរយៈ​ការមិន​មានការ​ជួបជុំ និង​មិន​ដើរហើរ​ផ្តេសផ្តាស​។​

 
​តាមរយៈ​គណនី YouTube ផ្លូវការ​របស់​លេខាធិការដ្ឋាន​ប្រធានាធិបតី​ឥណ្ឌូណេស៊ី ដែល​ផ្សាយ​ចេញ​ថ្ងៃទី​១០ មេសា លោក ចូ​កូ វី​ដូ​ដូ បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា​៖« ខ្ញុំ ពិតជា​អរគុណ​ដែល​អ្នក​គ្រប់គ្នា​បាន​ស្នាក់​នៅផ្ទះ ពីព្រោះ​ការធ្វើ​បែបនេះ គឺជា​ផ្នែក​មួយ​ក្នុងការ​កាត់ផ្តាច់​នៃ​ការឆ្លង​របស់ Covid-19 ដែល​មានន័យថា យើង​បាន​ជួយ​អាយុជីវិត​គ្រួសារ​ជាច្រើន​ផ្សេងទៀត​ពី​វីរុស​នេះ​ផងដែរ​»​។ នេះ​បើ​យោងតាម Jakarta Post​។​
 
​តាម​ប្រភពព័ត៌មាន​ដដែល លោក​ប្រធានាធិបតី ក៏បាន​អំពាវនាវ​ដល់​គ្រប់ភាគី​ពាក់ព័ន្ធ​ក្នុងសង្គម​ទាំងអស់​ចូលរួម​ជាមួយគ្នា​ដើម្បី​ការពារ និង​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ ដោយ​ឈរលើ​ស្មារតី​រួមគ្នា​តែមួយ ។ លោក ជឿជាក់ ថា ឥណ្ឌូណេស៊ី អាច​រួច​ផុតពី​វិបត្តិ​មួយ​នេះ​បាន​។​
 
​ប្រមុខ​ដឹកនាំ​ឥណ្ឌូណេស៊ី​រូបនេះ បានស្នើ​ឲ្យ​ប្រជាជនមាន​ការអត់ធ្មត់ និង​សុទិដ្ឋិនិយម​ចំពោះ​វិធានការ ដោយ​លោក សង្កត់ធ្ងន់ថា នៅពេលដែល​យើង​អាច​រក្សា​នូវ​វិន័យ និង​បទបញ្ជា​បាន​តាមរយៈ​ការ​ស្នាក់​នៅផ្ទះ និង​មិន​ធ្វើ​ប្រាស្រ័យ​ទាក់ទង​ដោយផ្ទាល់ នោះ ស្ថានភាព​អាច​ត្រលប់​ទៅរក​ភាព​ដើម​ឆាប់រហ័ស​ជាពុំខាន​។ 
 
​មិន​ខុសពី​មេដឹកនាំ​ផ្សេងទៀត​ដែរ លោក​ប្រធានាធិបតី ក៏បាន​អរគុណ​ដល់​បុគ្គលិក​សុខាភិបាល​ទាំងអស់ ដែល​ប្រឹងប្រែង​ក្នុងការ​អនុវត្ត​ការងារ ដោយ​លោក ចាត់ទុក ថា នេះ គឺជា​ការលះបង់​មួយ​ដែល​មិនអាច​ប្រៀបផ្ទឹម​បានឡើយ​។ 
 
​គិត​ត្រឹម​ថ្ងៃទី​១២ មេសា ឥណ្ឌូណេស៊ី បាន​មាន​ករណី​ឆ្លង​ជំងឺ​ផ្លូវដង្ហើម Covid-19 ទូទាំងប្រទេស​ចំនួន ៣៨៤២ ករណី ដែល​ក្នុងនោះ​មាន​ករណី​ស្លាប់​៣២៧ ករណី និង​ជាសះស្បើយ​វិញ ២៨៦​ករណី​៕ 
 
 

Tag:
 ឥណ្ឌូណេស៊ី​
  Covid-19
© រក្សាសិទ្ធិដោយ thmeythmey.com