COVID-19
អន្តរជាតិ
មី​យ៉ាន់​ម៉ា​ពិចារណា​កម្ចី​បន្ទាន់​ពី IMF, World Bank ដើម្បី​ទប់ស្កាត់ Covid-19 និង​ស្រោចស្រង់​សេដ្ឋកិច្ច​
12, Apr 2020 , 6:59 pm        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
ដោយ:
​រដ្ឋាភិបាល​ក្រុង​ណៃ​ពិដោរ កំពុង​ពិចារណា​លើ​ការធ្វើ​កម្ចី​ពី​ដៃគូ​ហិរញ្ញវត្ថុ​អន្តរជាតិ​ធំៗ ដើម្បី​យក​ថវិកា​ទាំងនោះ​ទ្រទ្រង់​ចំណាត់ការ​របស់​រដ្ឋាភិបាល​ក្នុងការ​ប្រឆាំងនឹង​ជំងឺ​ផ្លូវដង្ហើម​ធ្ងន់ធ្ងរ Covid-19 ក៏ដូចជា​ដើម្បី​ស្រោចស្រង់​សេដ្ឋកិច្ចជាតិ ដែល​កំពុងតែ​ធ្លាក់ចុះ​ជា​បន្តបន្ទាប់​។​

 
​តាមរយៈ​កិច្ចសម្ភាសន៍​ជាមួយនឹង​សារព័ត៌មាន Bloomberg នាពេល​ថ្មីៗ​នេះ មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា លោក  Aung Naing Oo បាន​ឲ្យ​ដឹងថា រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា បាន​មាន​កិច្ចពិភាក្សា​ជាមួយនឹង​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) និង​ធនាគារពិភពលោក (WB) ស្តីពី​លទ្ធភាព​នៃ​កម្ចី ដើម្បី​យកមក​ស្តា និង​អភិវឌ្ឍន៍​ប្រទេស ជាពិសេស​នោះ​លើ​ផលប៉ះពាល់​សេដ្ឋកិច្ច ដោយសារតែ​វីរុស Covid-19​។​
 
​នា​កិច្ចសម្ភាសន៍​ដដែល​នោះ លោក លើកឡើងថា មី​យ៉ាន់​ម៉ា អាច​នឹងធ្វើ​កម្ចី​មួយ​បន្ទាន់​នាពេលខាងមុខ ប្រសិនបើ មាន​ករណី​ចាំបាច់​ខ្លាំង ដែល​នេះ គឺជា​ផែនការ​មួយ ដើម្បី​កាត់បន្ថយ​ឲ្យ​នៅ​តិច​បំផុត​នៃ​ផលប៉ះពាល់​លើ​សេដ្ឋកិច្ចជាតិ ដោយសារតែ​វីរុស Covid-19​។ 
 
​កន្លងមក អង្គការ និង​ស្ថាប័ន​ផ្តល់​កម្ចី​អន្តរជាតិ​ជាច្រើន បាន​សន្យា​ផ្តល់​កម្ចី​ទ្រង់ទ្រាយ​ធំ​ដើម្បី​ជួយ​ដល់​ប្រទេស ដែល​រង​ផលប៉ះពាល់​ខ្លាំង​ដោយសារ ជំងឺ​ផ្លូវដង្ហើម​ធ្ងន់ធ្ងរ Covid-19​។ សម្រាប់ IMF បានប្រកាស​ពី​ភាព​រួចរាល់ ក្នុងការ​ទម្លាក់​លុយរ​បស់​ខ្លួន​ជា​កម្ចី ប្រមាណ ១ ទ្រី​លាន​ដុល្លារ ខណៈ ធនាគារពិភពលោក អាចមាន​លទ្ធភាព​បញ្ចេញ​កញ្ចប់​កម្ចី​ទំហំ ១៦០ ពាន់​លាន​ដុល្លារ ក្នុង​រយៈពេល​១៥​ខែ​។ 
 
​តាម​របាយការណ៍​រប​ស់ ធនាគារពិភពលោក  មាន​រោងចក្រ​ជាច្រើន​ហើយ​នៅ​មី​យ៉ាន់​ម៉ា ជាពិសេស​លើ វិស័យ​កាត់ដេរ បាន​បិទទ្វារ ដែល​បាន​បណ្តាល​ឲ្យ​កម្មករ​ត្រូវ​បាត់បង់​ការងារ​ជា​បន្តបន្ទាប់​។ រីឯ​កំណើនសេដ្ឋកិច្ច​មី​យ៉ាន់​ម៉ា​វិញ បាន​ធ្លាក់ចុះ និង​ព្យាករ​ថា នៅ​ចន្លោះ ២-៣ ភាគរយ​ក្នុងឆ្នាំនេះ បើ​ប្រៀបធៀប​ឆ្នាំមុន​កំណើនសេដ្ឋកិច្ច កើនឡើង​រហូតដល់ ៦.៤ ភាគរយ​ឯណោះ​។​
 
​គិត​ចាប់ពី​វីរុស Covid-19 បាន​ផ្ទុះឡើង រដ្ឋាភិបាល​របស់លោក​ស្រី អ៊ុង​សាន ស៊ូ​ជី បានប្រកាស​កម្មវិធី​ផ្តល់​កម្ចី​ដើម្បី​ទ្រទ្រង់​ដល់​អាជីវកម្ម​ក្នុងប្រទេស ក្នុង​ទំហំ ៧០ លាន​ដុល្លារ ក៏ប៉ុន្តែ​កម្មវិធី​ជំនួយ​នេះ ត្រូវបាន​រំពឹងថា នឹង​មិនមាន​ចំនួន​គ្រប់គ្រាន់​ដើម្បី​ស្តា​លើ​ផលប៉ះពាល់​នេះ​បានឡើយ​៕ 
 

Tag:
 មី​យ៉ាន់​ម៉ា​
  Covid19
  WB
  IMF
© រក្សាសិទ្ធិដោយ thmeythmey.com