COVID-19
អន្តរជាតិ
COVID-19៖ វៀតណាមប្រើវិធីសាស្ត្រ «ម៉ាស់ការទូត» ប្រជែងឥទ្ធិពលចិន រូបភាព៖ Reuters
× បន្ទាប់ពីជំងឺរលាកសួត ដែលបង្កដោយកូរ៉ូណាវីរុស (COVID-19) បានអុកឡុកពិភពលោកបានមួយរយៈមក ចិនបានបរិច្ចាគម៉ាស់ និងសម្ភារវេជ្ជសាស្ត្រជាច្រើនផ្សេងទៀត ទៅឲ្យបណ្តាប្រទេសអឺរ៉ុបដូចជាអ៊ីតាលី អេស្ប៉ាញ និងប្រទេសផ្សេងទៀតជាដើម។ ក្រៅពីចិន វៀតណាមក៏បានពង្រីកការទូតរបស់ខ្លួនផងដែរ តាមរយៈការបរិច្ចាគម៉ាស់ និងសម្ភារវេជ្ជសាស្ត្រ ទៅឲ្យអាមេរិក បណ្តាប្រទេសអឺរ៉ុប និងបណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃទី១០ ខែមេសា។
ខណៈពេលចិនកំពុងព្យាយាមបង្កើនទំនុកចិត្តរបស់ខ្លួននៅលើឆាកអន្តរជាតិ តាមរយៈការបញ្ជូនអ្នកជំនាញ សម្ភារវេជ្ជសាស្ត្រ និងឧបករណ៍ផ្សេងទៀត ទៅឲ្យបណ្តាប្រទេសមួយចំនួន វៀតណាមឯណោះវិញ ក៏បានចាប់ផ្តើមបរិច្ចាគសម្ភារវេជ្ជសាស្ត្រដូចគ្នា បើទោះបីជាមិនសូវមានធនធានដូចចិនក៏ដោយ។ ក្នុងរយៈពេលកន្លងមកវៀតណាម បានបរិច្ចាគម៉ាស់ចំនួន ៥៥ម៉ឺនសន្លឹកទៅឲ្យបារាំង អាល្លឺម៉ង់ អ៊ីតាលី អេស្ប៉ាញ និងអង់គ្លេសជាដើម។ បន្ថែមពីលើនេះ វៀតណាមក៏បានបរិច្ចាគម៉ាស់ចំនួន ៣៩ម៉ឺនសន្លឹក និង ឡាវ ៣៤ម៉ឺនសន្លឹក ដែលជាប្រទេសជិតខាងរបស់ខ្លួនដែរ។
បន្ថែមពីលើនេះ វៀតណាម ក៏ជាប្រទេសមួយដែលអាចផលិតម៉ាស់លក់ឲ្យអាមេរិកផងដែរ។ តាមរយៈបណ្តាញសង្គម Twitter ប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ បានអរគុណវៀតណាម ដែលចំណាយការដឹកជញ្ជូនដល់អាមេរិកនូវសម្ភារការពារ ខោអាវការពារចំនួន ៤៥ម៉ឺន។ ការណ៍នេះ បានធ្វើឲ្យវៀតណាម កាន់តែមានកេរ្តិ៍ឈ្មោះបន្ថែមទៀតនៅលើឆាងអន្តរជាតិ។
បើតាមលោក Carl Thayer អ្នកជំនាញការទូតវៀតណាមប្រចាំបណ្ឌិតសភាការពារជាតិអូស្ត្រាលី វៀតណាម កាន់តែមានទំនុកចិត្តថែមទៀត ក្នុងការដោះស្រាយបញ្ហាដោយជោគជ័យជាមួយកូរ៉ូណាវីរុស។ ក្នុងន័យនេះ វៀតណាមបានត្រៀមខ្លួនជាស្រេច ក្នុងការដោះស្រាយ COVID-19 ក្នុងដំណាក់កាលទី២។
ក្នុងកាលៈទេសៈវៀតណាមកំពុងជាប់ដៃប្រយុទ្ធជាមួយ COVID-19 ក៏ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ មិនភ្លេចជួយមិត្តជិតខាងរបស់ខ្លួន ដូចជាកម្ពុជា និងឡាវឡើយ។ បើតាមអ្នកនាំពាក្យក្រសួងការបរទេសវៀតណាម ការបរិច្ចាគនេះ គឺផ្អែកទៅតាម ទំនាក់ទំនង និងមិត្តភាព។
វៀតណាម មានក្រុមហ៊ុនផលិតម៉ាស់ចំនួន ៤០ ដែលមានសមត្ថភាពផលិតម៉ាស់រហូតដល់ ៧លានសន្លឹកក្នុងមួយថ្ងៃ។ ចំណែកម៉ាស់វះកាត់ វៀតណាមអាចផលិតបានរហូតដល់ទៅ ៥,៧២លានសន្លឹក៕
Tag:
វៀតណាម
ចិន
COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com