COVID-19
ជាតិ
កាលៈទេសៈ​កូ​វីដ​-១៩ ត្រូវការ​អ្នក​ស្តាប់ និង​ធ្វើតាម​ការណែនាំ ជាជាង​អ្នក​មានតែ​ទ្រឹស្តី​!
12, Apr 2020 , 2:33 pm        
រូបភាព
សកម្មភាពបិទផ្លូវនៅតាមផ្លូវជាតិលេខ  ១ស្ថិតនៅក្នុងភូមិកំពង់ភ្នំស្រុកលើកលើកដែកខេត្តកណ្ដាល  កាលពីថ្ងៃទី១១ខែមេសា ឆ្នាំ២០២០។ ថតដោយ ប៉ូ សាគុន
សកម្មភាពបិទផ្លូវនៅតាមផ្លូវជាតិលេខ ១ស្ថិតនៅក្នុងភូមិកំពង់ភ្នំស្រុកលើកលើកដែកខេត្តកណ្ដាល កាលពីថ្ងៃទី១១ខែមេសា ឆ្នាំ២០២០។ ថតដោយ ប៉ូ សាគុន
​មនុស្សម្នា​ក់មាន​ការងា​រ​ដែល​ត្រូវធ្វើ មាន​កាតព្វកិច្ច​ដែល​ត្រូវបំពេញ មានគ្រួសារ​ដែល​ត្រូវ​ជួបជុំ​។ ពិតជា​ពិបាក​ទ្រាំ​ខ្លាំងណាស់​។ ប៉ុន្តែ​កាលៈទេសៈ​នៃ​ការ​រាលដាល​ជំងឺ​ផ្លូវដង្ហើម COVID-19 វា​ជា​កត្តា​ដែល​តម្រូវ​ឲ្យ​យើង​ទ្រាំ​ឲ្យ​បានជា​ដាច់ខាត ដោយ​គោរព​តាម​បទបញ្ជា​របស់​រដ្ឋាភិបាល ក៏ដូចជា​ការណែនាំ​រប​ស់​ក្រសួងសុខាភិបាល​។ បទបញ្ជា ធ្វើឡើង​ដើម្បី​បង្ការ ទប់ស្កាត់​ការរីក​សាយភាយ​ជំងឺ​រាតត្បាត​សាកល​មួយ​នេះ ។

 
​គិត​មក​ត្រឹម​ថ្ងៃទី​១២ ខែមេសា កម្ពុ​ជាមាន​ករណី​COVID-19 សរុប​ចំនួន ១២២​ករណី និង​អ្នកជា​សះស្បើយ​សរុប ៧៧​ករណី​។ យ៉ាងណាក៏ដោយ ក្រសួងសុខាភិបាល កំពុង​តាមដាន និង​ស៊ើបអង្កេត​ស្វែងរក​អ្នក​ផ្ទុក​កូ​រ៉ូ​ណា​វីរុស​បន្ថែមទៀត ដើម្បី​ការពារ និង​បង្ការ​ករណី​ឆ្លង​នៅក្នុង​ប្រទេស​។ ទន្ទឹមគ្នានេះ រាជរដ្ឋាភិបាល​កម្ពុជា​ក៏បាន​ដាក់ចេញ​វិធានការ​មួយចំនួន​ផងដែរ ដើម្បី​ប្រយុទ្ធប្រឆាំង​ជាមួយ COVID-19 ដូចជា​បិទ​សាលារៀន អំពាវនាវ​មិន​ឲ្យ​មានការ​ជួបជុំ​ពិធី​សាសនា​ជាដើម​។ មួយរយៈ​ចុងក្រោយ​នេះ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​លុបចោល​ការ​ប្រារព្ធ​ពិធី​ចូលឆ្នាំថ្មី​ផងដែរ ដើម្បី​មិន​ឲ្យ​មានការ​ជួបប្រជុំ​ណាមួយ ដែល​បណ្តាល​ឲ្យ​មានការ​រីកសាយ​ភាយ​COVID-19 កាន់តែ​ធំ និង​ពិបាក​គ្រប់គ្រង​។​
 
 
 បើទោះបីជា​លុបចោល​ពិធី​ចូលឆ្នាំ​ខ្មែរ​ក៏ពិតមែន ប៉ុន្តែ​មាន​មនុស្ស​មួយចំនួន ដូចជា​កម្មករ កម្មការិនី​រោងចក្រ បុគ្គល​ធ្វើការ​នៅ​រាជធានី​ភ្នំពេញ និង​ប្រជាជន​ផ្សេងទៀត ត្រូវបាន​គេ​រំពឹងថា អាច​នឹង​មកលេង​ស្រុកកំណើត​ក្នុងអំឡុង​ពេលនេះ​។ ដើម្បី​ទប់ស្កាត់ និង​បង្ការ​ការ​រាតត្បាត​COVID-19 ដោយ​ប្រការ​ណាមួយ​តាមរយៈ​ការធ្វើដំណើរ​មកលេង​ស្រុកកំណើត ការធ្វើដំណើរ​ឆ្លងខេត្ត ស្រុក ឬ​តំបន់ រដ្ឋាភិបាល​បានចេញ​បទបញ្ជា​មួយ ដើម្បី​ហាមឃាត់​ការធ្វើដំណើរ​។ នេះ​គឺជា​វិធានការ​មួយ​ក្នុងចំណោម​វិធានការ​ផ្សេងទៀត ដែល​អាច​ទប់ស្កាត់​ការរីក​សាយភាយ COVID-19 នៅក្នុង​ប្រទេស​កម្ពុជា​។ 
 
​តើ​មូល​ហេតុអ្វី​បានជា​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវតែ​គោរព​បទបញ្ជា​ដាក់​កំហិត​ការធ្វើដំណើរ​មួយ​នេះ​? 
 
 
​ទប់ស្កាត់​ករណី​ឆ្លង COVID-19 ពី​បុគ្គល​ម្នាក់​ទៅ​បុគ្គល​ម្នាក់ និង​ករណី​ឆ្លង​ជា​សហគមន៍​
COVID-19 គឺជា​ជំងឺឆ្លង​ម្យ៉ាង ដែល​អាច​ឆ្លង​តាមរយៈ​ដំណក់ទឹក ដែល​ចេញពី​មាត់​អ្នកជំងឺ តាមរយៈ ការ​ក្អក ការ​កណ្តាស់ សម្បោរ ឬ​និយាយ​ជាដើម​។ តាមរយៈ​បទពិសោធន៍​កម្ពុជា​កន្ល​ង​មក ក្រសួងសុខាភិបាល​បាន​រកឃើញ​អ្នក​ឆ្លង​ក្នុង​ប្រទេសមួយ​ភាគតិច​នៅឡើយ ហើយ​ក្រសួង​ក៏​កំពុងតែ​ស៊ើបអង្កេត​បន្តទៀត​។ ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ ក្រសួងសុខាភិបាល​មិនទាន់​បញ្ជាក់​បានទេ​ថា បាន​រកឃើញ​ករណី COVID-19 នៅក្នុង​ប្រទេស​អស់​នៅឡើយ​ទេ ហើយ​អ្វីដែល​ប្រជាជន​កម្ពុជា ត្រូវ​ចូលរួម​ទប់ស្កាត់​នៅពេលនេះ គឺ​អនុវត្តតាម​អនុសាសន៍​របស់​ក្រសួងសុខាភិបាល និង​បទបញ្ជា​របស់​រដ្ឋាភិបាល​។ 
 
​ប្រសិនបើ​ប្រជាជន​កម្ពុជា នៅតែ​រឹងទទឹង និង​មិន​គោរព​តាម​វិធានការ​របស់​រដ្ឋាភិបាល វា​អាច​នឹង​បណ្តាល​ឲ្យ COVID-19 កាន់តែ​រីក​ធំ​ជាង​មុន និង​កាន់តែ​ពិបាក​គ្រប់គ្រង​។ ម្យ៉ាងវិញទៀត COVID-19 គឺជា​ជំងឺឆ្លង​ថ្មី ដែល​ពិបាក​ណាស់​សម្រាប់​មនុស្ស​ម្នាក់ៗ ក្នុងការ​វាយតម្លៃ ថា​តើ​មនុស្សម្នា​ក់មាន​ផ្ទុក​កូ​រ៉ូ​ណាវី​រុស ឬក៏​អត់ ពោលគឺ​ទាល់តែ​ទៅធ្វើ​តេស្ត​នៅ​មន្ទីរពេទ្យ ឬ​មណ្ឌល​សុខភាព ព្រោះ​COVID-19 មាន​លក្ខណៈ​ស្រដៀង​នឹង​ជំងឺ​ផ្តាសាយ​ដែរ​។​
 
​ក្នុងករណី​អ្នកជំងឺ​COVID-19 បានធ្វើ​ដំណើរ​ឆ្លងខេត្ត ឬ​តំបន់ និង​មានការ​ជួបប្រជុំគ្នា វា​នឹង​បណ្តាល​ឲ្យ​មនុស្ស​ជាច្រើន​អ្នក​ផ្សេងទៀត ឆ្លង​ដោយ​មិនដឹង​ខ្លួន ហើយ​អ្នក​ឆ្លង​ថ្មី និង​ចម្លង​ទៅ​មនុស្ស​ផ្សេងទៀត ដែល​ធ្វើ​ឲ្យ​ក្រសួងសុខាភិបាល​កាន់តែ​ពិបាក​រក​ផ្ទុក COVID-19​។ អ្វីដែល​រដ្ឋាភិបាល​កម្ពុ​ជា ព្រួយបារម្ភ​នៅពេលនេះ គឺ​ការឆ្លង​ជា​សហគមន៍ ដែលជា​ការចម្លង​កូ​រ៉ូ​ណាវី​រុស​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ផ្សេងទៀត ដោយ​មិនដឹង​ប្រភព​ចម្លង​។ ការឆ្លង​ជា​សហគមន៍​នេះ វា​បាន​កើតឡើង​រួចមកហើយ នៅតាម​បណ្តា​ប្រទេសមួយ​ចំនួន​ដូចជា អ៊ីតាលី អាមេរិក ឥណ្ឌូណេស៊ី អេស្បាញ ម៉ាឡេស៊ី​ជាដើម​។ 
 
​ម្យ៉ាងទៀត បទបញ្ជា​របស់​រដ្ឋាភិបាល ធ្វើឡើង​ក្នុង​គោលបំណង​ទប់ស្កាត់ COVID-19 ដែល​អាច​រីកសាយ​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ ពី​តំបន់​មួយ​ទៅ​តំបន់​មួយទៀត​បានដែរ​។ ជាពិសេស បម្រាប់​របស់​រដ្ឋាភិបាល គឺ​ការពារ​ដល់ក​ម្មករក​ម្ម​ការិនី​រោងចក្រ ដែលមាន​បំណង​ចង់ទៅ​លេង​ស្រុក​។ ជា​ឧទាហរណ៍​៖ ប្រសិន​កម្មករ ឬ​ក​ម្មកា​នី​ម្នាក់ ទៅលេង​ស្រុក និង​ឆ្លង​កូ​រ៉ូ​ណាវី​រុស​។ នៅពេល​ត្រលប់មក​ធ្វើការ​វិញ តើ​មាន​កម្មករ ឬ​ក​ម្មកា​នី​ប៉ុន្មាន​នាក់​ផ្សេងទៀត អាច​ឆ្លង​កូ​រ៉ូ​ណាវី​រុស​? ត្រង់ចំណុច​ផ្ទុក​កូ​រ៉ូ​ណាវី​រុស​នេះ បើតាម​ទិន្នន័យ​របស់​មជ្ឈមណ្ឌល​ទប់ស្កាត់ និង​បង្ការ​ជំងឺឆ្លង​អាមេរិក​បាន​រកឃើញថា អ្នកជំងឺ​ជនជាតិ​អាមេរិក​ប្រមាណ​ជា ២៥​ភាគរយ​មាន​ផ្ទុក COVID-19 ដោយ​មិនមាន​ចេញ​រោគសញ្ញា និង​ចម្លង​កូ​រ៉ូ​ណា​វីរុស​ទៅ​មនុស្ស​ផ្សេងទៀត មុន​ពេលចេញ​រោគសញ្ញា​។ បើសិន​កម្ពុ​ជាមាន​ករ​ណី​បែបនេះ ដូច​អាមេរិក​វិញ រដ្ឋាភិបាល​នឹង​កាន់តែ​ពិបាក​ក្នុងការ​គ្រប់គ្រង​។ 
 
 
​ការពារ​ការចម្លង​COVID-19 ទៅ​មនុស្ស​ចាស់ និង​ឪពុកម្តាយ​
​តាមរយៈ​បទពិសោធន៍​នៅតាម​បណ្តា​ប្រទេស​ផ្សេងៗ មនុស្ស​ចាស់ គឺជា​ជន​ងាយ​រងគ្រោះ​បំផុត ដោយសារ COVID-19 ព្រោះ​ក្នុង​វ័យ​នេះ មនុស្ស​ចាស់​មាន​ជំងឺ​រាំ​រ៉ៃ​ច្រើន ប្រព័ន្ធ​ភាពស៊ាំ​ចុះខ្សោយ និង​ពិបាក​ក្នុងការ​ប្រយុទ្ធ​ជាមួយ​កូ​រ៉ូ​ណាវី​រុស​។ បទបញ្ជា​រដ្ឋាភិបាល ក៏​ជា​អាវុធ​មួយ​ក្នុងការ​ការពារ​លោកយាយ លោកតា​ចាស់ៗ និង​ឪពុកម្តាយ ដែល​នៅ​ស្រុក​ពី COVID-19 ដែល​អាច​ឆ្លង​ដោយ​ប្រការ​ណាមួយ​ពី​កូនៗ ឬ​សាច់ញាតិ​របស់លោក​។ បញ្ហា​នេះ វា​បាន​កើតឡើង​រួច​នៅ​ប្រទេស​ថៃ ដែល​យុវជន​ក្មេង ក៏ដូចជា​សាច់​ញាត់​បាន​ចម្លង COVID-19 ទៅ​មនុស្ស​ចាស់ និង​ឪពុកម្តាយ​ខ្លួន​។ 
 
​បើតាម​ចុះផ្សាយ​របស់​កាសែត Bangkok Post  នៅ​ទីក្រុង​បាងកក តួលេខ​អ្នក​ឆ្លង ដែលមាន​អាយុ​លើសពី​៦០​ឆ្នាំ​ចំនួន ៣៥​ភាគរយ គឺ​មកពី​សមាជិកគ្រួសារ ២១​ភាគរយ​មកពី​មិត្តភក្តិ ១៦​ភាគរយ​មកពី​កន្លែង​ញាំ​អាហារ ឬ​ហាង​កាហ្វេ និង ២២​ភាគរយ​គឺ​មកពី​អ្នក​រួម​ការងារ និង​មិនដឹង​ប្រភព​ចម្លង​។ ចំណែក​មនុស្ស​ចាស់​ផ្ទុក​COVID-19 រស់​នៅតាម​ខេត្ត​វិញ មាន​តួលេខ​ឆ្លង​ខ្លាំង​បំផុត​ពី​សមាជិកគ្រួសារ​រហូតដល់ ៤៩​ភាគរយ​ឯណោះ​។ ១៣​ភាគរយ គឺ​ឆ្លង​មកពី​មិត្តភក្តិ ១៤​ភាគរយ​មកពី​កន្លែង​ញាំ​អាហារ ហាង​កាហ្វេ និង​១៥​ភាគរយ​មកពី​មិត្ត​រួមការ​ងារ និង​ឆ្លង​មិនដឹង​ប្រភព​។ 
 
​បើតាម​តួលេខ​របស់​ក្រសួងសុខាភិបាល​សាធារណ​ថៃ អត្រា​ការស្លាប់​របស់​មនុ​ស្សចា​ប់​ពី​អាយុ​៦០​ឆ្នាំ ដល់ ៦៩​ឆ្នាំ មាន​០,៧​ភាគរយ​។ ចំណែក​មនុស្ស​មាន​អាយុ​ចាប់ពី ៧០​ឆ្នាំ ដល់ ៧៩​ឆ្នាំ គឺមាន​អត្រា​ស្លាប់​រហូតដល់ ១០,៥​ភាគរយ​។ សម្រាប់​មនុស្ស​ចាស់ ដែលមាន​អាយុ​ចាប់ពី ៨០​ឆ្នាំ ឡើយ​ទៅ​គឺមាន​អត្រា​ការស្លាប់​រហូតដល់ ១៦,៧​ភាគរយ​ឯណោះ​។ បើ​ស្រលាញ់​ម្តាយ​ឱ​ពុក​ចាស់ៗ លោកយាយ លោកតា សូមកុំ​ធ្វើដំណើរ​ក្នុង​គ្រាអាសន្ន​នេះ ដោយ​ជំនួយ​មកវិញ​ពី​ការផ្ញើរ​ជា​ប្រាក់​ឲ្យ​លោក​ក៏បាន​។ អ្វីដែល​សំខាន់ កូនៗ ក៏ដូចជា​សាច់​ញាត់​អាច​ទៅលេង​ឳ​ពុក​ម្តាយ ក្រោយ​ស្ថានភាព COVID-19 ចប់​ក៏បាន ហើយ​វា​ក៏​មិនទាន់​ហួសពេល​ដែរ​។ 
 
​ក្រៅពី​វិធានការ​ហាមឃាត់​ការធ្វើដំណើរ​ឆ្លងខេត្ត តំបន់ និង​ស្រុក រដ្ឋាភិបាល​ក៏បាន​ចេញ​ករណី​លើកលែង​ផងដែរ ដូចជា​ការដឹកជញ្ជូន  ការធ្វើដំណើរ​របស់​ម​ន្ត្រី​រាជការ រថយន្ត​សង្គ្រោះបន្ទាន់ រថយន្ត​ពន្លត់​អគ្គិភ័យ ការដឹកជញ្ជូន​កម្មក​រ​ទៅ​សហគ្រាស និង​ការធ្វើដំណើរ​របស់​ប្រជាជន​ទៅ​មន្ទី​ពេទ្យ​ជាដើម​។ 
 
​សូមបញ្ជាក់ថា ការដាក់កំហិត​លើ​ការធ្វើដំណើរ​នៅក្នុង​ប្រទេស​បែបនេះ មិន​មែនមាន​ត្រឹមតែ​កម្ពុជា​តែមួយ​នោះទេ ប៉ុន្តែ​វា​មាន​ប្រទេស​ជាច្រើន​ហើយ​ដូចជា​ថៃ ហ្វីលីពីន ម៉ាឡេស៊ី អ៊ីតាលី បារាំង​ជាដើម​បាន​អនុវត្ត​វិធានការ​នេះ ដើម្បី​ទប់ស្កាត់​ការរីក​សាយភាយ និង​ការចម្លង COVID-19 នៅក្នុង​ប្រទេស​៕  

Tag:
 ទស្សនៈ​
© រក្សាសិទ្ធិដោយ thmeythmey.com