COVID-19
ជាតិ
សម្ដេច ហ៊ុន សែន អរគុណ​ដល់​មន្ត្រី កម្មករនិយោជិត​ដែល​បន្ត​ធ្វើការ​នៅ​ថ្ងៃ​ចូលឆ្នាំ​
12, Apr 2020 , 8:29 pm        
រូបភាព
​ភ្នំពេញ​៖ «​អរគុណ​មន្ត្រីរាជការ ក្រុមហ៊ុន​ឯកជន និង​ក្មួយៗ​កម្មករ​ដែល​ចូលរួម​ប្រ​យុ​ទ្ឋ​ប្រឆាំងនឹង​ជំងឺឆ្លង​កូ​វីដ​-១៩ ដោយ​បន្តធ្វើ​ការងារ​ជាធម្មតា​នៅក្នុង​អំឡុងពេល​ចូលឆ្នាំ​នេះ​»​។ នេះ​ជា​សំណេរ​ក្នុង​ហ្វេ​ស​ប៊ុ​ក​របស់​សម្ដេច ហ៊ុន សែន ដោយបាន​ចាត់ទុកថា នេះ​ជាការ​រួមចំណែក​បង្ការ​ការ​រាលដាល​ជំងឺ​កូ​វីដ​-១៩ ។​

 
​ដើម្បី​បង្ការ​ការ​រាលដាល​ជំងឺ​កូ​វីដ​-១៩ អំឡុងពេល​ចូលឆ្នាំ​ខ្មែរ រាជរដ្ឋាភិបាល​ក៏បាន​សម្រេច ផ្អាក​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​រួមទាំង ការ​ផ្ដុំ​មនុស្ស​ច្រើន​នៅ​ទីវ​ត្ត​រាម កម្មវិធី​កម្សាន្ត​នៅតាម​ទីសាធារណៈ និង​តម្រូវ​ឲ្យ​មន្ត្រីរាជការ កម្មករនិយោជិត​ធ្វើ​ការងារ​ធម្មតា​នៅ​ថ្ងៃ​ចូលឆ្នាំ និង​សង​ថ្ងៃ​ឈប់សម្រាក​រយៈពេល​៥​ថ្ងៃ​វិញ នៅពេល​សមស្រប​។ ប៉ុន្តែ​ប្រជាពលរដ្ឋ​អាច​ប្រារព្ធ​ពិធី​សែន​ទទួល​ទេវតា​ឆ្នាំ​ថ្មី​នៅតាម​គេហដ្ឋាន​រៀងៗ​ខ្លួន​។​
 
​ទន្ទឹមនេះ ប្រមុខ​រដ្ឋាភិបាល​បានចេញ​បទបញ្ជា​ហាម​មិន​ឲ្យ​ពលរដ្ឋ​ធ្វើដំណើរ​ចេញចូល​រវាង​រាជធានី​ភ្នំពេញ និង​គ្រប់​បណ្តា​ខេត្ត លើកលែងតែ​ខេត្តកណ្តាល​។ ប៉ុន្តែ​ចំពោះ​ការធ្វើដំណើរ​ចេញពី​ខេត្ត​ដទៃ​ក្រៅពី​ខេត្តកណ្តាល ចូលមក​រាជធានី​ភ្នំពេញ ឬ​ចេញពី​រាជធានី​ភ្នំពេញ ចូលទៅ​ខេត្ត​ដទៃ​ក្រៅពី​ខេត្តកណ្តាល ត្រូវ​ហាមឃាត់​។ ហាម​មិន​ឲ្យ​ធ្វើដំណើរ​ឆ្លងកាត់​ពី​ខេត្ត​មួយ ទៅ​ខេត្ត​មួយទៀត តែ​អាច​ធ្វើដំណើរ​ឆ្លងកាត់​ពី​ស្រុក​មួយ ទៅ​ស្រុក​មួយទៀត (​ស្ថិតក្នុង​ខេត្ត​តែមួយ​)​។ 
 
​ជាមួយគ្នានេះដែរ សម្តេចនាយក​រដ្ឋមន្ត្រី ក៏បាន​ក្រើនរំលឹក​ឱ្យ​ពលរដ្ឋ កុំ​ភ្លេច​រក្សា​អនាម័យ ដោយ​ត្រូវ​ពាក់​ម៉ាស ឬ​ក្រមា ឧស្សាហ៍​លាង​សម្អាត​ដៃ​ជាមួយ​សាប៊ូ ទឹក​អាល់កុល ឬ​ជែ​ល កុំ​នៅ​ផ្តុំគ្នា​ច្រើន កុំ​ផ្លាស់​ទី ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ក្នុងពេល​ដែលមាន​ការរីក​រាលដាល​ឆ្លង​ជំងឺ​កូ​វីដ​-១៩៕
 

Tag:
 សម្ដេច​ហ៊ុន សែន​
  កូ​វីដ​-១៩
© រក្សាសិទ្ធិដោយ thmeythmey.com