COVID-19
ជាតិ
ពលរដ្ឋ​ខ្វះខាត​ជាក់ស្តែង​ដោយសារ​កូ​វីដ​-១៩​នៅ​១០៥​សង្កាត់​ក្នុង​រាជធានី ទទួល​អំណោយ​សប្បុរសធម៌​
12, Apr 2020 , 4:32 pm        
រូបភាព
​ភ្នំពេញ​៖ ការ​រាតត្បាត​ជំងឺ​កូ​វីដ​-១៩ បានធ្វើ​ពលរដ្ឋ​នៅតាម​សហគមន៍​រង​ផលប៉ះពាល់​ផ្នែក​ជីវភាព​។ ដើម្បី​រួមចំណែក​សម្រាល​ការលំបាក​របស់​ពលរ​ដ្ឋ មូលនិធិ​ម៉ា​នី រួមជាមួយ​យុវជន​ស្ម័គ្រចិត្ត​ចំនួន​១៥​ក្រុម កាលពី​ព្រឹក​ថ្ងៃអាទិត្យ ទី​១២ ខែមេសា បានរៀបចំ​ពិធី​ចែក​អំណោយ ក៏ដូចជា​ការអប់រំ​ណែនាំ​បន្ថែម​ដល់​ពលរដ្ឋ និង​យុវជន ពី​ការចូលរួម​ទប់ស្កាត់​ការ​រាលដាល​កូ​វីដ​-១៩​។ កម្មវិធី​ចាប់ផ្តើម​ចេញពី​សង្កាត់​ស្ទឹងមានជ័យ​ទី​៣ ហើយនឹង​បន្ត​រហូតដល់​ទៅ​១០៥​សង្កាត់​នៅ​ទូទាំង​រាជធានី​ភ្នំពេញ​។​

 
​ក្រោម​កិច្ចសហការ​ពី​សាលា​រាជធានី​ភ្នំពេញ និង​ពី​បណ្តា ស្ថាប័ន សមាគម និង​ក្រុមយុវជន​ស្ម័គ្រចិត្ត ព្រមទាំង​ក្រុមហ៊ុន​កូកាកូឡា គម្រោង​សប្បុរសធម៌​ផ្តួចផ្តើម​ដោយ មូលនិធិ​ម៉ា​នី បាន​នាំយក​នូវ​អំណោយ​ទៅ​ប្រគល់ជូន​សង្កាត់​ទាំងអស់​ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​បន្ត​ចែកជូន​ទៅដល់​ប្រជាពលរដ្ឋ​ដែលមាន​ជីវភាព​ខ្វះខាត​ខ្លាំង នៅក្នុង​មូលដ្ឋាន​ជាក់ស្តែង​របស់​សង្កាត់​នីមួយៗ​។​


 អំណាយចំនួន២៥០កញ្ចប់
 
​កាលពី​ព្រឹក​ថ្ងៃអាទិត្យ លោក ហ៊ុន ម៉ា​នី ប្រធាន​ក្រុមប្រឹក្សាភិបាល​មូលនិធិ​ម៉ា​នី បានចាប់ផ្តើម​កម្មវិធី​នៅ​សាលាសង្កាត់​ស្ទឹងមានជ័យ​ទី​៣ លោក ស សុខា ដឹកនាំ​កម្មវិធី​នៅ​សង្កាត់​ព្រែ​កឯក ខណៈដែល​ថ្នាក់ដឹកនាំ​យុវជន​ស្ម័គ្រចិត្ត​នៃ​គម្រោង​សប្បុរសធម៌​ដទៃ មាន​សកម្មភាព​សង្កាត់​ចំនួន​២៣​ផ្សេងទៀត​។ 
 



ពលរដ្ឋ​ដែល​ខ្វះខាត​ជាក់ស្តែង ទទួលបាន​អំណោយ​មានដូចជា​អង្ករ សាប៊ូ ទឹកស៊ីអ៊ីវ និង​ទឹក​ភេសជ្ជៈ ក៏ដូចជា​ផ្ទាំង​បដា​អប់រំ​ផ្សេងៗ​។  គម្រោង​សប្បុរសធម៌​នេះ មាន​គោលបំណង​នាំយក​អំណោយ​ដែល​ក្រុមការងារ​មូលនិធិ​ម៉ា​នី និង​ក្រុមយុវជន​ស្ម័គ្រចិត្ត​មកពី​១៥ ក្រុម​ផ្សេងៗ បានធ្វើការ​វេច​ខ្ចប់​រួច ទៅ​ប្រគល់ជូន​សង្កាត់​ទាំង ១០៥ នៅ​ទូទាំង​រាជធានី​ភ្នំពេញ ដើម្បី​ជាការ​ចូលរួម​ជាមួយនឹង​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​យុទ្ធនា​ការប្រយុទ្ធ ប្រឆាំងនឹង​ជំងឺ​កូ​វីដ​១៩ ក្នុងប្រទេស​កម្ពុជា​។ 
 
​លោក ហ៊ុន ម៉ា​នី ដែលជា​តំណាងរាស្ត្រ​ផងដែរ​នោះ បាន​ប្រាប់​លើកឡើង​ប្រាប់​អ្នកសារព័ត៌មាន​ថា​៖ «​ក្នុង​គ្រា​ដែល​សង្គម​កំពុង​ជួប​ទុក្ខលំបាក យើង​សង្ឃឹមថា​ការផ្ដល់​អំណោយ​ជា​កញ្ចប់​តូចៗ​នេះ ក៏​អាច​ចូលរួមចំណែក​ជាមួយ​រដ្ឋាភិបាល​ដើម្បី​ទប់ស្កាត់ និង​ឆ្លង​ផុត​នូវ​ទុក​លំបាក​នេះ​ទាំងអស់គ្នា​»​។ 
 
​លោក​ក៏បាន​បន្ថែមថា រដ្ឋាភិបាល​មិនអាច​ចេះតែ​រឹតត្បិត​ពលរដ្ឋ​នោះទេ ប៉ុន្តែ​ពលរដ្ឋ​ផ្ទាល់​ត្រូវ​យល់​ឲ្យ​ច្បាស់​ពី​បញ្ហា​ដែល​កំពុង​កើតមាន បើទោះបីជា​បច្ចុប្បន្ន​មិនទាន់​ឈានដល់​ដំណាក់កាល​មួយ​ដែល​ធ្ងន់ធ្ងរ​ក៏ដោយ​។ យុវជន ក៏ដូចជា​ពលរដ្ឋ​កម្ពុជា​ទាំងអស់​ចាំបាច់​ណាស់​ក្នុង​កាលៈទេសៈ​នេះ​ដើម្បី​ទប់ស្កាត់ ក៏ដូចជា​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩​នេះ​។ 
 
​បើតាម លោក គីម ពីស្សី មន្ត្រីរដ្ឋបាល​នៃ​មជ្ឈមណ្ឌល​អភិវឌ្ឍ​កម្ពុជា ក្នុង​កាលៈទេសៈ​នេះ មិនមែន​តែ​កម្ពុជា​ទេ​ដែល​រង​ឥទ្ធិពល​ពី​ការ​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ពលរដ្ឋ​ទាំងអស់​គប្បី​ចូលរួម​ទប់ស្កាត់​លើ​បញ្ហា​នេះ​។ ពលរដ្ឋ​មាន​តួនាទី​ផ្សព្វផ្សាយ​ពី​ការ​រាលដាល​នៃ​ជំងឺ ពិសេស​ចូលរួម​បង្ការ​នៃ​ឆ្លង​ដោយ​ត្រូវ​រក្សា​អនាម័យ និង​ស្ដាប់​ការណែនាំ​ពី​ក្រសួងសុខាភិបាល និង​រដ្ឋាភិបាល​ផងដែរ​។ 


លោក គីម ពីស្សី 
 
​យុវជន​វ័យ​២៤​ឆ្នាំ​រូបនេះ ក៏មាន​ការបារម្ភ​ចំពោះ​ជំងឺ​កូ​វីដ​-១៩​នេះដែរ ប៉ុន្តែ​លោក​ក៏បាន​អះអាងថា​ខ្លួន​បាន​រក្សា​នូវ​អនាម័យ​បាន​យ៉ាង​ល្អ ដូចជា​ពាក់​ម៉ាស មានភ្ជាប់​មកជា​មួយ​នូវ​ជែ​លលា​ង​សម្អាត​ដៃ​តាម​ខ្លួន និង​បាន​រក្សា​គម្លាត​ពី​អ្នកដទៃ​ទៀតផង​។​
 
​កញ្ញា គីន សំណាង ប្រធាន​ក្រុម​យើង​ខ្មែរ​ក៏បាន​លើកឡើង​ផងដែរ​ថា​៖ «​បច្ចុប្បន្ន​កម្ពុជា​កំពុង​ជួប​នូវ​បញ្ហា​នៃ​ការ​រាលដាល​ជំងឺ​កូ​វីដ​-១៩ ហើយ​អំពើ​សប្បុរសធម៌​ក្នុងពេល​លំបាក​នេះ​វា​ពិតជា​ល្អ​ខ្លាំងណាស់​។ ក្នុងការ​ចូលរួមចំណែក​ជួយ​នេះ​មិន​សម្រាប់តែ​អង្គការ​មូល ឬ​រដ្ឋាភិបាល​នោះទេ យុវជន និង​ពលរដ្ឋ​ទាំងអស់​ក៏ត្រូវ​ចូលរួម​ប្រឆាំងនឹង​បញ្ហា​នេះដែរ​»៕


 កញ្ញា គីន សំណាង

© រក្សាសិទ្ធិដោយ thmeythmey.com