សង្ក្រាន្ត​ឆ្នាំជូត ដែលមាន​ទេវធីតា «​គោ​រាគៈ​ទេវី​» ចូលមក​ដល់​នា​ម៉ោង​៨ និង​៤៨​នាទី​យប់​នេះ​
ជាតិ
សង្ក្រាន្ត​ឆ្នាំជូត ដែលមាន​ទេវធីតា «​គោ​រាគៈ​ទេវី​» ចូលមក​ដល់​នា​ម៉ោង​៨ និង​៤៨​នាទី​យប់​នេះ​
13, Apr 2020 , 7:59 am        
រូបភាព
លោក អ៊ឹម បុរិន្ទ អ្នក​ចងក្រងសៀវភៅ មហាសង្ក្រាន្ត
លោក អ៊ឹម បុរិន្ទ អ្នក​ចងក្រងសៀវភៅ មហាសង្ក្រាន្ត
ដោយ: រួបរួម
​សង្ក្រាន្ត​ឆ្នាំជូត ទោស័ក នឹង​ចូល​មកដល់​នៅ​ថ្ងៃ​ចន្ទ ៦​រោច ខែចេត្រ ត្រូវ​នឹង​ថ្ងៃទី​១៣ ខែមេសា ឆ្នាំ​២០២០​។ បុត្រី​ទី​២​នៃ​កបិល​មហាព្រហ្ម ព្រះនាម «​គោ​រាគៈ​ទេវី​» មាន​តួនាទី​ជា​មគ្គនាយិកា​ដែល​ត្រូវ​គ្រប់គ្រង​ជម្ពូទ្វីប​។ នេះ​បើតាម​ក្បួនតម្រា​ក្នុង​សៀវភៅ​មហាសង្ក្រាន្ត​របស់លោក អ៊ឹម បុរិន្ទ សមាជិក​គណៈកម្មការ​ស្រាវជ្រាវ​វិជ្ជា​ហោរាសាស្ត្រ និង​ប្រពៃណី​ទំនៀមទម្លាប់​ខ្មែរ​។​

 
​ព្រះ​នាង «​គោ​រាគៈ​ទេវី​» ដែល​បន្ត​តំណែង​ពី​ព្រះ​នាង «​ធុ​ង្សៈ​ទេវី​» ទ្រង់​អម្ពរ​ពណ៌​លឿង លម្អ​នៅ​ព្រះ​កាណ៌​ដោយ​ផ្កា​អ​ង្អា​រ​បុស្ស​។ ព្រះ​នាង​សោយ តេ​លំ ជា​អាហារ​។ តេ​លំ​ជា​ប្រភេទ​ប្រេង​រុក្ខជាតិ (​សណ្តែក ល្ង ដូង​...)​។ ដោយ​គង់​លើ​ស្តេចខ្លា (​ព្យា​គ្ឃៈ​) ទេវធីតា​អង្គ​នេះ មាន​ព្រះហស្ត​ស្តាំ​ទ្រង់​ព្រះខ័ន និង​ព្រះហស្ត​ឆ្វេង​ទ្រង់​ឈើច្រត់​។​
 
​ក្បួនតម្រា​ដែល​គន់គូរ​ដោយ​លោក អ៊ឹម បុរិន្ទ បង្ហាញថា ពិធី​ចូល​ឆ្នាំនេះ មាន​រយៈពេល​៤​ថ្ងៃ​។ ថ្ងៃទី​១ ដែល​ចំ​ថ្ងែ​ចន្ទ ៦​រោច ខែចេត្រ ត្រូវ​នឹង​ថ្ងៃទី​១៣ ខែមេសា ជា​វារៈ​មហាសង្ក្រាន្ត​។ ថ្ងៃ​វារៈ​វ័ន​បត មាន​ដល់​ទៅ​២​ថ្ងៃ គឺ​ថ្ងៃទី​១៤ និង​ទី​១៥ ខែមេសា​។ ឈានចូល​ថ្ងៃ​ព្រ​ហ​ស្ប​ត៍ ៩ រោច ខែ ចេត្រ ត្រូវ​នឹង​ថ្ងៃទី ១៦ ខែ មេសា ឆ្នាំ​២០២០ នៅវេលា​ម៉ោង ១ និង ២៤ នាទី ៣៦ វិនាទី ជា​ថ្ងៃ​វារៈ​ឡើងស័ក ។​
 
​រណ្តាប់​ទទួល​ទេវតា​តាម​ទំនៀម​ពី​បុរាណ​រៀង​រហូតមក ត្រូវ​រៀប​រាន​ទទួល​ទេវតា​នៅខាងមុខ​ផ្ទះមួយ​សម្រាប់​គ្រឿង​ពលីការ​ផ្សេងៗ ។ ចំពោះ​កម្រាល អ្នកស្រាវជ្រាវ​វិជ្ជា​ហោរាសាស្ត្រ ផ្តល់យោបល់​ថា គួរប្រើ​ពណ៌​លឿង ព្រោះ​ទេវធីតា ឆ្នាំនេះ គ្រង​អម្ពរ​ពណ៌​លឿង​។​
 
​ជាមួយនឹង​គ្រឿង​រណ្តាប់​ទៅតាម​លំនាំ​បុរាណ ពលរដ្ឋ​អាច​រៀប​ផ្លែឈើ​ពី​៣ ទៅ​៥​មុខ ទៅតាម​ធនធាន​របស់ខ្លួន​។ តេ​លំ ដែលជា​ប្រភេទ​ប្រេង សណ្តែក ល្ង ដូង ក៏ត្រូវ​រៀបចំ​ជា​រណ្តាប់​ទទួល​ទេវធីតា​ឆ្នាំនេះ​ផងដែរ​។​
 
​ឆ្នាំ​ថ្មី​នាឱកាស​នេះ ប្រព្រឹត្ត​ខណៈ​ពិភពលោក ក៏ដូចជា​ប្រទេស​កម្ពុជា កំពុង​រង​នូវ​ការ​រាតត្បាត​ជំងឺ​ផ្លូវ​ដណ្តើម COVID-19 ដូច្នេះ​រដ្ឋាភិបាល​បានសម្រេច​លុបចោល​ការ​ធ្វើដំណើរ​ទៅលេង​ស្រុក និង​ការ​ប្រារព្ធ​ពិធី​នៅទីនា​នា ដើម្បី​ទប់ស្កាត់​ការ​រាលដាល​ជំងឺ​នេះ​។ ទោះបីជា​យ៉ាងណាក៏ដោយ ពុទ្ធសាសនិកជន​នៅតែ​អាច​ប្រារព្ធ​ពិធី​ទទួល​ទេវតា​នៅតាម​គេហដ្ឋាន ឬ​កន្លែង​ដែល​ខ្លួន​កំពុង​រស់នៅ​រៀងៗ​ខ្លួន ជាមួយនឹង​ការប្រយ័ត្នប្រយែង​ខ្ពស់​។​
 
​នាឱកាស​សង្ក្រាន្ត​ទាំង​៤​ថ្ងៃ អ្នក​ចងក្រង​សៀវភៅ​មហាសង្ក្រាន្ត លោក អ៊ឹម បុរិន្ទ ក៏​រំលឹក​ដល់​ពលរដ្ឋ​ប្រុស​ស្រី​ទាំងអស់ ខំ​លះបង់​ចិត្តអាក្រក់​ដែល​ជាប់​ដោយ​គំនុំ​គំ​គួ​ន​ព្យាបាទ ដែល​កើត​មាននៅ​ឆ្នាំ​ចាស់ ឲ្យ​ជ្រះស្រឡះ ហើយ​តាំងចិត្ត​ប្រព្រឹត្ត​ល្អ​ប្រកបដោយ មេត្តា ករុណា មុទិតា ឧបេក្ខា និង​បញ្ញា​៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com