ដោយ៖ ស៊ីធី
ម្ចាស់ខ្សែក្រវាត់ ONE Flyweight Muay Thai World Champion កីឡាករ Rodtang Jitmuangnon ឬ រហស្សនាម “The Iron Man” អាចជាអ្នកជះឥទ្ធិពលល្អដល់កីឡាករជំនាន់ក្រោយជុំវិញពិភពលោក ប៉ុន្តែថ្មីៗនេះ រូបគេក្លាយជាគ្រូបង្វឹកមួយរូបពេលហ្វឹកហាត់នៅផ្ទះ។ Rodtang ជាគ្រូបង្វឹកម្នាក់សម្រាប់ប្អូនប្រុសរបស់សង្សារខ្លួន ដែលត្រួសត្រាយផ្លូវឲ្យយុវជនរូបនេះស្នងតំណែងទៅថ្ងៃមុខ។
Rodtang បានផ្ដើមស្នេហ៍ជាមួយម្ចាស់ខ្សែក្រវាត់ ONE Atomweight Muay Thai World Champion កីឡាការិនី Stamp Fairtex រយៈពេលមួយឆ្នាំមកហើយរហូតដល់ពេលនេះ ហើយអ្នកទាំងពីរកាន់តែស្និទ្ធស្នាលនិងផ្អែមល្ហែមរៀងរាល់ថ្ងៃ។ ក្លិប Jitmuangnon Gym ដែលមានចម្ងាយប្រមាណ ១៥០ គីឡូម៉ែត្រ ពីក្លិប Fairtex Training Center ប៉ុន្តែអ្នកទាំងពីរតែងតែផ្ដល់ក្ដីស្រលាញ់ឲ្យគ្នាទៅវិញទៅមក។ ទំនាក់ទំនងរបស់ពួកគេបានចាប់ផ្ដើមនៅដើមឆ្នាំ២០១៩ ហើយ Rodtang បានបង្កើតទំនាក់ទំនងយ៉ាងល្អជាមួយក្រុមគ្រួសាររបស់ Stamp ជាពិសេសប្អូនរបស់ Stamp ដែលមានវ័យ ១៣ ឆ្នាំឈ្មោះថា Shogun។
កីឡាករវ័យ ២២ ឆ្នាំរៀបរាប់ដូច្នេះ ៖«ពេលណាក៏ដោយពេលមកលេងនៅទីនេះ រូបគេរត់មករកខ្ញុំ និងលោតដាក់ខ្ញុំ។ គេគិតមកខ្ញុំថាជាបងប្រុសរបស់គេ។ គ្រួសាររបស់ Stamp មានឈាមជ័រជាអ្នកក្បាច់គុន។ ការពិតប៉ារបស់គេពីដើមបានហាត់ក្បាច់មួយថៃ»។
ក្នុងនោះគ្រួសាររបស់គេបានបន្តវេននិងបានបង្ហាត់ដល់ Shogun ដែលធ្វើនាំឲ្យកូនប្រុសម្នាក់នេះអាចឡើងសង្វៀនប្រកួតតាំងពីអាយុ ៧ឆ្នាំ ម្ល៉េះ។ ពេលឃើញរូបគេមានទេពកោសល្យបែបនេះ Rodtang ចាប់ផ្ដើមណែនាំបង្ហាត់ និង អភិវឌ្ឍក្បាច់គុនរបស់ Shogun ឲ្យកាន់តែទៅមុខ។ តារាម្ចាស់ខ្សែក្រវាត់បន្តថា៖«ខ្ញុំបង្ហាត់រូបគេចំពោះក្បាច់ប្រដាល់ខ្លះ។ គេមានអនាគតវែងឆ្ងាយ និង មានការតាំងចិត្តខ្ពស់។ គេប្រកួតបានល្អទាំងកម្លាំងនិងបច្ចេកទេស។ ខ្ញុំមើលការហាត់របស់គេតាមរយៈ Facebook ពេលនោះប៉ារបស់ Stamp បង្ហាត់ផង និង Live ផង។ ហើយខ្ញុំក៏ចង់បន្ថែមក្បាច់ខ្លះទៀតដើម្បីឲ្យរូបគេលេចធ្លោ និងធ្វើឲ្យសុបិនរបស់គេក្លាយជាការពិត»។
កាលឆ្នាំមុន “The Iron Man” បានបង្កើតការប្រកួតមួយនៅស្រុកកំណើតរបស់ Stamp នាខេត្ត Rayong និងបានមើលការប្រកួតពីសំណាក់ប្អូនប្រុសរបស់ Stamp។ ពេល Shogun ដើរចូលសង្វៀន បានធ្វើឲ្យ Rodtang ចាប់អារម្មណ៍ខ្លាំង។
«គ្រានោះ Shogun ឈ្នះការប្រកួតពេលនោះ។ គេមានក្បាច់ដូចខ្ញុំដែរ។ គេប្រើកណ្ដាប់ដៃច្រើន និងទាត់ច្រើន»។ កីឡាករមកពីក្លិប Jitmuangnon Gym បន្ថែមបែបនេះ។ ក្រៅពីក្បាច់គុនគេទាំងពីបានបង្កើតភាពស្និទ្ធស្នាលក្នុងនាមជាសាច់ញាតិ។ ពេលនៅជាមួយគ្នា Rodtang និង Stamp ក៏បានឆ្លាស់ម៉ោងគ្នាបង្ហាត់ដល់ Shogun។ ពេលខ្លះ “The Iron Man” ក៏បាននាំ Shogun ទៅដើរលេងជាមួយគ្នាដែរពោលទៅកន្លែងដែលពួកគេចូលចិត្ត ញុំាអាហាររួមគ្នា និង មើលកុនរួមគ្នាជាដើម។
Rodtang ក៏ធ្លាប់នាំ Shogun ទៅក្លិប Jitmuangnon Gym ពេលគេសម្រាកវ៉ាកងពីសាលារៀនដើម្បីក្រេបយកចំណេះដឹងពីការហាត់របស់កីឡាករកំពូលៗនៅទីនោះ។ ម្ចាស់ខ្សែក្រវាត់ ONE Flyweight Muay Thai World Champion ពន្យល់ថា៖«ខ្ញុំបានណែនាំឲ្យរូបគេសម្ដែងការគោរពដល់កីឡាករចាស់ៗ និងយល់អំពីការហ្វឹកហាត់ និង រឿងរ៉ាវជុំវិញខ្លួន។ ខ្ញុំណែនាំគ្រប់បែបយ៉ាង ហើយគេក៏ស្ដាប់តាមខ្ញុំ»។
ថ្មីៗនេះរាជរដ្ឋាភិបាលថៃបានដាក់ប្រទេសក្នុងភាពអាសន្នដោយសារតែមេរោគ Covid-19។ ដូច្នេះ Rodtang បានចំណាយពេលនៅជាមួយ Stamp និងគ្រួសាររបស់កីឡាការិនីរូបនេះនៅឯខេត្ត Rayong។ Rodtang បានពិពណ៌នាថា ៖«ឥឡូវនេះ យើងស្នាក់នៅផ្ទះ និងហ្វឹកហាត់តិចតួចនៅរោងមុខផ្ទះ។ យើងចូលចិត្តលេងហ្គេមតាមទូរសព្ទ និងមើលការហាត់ក្បាច់គុនមួយថៃចាស់ៗ ហើយក៏ឆ្លៀតពេលចម្អិនអាហាររួមគ្នា»។
ទោះវាជាពេលមួយដ៏លំបាក ប៉ុន្តែ Rodtang នៅតែគិតវិជ្ជមាន និងផ្ដោតលើកម្លាំងជាពិសេសការបង្ហាត់ដល់ Shogun។ ស៊ុបពើស្ដាររបស់ថៃនៅតែបន្តពង្រឹងខ្លួននិងផ្ដល់ចំណេះដឹងផ្នែកក្បាច់គុនដល់អ្នកជំនាន់ក្រោយ។ គេជឿជាក់ថា ការគាំទ្រដ៏ធំធេងនេះនឹងមានអនាគតត្រចះត្រចង់សម្រាប់មួយថៃ។ ម្ចាស់ខ្សែក្រវាត់ដដែលគូសបញ្ជាក់៖«តាំងពីខ្ញុំបានស្គាល់រូបគេមក គេអភិវឌ្ឍខ្លួនបានច្រើន។ គេមានជំហររឹងល្អ ក្បាច់ប្រដាល់ល្អ និង ចាប់អុកក៏ល្អទៀតផង។ ពេលទម្ងន់របស់គេ ឈានដល់ ៤៥ គីឡូក្រាម ខ្ញុំនឹងជំរុញឲ្យរូបគេក្លាយជាម្ចាស់ខ្សែក្រវាត់នៅគ្រប់សង្វៀនល្បីនាក្រុងបាងកក»៕