COVID-19
អន្តរជាតិ
ក្រោយចេញពីពេទ្យ លោក បូរីស ចនសុន ថា អង់គ្លេសនឹងកម្ចាត់ COVID-19 បាន
× នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស បូរីស ចនសុន នៅថ្ងៃទី១២ ខែមេសា បានចាកចេញពីមន្ទីរពេទ្យវិញហើយ ក្រោយទទួលបានការព្យាបាលជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរ COVID-19 ។ លោក ចនសុន បានអរគុណក្រុមគ្រូពេទ្យដែលបានសង្គ្រោះជីវិតរបស់លោក ហើយថា អង់គ្លេស នឹងកម្ចាត់ COVID-19 បានមិនខាន។
«ថ្ងៃនេះខ្ញុំបានចាកចេញពីមន្ទីរពេទ្យ បន្ទាប់ពីសម្រាកអស់មួយសប្ដាហ៍ជាពេលដែល NHS ជួយសង្គ្រោះជីវិតរបស់ខ្ញុំ។» នេះជាការលើកឡើងរបស់នាយករដ្ឋមន្ត្រីអង់គ្លេស បូរីស ចនសុន នៅថ្ងៃទី១២ ខែមេសា ក្រោយចាកចេញពីមន្ទីរពេទ្យ St Thomas ក្នុងទីក្រុងឡុងដ៍ជាទីដែលលោកទទួលការព្យាបាលជំងឺ COVID-19 ។ NHS ជាសេវាសុខាភិបាលជាតិដែលទទួលខុសត្រូវវិស័យសុខាភិបាលរបស់អង់គ្លេស។
លោក ចនសុន ជាមេដឹកនាំជាន់ខ្ពស់បំផុតក្នុងពិភពលោកដែលឆ្លង COVID-19 ។ លោក ចូលសម្រាកមន្ទីរពេទ្យក្នុងទីក្រុងឡុងដ៍កាលពីសប្ដាហ៍មុន ក្រោយរោគសញ្ញាជំងឺនេះបន្តយាយី ទោះលោកនៅដោយឡែក និងទទួលបានការព្យាបាលក្ដី។ ចូលមន្ទីរពេទ្យបានបន្តិច លោកក៏បន្តផ្ទេរចូលបន្ទប់សង្គ្រោះបន្ទាន់ ICU ដែលធ្វើឲ្យគេបារម្ភពីវាសនាមេដឹកនាំរបស់មហាអំណាចមួយនេះ។ យ៉ាងណាមិញ លោកក៏អាចចាកចេញពីបន្ទប់ ICU វិញ។
ទោះអាចចេញពីពេទ្យក្ដី លោក ចនសុន មិនទាន់ទៅនិវេសនដ្ឋាន Downing Street នៅឡើយទេ ដោយទៅស្នាក់នៅផ្ទះ Chequer សម្រាប់នាយករដ្ឋមន្ត្រីមួយរយៈសិន។ នាយករដ្ឋមន្ត្រីអង់គ្លេសរូបបានអរគុណបុគ្គលិក NHS ដែលបានសង្គ្រោះជីវិតរបស់លោក ព្រោះជំងឺរបស់លោកអាចប្រែប្រួលកាន់តែធ្ងន់ធ្ងរ។
«មូលហេតុដែលខ្លួនប្រាណខ្ញុំអាចមានអុកស៊ីសែនគ្រប់គ្រាន់ ក៏ព្រោះតែរាល់វិនាទី និងរាល់យប់ដែលគ្រូពេទ្យបានតាមដាន គិត ថែទាំង និងធ្វើអន្តរាគមន៍ពេលខ្ញុំត្រូវការ។» លោក ចនសុន បញ្ជាក់បែបនេះក្នុងវីដេអូមួយ ដោយបន្តថា អង់គ្លេស នឹងយកឈ្នះ COVID-19 ហើយឈ្នះទាំងអស់គ្នា។
អង់គ្លេស ជាប្រទេសឈរលេខរៀងទី៥ដែលមានអ្នកស្លាប់ច្រើន គឺចំនួនជាងមួយម៉ឺននាក់។ ករណីឆ្លងនៅប្រទេសនេះមានដល់ទៅជាង៨៤២០០នាក់។ លោក ចនសុន បានអំពាវនាវឲ្យប្រជាជនគោរពវិធានការនៅផ្ទះដើម្បីទប់ស្កាត់ការរាលាដាល COVID-19 ៕
Tag:
COVID-19
អង់គ្លេស
បូរីស ចនសុន
© រក្សាសិទ្ធិដោយ thmeythmey.com