COVID-19
ជាតិ
ក្រសួង​អប់រំ ស្នើ​NBC​ជួយ​អន្តរាគមន៍​លើ​ការបញ្ចុះ​ការប្រាក់​ដល់​គ្រឹះស្ថានសិក្សា ដែល​ប៉ះពាល់​ដោយសារ​កូ​វីដ​-១៩
13, Apr 2020 , 2:17 pm        
រូបភាព
លោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា រូបភាពពីក្រសួងអប់រំ យុវជន និងកីឡា
លោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា រូបភាពពីក្រសួងអប់រំ យុវជន និងកីឡា
ដោយ:
​ភ្នំពេញ​៖ លោក ហង់​ជួន ណា​រ៉ុ​ន បាន​អំពាវនាវ​ទៅ​ធនាគារជាតិ​កម្ពុជា ជួយ​អន្តរាគមន៍​ទៅ​ធនាគារពាណិជ្ជ និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ ពិចារណា​បញ្ចុះ​ការប្រាក់​ដល់​គ្រឹះស្ថានសិក្សា​មួយចំនួន​ដែល​កំពុង​ប្រើប្រាស់​កម្ចី​របស់ខ្លួន និង​ទូទាត់​សំណង​ទៅតាម​លទ្ធភាព​។ ក្រៅពីនេះ ក្រសួង​ក៏​ស្នើ​ឲ្យ​ម្ចាស់​ដី បញ្ចុះ​ថ្លៃ​ជួល ដល់​គ្រឹះស្ថានសិក្សា​ដែល​រង​ការប៉ះពាល់​ដោយសារ​វិបត្តិ​កូ​វីដ​-១៩​នេះដែរ​។​

 
​លោក ហង់​ជួន ណា​រ៉ុ​ន បាន​អំពាវនាវ​ទៅ​ធនាគារជាតិ​កម្ពុជា​(NBC) ជួយ​អន្តរា​គន៍​ទៅ​ធនាគារពាណិជ្ជ និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ ដែល​បានផ្តល់​ប្រាក់កម្ចី​ដល់​គ្រឹះស្ថានសិក្សា​មួយចំនួន ឲ្យ​ពិចារណា​បញ្ចុះ​អាត្រា​ការប្រាក់ និង​ទូទាត់​សំណង​ទៅតាម​លទ្ធភាព ដោយសារ​កូ​វីដ​-១៩​។ ការស្នើ​របស់លោក​រដ្ឋ​មន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា ធ្វើឡើង​ក្នុង​សេចក្តីណែនាំ​ស្តីពី​ការលើកកម្ពស់​ការបង្រៀន និង​រៀន​ពី​ចម្ងាយ ឬ​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​របស់​គ្រឹះស្ថានសិក្សា​ឯកជន​។ 
 
​ក្រៅពី​ស្នើ​ទៅ NBC លោក​ហង់​ជួន ណា​រ៉ុ​ន ក៏​ស្នើ​ឲ្យ​ម្ចាស់​ទីតាំង​ដី​បាន​ជួល​សម្រាប់​ដំណើរការ​គ្រឹះស្ថានសិក្សា​មួយចំនួន ឲ្យ​បញ្ចុះតម្លៃ​ឈ្នួល​តាម​ភាពជាក់ស្តែង ដើម្បី​ដោះ​បន្ទុក​មួយចំនួន ដែល​រង​ផលប៉ះពាល់​ពី​ជំងឺ​កូ​វីដ​-១៩ និង​រក​ដំណោះស្រាយ​ឈ្នះ​ឈ្នះ​ទាំងអស់គ្នា​។​នៅក្នុង​សេចក្តីជូនដំណឹង​ដដែល លោក​រដ្ឋមន្ត្រីក្រសួង​អប់រំ ក៏បាន​ប្រាប់​ទៅ​គ្រឹះស្ថានសិក្សា​ដែល​កំពុងដំណើរការ​បង្រៀន និង​រៀន​តាម​ប្រព័ន្ធ​សិក្សា​ពី​ចម្ងាយ ឬ​ប្រព័ន្ធ​អេឡិចត្រូនិក ត្រូវ​រៀបចំ​រៀងៗ​ខ្លួន​នូវ​យន្តការ និង​ប្រតិទិន​បង្រៀន រៀន និង​ការវាយតម្លៃ​តាម​ប្រព័ន្ធ​សិក្សា​ពី​ចម្ងាយ ឬ​ប្រព័ន្ធ​អេឡិចត្រូនិក​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​ធានា​គុណភាព និង​ប្រសិទ្ធភាព​នៃ​ការបង្រៀន រៀន និង​វាយតម្លៃ​។ 
 
​បើតាម​សេចក្តីណែនាំ​ដដែល ក្រសួង​អប់រំ នឹង​អនុ​ញ្ញា​ត្រ​ឲ្យ​គ្រឹះស្ថានសិក្សា​ឯកជន រៀបចំ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​បឋមភូមិ និង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ តាម​ប្រព័ន្ធ​សិក្សា​ពី​ចម្ងាយ ឬ​ប្រព័ន្ធ​អេឡិចត្រូនិក ទៅតាម​ប្រតិទិន​របស់​គ្រឹះស្ថានសិក្សា​រៀងៗ​ខ្លួន ប៉ុន្តែ​ត្រូវ​ធានា​នូវ​ស្តង់ដារ​គុណភាព ដែល​អាច​ទទួលយកបាន​។ ក្នុងករណី​ចាំបាច់ ក្រសួង​អប់រំ នឹង​សហការ​ជាមួយ​គ្រឹះស្ថានសិក្សា ដើម្បី​ធានា​នូវ​គុណភាព​ប្រឡង​។ គ្រឹះស្ថានសិក្សា​ដែល​អនុវត្តតាម​ការណែនាំ​នេះ ក្រសួង​អប់រំ អាច​សញ្ញាបត្រ​មធ្យម​ទាំង​២​កម្រិត ប៉ុន្តែ​សាមី​គ្រឹះស្ថានសិក្សា ត្រូវ​ចុះហត្ថលេខា​ដោយ​ខ្លួនឯង​។ ក្រសួង​អប់រំ នឹង​ចុះ​អធិការកិច្ច​តាម​ការចាំបាច់ ដើម្បី​គុណភាព​សញ្ញាបត្រ​។ នេះ​បើតាម​សេចក្តីជូនដំណឹង​ដដែល​។ 
 
​លោក ហង់ ជួនណា​រ៉ុ​ន ក៏​នៅតែ​លើកទឹកចិត្ត​អាណាព្យាបាល​សិស្ស ឲ្យ​ជំរុញ និង​តាមដាន​ការសិក្សា​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​របស់​កូនចៅ តាម​កាលវិភាគ​ដែល​កំណត់ដោយ​សាលារៀន​របស់​ពួកគេ​។ លើសពីនេះ អាណាព្យាបាល​ក៏ត្រូវ​ជំរុញ​កូនចៅ ឲ្យ​ស្វ័យ​សិក្សា​នៅផ្ទះ​ផងដែរ  និង​តាមដាន​កូន​កុំ​ឲ្យ​ទៅ​កន្លែង​ណា ដែល​ងាយ​ឆ្លង​កូ​វីដ​-១៩​។ 
 
​សូមជម្រាបថា ដើម្បី​ជា​ជំនួយ​ដល់​ការសិក្សា​របស់​សិស្ស នៅ​អំឡុងពេល​វិបត្តិ​កូ​វីដ​-១៩ ក្រសួង​អប់រំ បាន​បង្កើត​កម្មវិធីសិក្សា​ពី​ចម្ងាយ​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​មួយចំនួន ដូចជា​កម្មវិធី E-Learning, E-School Cambodia, BEEP និង Wiki Tv ជាដើម​។ គិត​ត្រឹម​ថ្ងៃទី​១៣ ខែមេសា​នេះ កម្ពុ​ជាមាន​អ្នកជំងឺ​សរុប​ចំនួន​១២២​នាក់ និង​អ្នកជា​សះស្បើយ​ចំនួន​៧៧​នាក់​។ អ្នក​នៅ​បន្ត​ការព្យាបាល​មាន​ចំនួន​៤៥​នាក់​៕
  

Tag:
 ហង់​ជួន ណា​រ៉ុ​ន​
 ​អប់រំ​
 ​បាក់​ឌុប​
 ​ឌី​ប្លូ​ម​
 ​គ្រឹះស្ថានសិក្សា
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com