ជាតិ
សង្គមជាតិ
ថ្ងៃដំបូងនៃពិធីបុណ្យចូលឆ្នាំដ៏ស្ងប់ស្ងាត់នៅវត្តទូលទំពូង
× ភ្នំពេញ៖ ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ នេះ ដែលត្រូវជាថ្ងៃដំបូងនៃពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំជូត ទោស័ក បណ្តាវត្តអារាមនានាមិនមានមនុស្សឡើយ។ ពលរដ្ឋទាំងអស់ត្រូវមានកាតព្វកិច្ច ចូលរួមទប់ស្កាត់ការរាលដាល COVID-19 ដោយកាត់បន្ថយការជួបជុំគ្នា។ វត្តទួលទំពូង ក្នុងរាជធានីភ្នំពេញ ក៏ដូចជាបណ្តាវត្តផ្សេងៗទូទាំងប្រទេស សុទ្ធតែខ្សត់ពុទ្ធបរិស័ទ ប៉ុន្តែក៏មិនបាត់បង់ទាំងស្រុងនោះដែរ។
ព្រះតេជគុណ ស៊ឺ មាស គង់នៅវត្តនៅវត្តទួលទំពូង ដោយព្រះតេជគុណ មានសង្ឃដីកាប្រាប់សារព័ត៌មានថា បើប្រៀបធៀបទៅនឹងឆ្នាំមុនៗ ពុទ្ធបរិស័ទប្រមាណ១០ភាគរយ បានយកចង្ហាន់ទៅប្រគេនព្រះសង្ឃនាព្រឹកថ្ងៃដំបូងនៃពិធីបុណ្យចូលឆ្នាំនេះ។
ព្រះអង្គបានបន្ថែមថា ពុទ្ធបរិស័ទដែលបានយកចង្ហាន់មកវត្តទួលទំពូង នាព្រឹកថ្ងៃទីមួយនៃបុណ្យចូលខ្មែរនេះ ភាគច្រើនគឺមានជាលក្ខណៈគ្រួសារ ដែលគ្នាជាក្រុមត្រឹម២ទៅ៣នាក់ប៉ុណ្ណោះ ដើម្បីការពារខ្លួនពីជំងឺ COVID-19 ។
«ពុទ្ធបរិស័ទដែលអញ្ជើញមក ពួកគាត់គឺមកតែមួយភ្លែតទេ។ ពេលដែលពួកគាត់ប្រគេនចង្ហាន់រួចហើយ គឺពួកគាត់ត្រឡប់ទៅវិញភ្លាមតែម្តង ដោយពួកគាត់អត់បាននៅអង្គុយលេងដូចឆ្នាំមុនៗឡើយ»។ បើតាមព្រះតេជគុណ ស៊ឺ មាស ពុទ្ធបរិស័ទដែលអញ្ជើញមកវត្តទួលទំពូង គឺមួយចំនួនតិចតួចខ្លាំងដែលធ្លាប់មានពីមុនមកក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ៕
Tag:
COVID-19
ចូលឆ្នាំខ្មែរ
វត្តទួលទំពូង
© រក្សាសិទ្ធិដោយ thmeythmey.com