COVID-19
អន្តរជាតិ
COVID-19៖​ ជំហាន​សំខាន់ៗ​មួយចំនួន​នៃ​ការផលិត​វ៉ាក់សាំង​
13, Apr 2020 , 9:19 pm        
រូបភាព
​ដោយសារតែ​ខ្លួនប្រាណ​របស់​មនុស្ស​មិនដែល​ធ្លាប់​ជួបប្រទះ​វីរុស​កូ​រ៉ូ​ណា (SARS-CoV-2) នេះ​ពីមុនមក ប្រព័ន្ធ​ស៊ាំ​របស់​មនុស្ស​មិនអាច​មាន​ពេល​គ្រប់គ្រាន់​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​វីរុស​នេះ​បាន​នោះទេ​។ ប៉ុន្តែ​វត្ត​មាននៃ​វ៉ាក់សាំង​អាចជួយ​ឲ្យ​ខ្លួនប្រាណ​របស់​មនុ​ស្សដឹង​ពី​ប្រភេទ​នៃ​វីរុស និង​របៀប​ការពារ​បា​ន​រហ័ស និង​សុវត្ថិភាព​ជាង​មុន​។

 
​យ៉ាងណាក៏ដោយ ការផលិត​វ៉ាក់សាំង​ដែល​អាច​ប្រើប្រាស់​បាន​ទូលំទូលាយ ទាមទារ​រយៈពេល​ជា​មធ្យម​ចាប់ពី​៥​ឆ្នាំ រហូត​ទៅដល់​១០​ឆ្នាំ​។ ចំពោះ COVID-19 ទិន្នន័យ​មួយចំនួន​បានប្រកាសថា វ៉ាក់សាំង​សម្រាប់​មេរោគ​មួយ​នេះ​អាច​ត្រូវបាន​គេ​ផលិត​រួចរាល់​ក្នុង​រយៈពេល​ខ្លី​ខាងមុខ​។ បើទោះបីជា​យ៉ាងនេះ​មែន ការផលិត​វ៉ាក់សាំង COVID-19 ក៏​នៅតែ​អាច​ត្រូវការ​ពេល​ប្រមាណ​ពី​១២​ខែ ទៅ​១៨​ខែ​ដែរ​។ 
 
​គេហទំព័រ The Conversation ចុះផ្សាយ​កាលពី​ថ្ងៃទី​៣១ ខែមីនា​បាន​បញ្ជាក់ថា ដោយសារតែ​ការរីកលូតលាស់​នៃ​វិស័យ​បច្ចេកវិទ្យា និង​ការចូលរួម​ឧបត្ថម្ភ​ជា​ថវិការ​ពី​ស្ថាប័ន​នានា ដំណើរ​ការផលិត​វ៉ាក់សាំង​កាន់​តែមាន​ភាពរលូន​ជាង​មុន​។ វ៉ាក់សាំង​មួយចំនួន​ត្រូវបាន​គេ​ប្រើប្រាស់​ក្នុង​តំបន់​អាសន្ន​បើទោះបីជា​វ៉ាក់សាំង​ទាំងនោះ​មិនត្រូវ​ទាន់​បាន​អ្នកជំនាញ​ទទួលស្គាល់​ជាទូទៅ​ក្តី​។ បច្ចុប្បន្ន ក្រុមហ៊ុន និង​វិទ្យាស្ថាន​សិក្សា​ចំនួន​៣៥​កន្លែង​លើ​ពិភពលោក​កំពុងតែធ្វើការ​ពិសោធន៍​លើ​វ៉ាក់សាំង​ប្រឆាំង COVID-19 ។ 
 
​ខាងក្រោម​នេះ​គឺជា​ជំហាន​សំខាន់ៗ​ក្នុង​ការផលិត​វ៉ាក់សាំង​ការពារ​ជំងឺឆ្លង​៖ 
 
​ទី​១៖ យល់​ពី​លក្ខណៈ​នៃ​វីរុស 
​ការសិក្សា​ពី​វីរុស​នេះ​ត្រូវបាន​គេ​ធ្វើឡើង​ដោយ​ពិនិត្យមើល​ប្រភេទ​ម៉ូលេគុល​ប្រូតេអ៊ីន និង​ស្ករ​ដែលមាន​នៅក្នុង​ស្រទាប់​នៃ​វីរុស ក៏​ដូចគ្នា​ជាមួយនិង​ស្រទាប់​នៃ​កោសិកា​ធ្មួ​ល ថា​តើ​ម៉ូលេគុល​ទាំងនោះ​អាចធ្វើ​ឲ្យ​ប្រព័ន្ធ​ស៊ាំ​មនុស្ស​មានប្រតិកម្ម​ប្រយុទ្ធប្រឆាំង​ដែរ​ឬ​យ៉ាងណា​។ ចំពោះ​វីរុស COVID-19 អ្នកជំនាញ​របស់​ប្រទេស​ចិន​បានកំណត់ និង​ផ្សព្វផ្សាយ​«​អង្កត់​សេនេទិច​»​របស់​វីរុស​ទៅកាន់​ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត​ក្នុង​ពិភពលោក​។ អង្កត់​សេនេទិច (Genetic Sequence) ជា​ទិន្នន័យ​ជីវសាស្ត្រ​ដែល​អ្នកជំនាញ​អាច​ប្រើប្រាស់​ដើម្បី​ដឹង​ពី​ទម្រង់​ប្រូតេអ៊ីន សិក្សា​ពី​ប្រវត្តិ​របស់​វីរុស និង​ធ្វើតេស្ត​លើ​វិធី​ព្យាបាល​ថ្មី​។ 
 
ទី​២៖ បេក្ខភាព​វីរុស​សម្រាប់​ផលិត​វ៉ាក់សាំង (Vaccine Candidate)
​គឺជា​ការប្រើប្រាស់ និង​គ្រប់គ្រង​វីរុស ដោយ​ធ្វើ​ឲ្យ​ពួកគេ​អសកម្ម ឬ​ខ្សោយ ដើម្បី​ដឹងថា​តើ​វីរុស​ដែល​ត្រូវបាន​គេ​កែសម្រួល​ទាំងនេះ​អាចធ្វើ​ឲ្យ​ប្រព័ន្ធ​ស៊ាំ​របស់​មនុស្ស​មានប្រតិកម្ម​ប្រយុទ្ធ​ដែរឬទេ​។ ពេលខ្លះ​អ្នកជំនាញ​មិនចាំបាច់​ប្រើប្រាស់​វីរុស​តែម្តង​នោះទេ​។ ដោយឡែក គេ​អាច​ប្រើប្រាស់​ទិន្នន័យ​ពី អង្កត់​សេនេទិច ក្នុង​ការផលិត​ម៉ូលេគុល​ប្រូតេអ៊ីន​ដែលមាន​លក្ខណៈ​ស្រដៀង​គ្នា​ទៅនឹង​វីរុស​។ ជាមួយនឹង​បទពិសោធន៍​ផ្សេងៗ​ពី​ការផលិត​វ៉ាក់សាំង​កាលពី​អតីតកាល អ្នកជំនាញ​មាន​ទិន្នន័យ​កាន់តែច្រើន​ក្នុង​ការផលិត​វ៉ាក់សាំង​កាន់តែ​រហ័ស និង​មាន​ប្រសិទ្ធភាព​ជាង​មុន​។ 
 
​ទី​៣៖ ការធ្វើ​តេស្ត​ជំហាន​ដំបូង មិនមែន​លើ​មនុស្ស (Pre-Clinical Testing) 
​ដើម្បី​ធានាថា​វ៉ាក់សាំង​ពិតជា​មិន​បង្ក​ផលប៉ះពាល់​លើ​រា​ង្គ​កាយ​មនុស្ស ការធ្វើ​តេស្ត​ពិសោធន៍​ត្រូវបាន​គេ​ធ្វើ​ឡើងលើ​ពពួកសត្វ​នានា ជាពិសេស​ទៅលើ​សត្វ​កណ្តុរ​។ នៅក្នុង​គ្រាអាសន្ន ក្រុម​អ្នកវិទ្យាសាស្ត្រ​ជាច្រើន​ក្រុម​អាចធ្វើ​ការពិសោធន៍​ក្នុងពេល​តែមួយ​ដើម្បី​ធ្វើតេស្ត​លើ​វ៉ាក់សាំង​។ 
 
​ទី​៤៖ ការធ្វើ​តេស្ត​លើ​មនុស្ស (Clinical Trial) 
​ក្នុង​ជំហាន​នេះ វ៉ាក់សាំង​ជាច្រើន​មិនបាន​ទទួលជោគជ័យ​នោះទេ​។ ការធ្វើ​តេស្ត​លើ​មនុស្ស​ត្រូវបាន​គេ​ធ្វើឡើង​ក្នុងដំណាក់កាល​ចំនួន​បី​។ ដំបូង​គឺ​ការធ្វើ​តេស្ត​លើ​មនុស្ស​មួយក្រុម​តូច ដែលមាន​សុខភាព​ល្អ​ក្នុងការ​ពិនិត្យមើល​សុវត្ថិភាព​នៃ​វ៉ាក់សាំង​។ បន្ទាប់ គឺ​ការធ្វើ​តេស្ត​លើ​មនុស្ស​ចំនួន​ពីរ​ទៅ​បី​រយ​នាក់ ដែល​ត្រូវបាន​គេ​ដឹងថា​ជា​ក្រុមមនុស្ស​ដែល​ងាយ​ប្រឈម​ជាមួយនឹង​ជំងឺ​នោះ​។ ក្រោយមក ការសិក្សា​លើ​មនុស្ស​កាន់តែច្រើន​ចាប់ពី​ពីរ​ទៅ​បី​ពាន់​នាក់​ដើម្បី​ទាញយក​លទ្ធផល​ឲ្យ​បាន​កាន់តែ​ធំ​ទូលំទូលាយ​។ នៅក្នុង​កាលៈទេសៈ​នេះ វ៉ាក់សាំង​ត្រូវតែមាន​សុវត្ថិភាព ជួយ​ជំរុញ​ប្រព័ន្ធ​ស៊ាំ​មនុស្ស និង​ការការពារ​ផ្សេងៗ​ទៀត​ពី​មេរោគ​។ 

​ទី​៥៖ ការអនុម័ត​យល់ព្រម 
​បើ​ការអនុម័ត​យល់ព្រម​ត្រូវបាន​គេ​ធ្វើ​ឡើងលើ​វ៉ាក់សាំង​ដែលមាន​ភាពស្រដៀងគ្នា​ពីមុនមក នោះ​វ៉ាក់សាំង​ដែលមាន​ភាពស្រដៀងគ្នា​ថ្មី​នឹងត្រូវ​បាន​គេ​អនុម័ត​បាន​រហ័ស​ជាមុន ប៉ុន្តែ​នេះ​មិនមែនជា​ករណី​សម្រាប់​វ៉ាក់សាំង​ប្រឆាំង COVID-19 នោះទេ​។ ហេតុដូចនេះ វ៉ាក់សាំង​សម្រាប់ COVID-19 នឹងត្រូវ​ប្រើប្រាស់​រយៈពេល​យូរ​ទៀត​ដើម្បី​សម្រេច​។​
 
​ទី​៦៖ ផលិតកម្ម 
​បើទោះបីជា​វ៉ាក់សាំង​ត្រូវបាន​គេ​អនុម័ត​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​មែន ចង្វាក់​ផលិតកម្ម​គឺជា​រឿង​សំខាន់​មួយទៀត​។ ហេដ្ឋារចនាសម្ព័ន្ធ ឧបករណ៍​ពិសេស ធនធានមនុស្ស និង​អ្នកជំនាញ​ផ្សេងៗ​ជាច្រើន​ទៀត​កំពុងស្ថិត​នៅក្នុង​តម្រូវការ​ចាំបាច់ មុន​ពេលដែល​ផលិតកម្ម​ខ្នាត​ធំ​អាច​ប្រព្រឹត្តិទៅបាន​។ ការត្រួតពិនិត្យ​គុណភាព​គឺជា​រឿង​ដែល​មិនអាច​មើលរំលង​បានឡើយ​។ ក្រោយពី​ការផលិត សំណួរ​សួរថា​តើ​ក្រុមមនុស្ស​មួយណា ក្នុង​តំបន់​មួយណា​អាចនឹងទទួល​បាន​វ៉ាក់សាំង​មុនគេ​។ នៅក្នុង​ជំហាន​ដ៏​ស្មុគស្មាញ​ទាំងអស់នេះ បើ​អ្នកជំនាញ​រកឃើញថា ដំណើរការ​នៃ​ការផលិត​វ៉ាក់សាំង​ណាមួយ​អាច​បង្ក​ផលប៉ះពាល់​ទៅកាន់​មនុស្ស នោះ​អ្នកជំនាញ​ត្រូវ​ត្រលប់​ទៅ​ចាប់ផ្តើម​ជំហាន​
​ដំបូងៗ​ឡើងវិញ​៕

© រក្សាសិទ្ធិដោយ thmeythmey.com