ពីនេះ ពីនោះ
សង្គ្រាម​ប្រឆាំង​កូ​វីដ​៖ រដ្ឋាភិបាល​ពិតជា​បានបង្ហាញ​ភាព​ខ្វល់ខ្វាយ​ពី​ជីវិត​ពលរដ្ឋ​
13, Apr 2020 , 4:32 pm        
រូបភាព
ដោយ: ថ្មីៗ
​ធ្លាប់តែ​ផឹក​កាហ្វេ​ជជែក​គ្នា​ទល់មុខ តែ​ពេលនេះ សុធីរ និង​សំណាង​ជជែក​តាម​តេ​ឡេ​ក្រាម​រឿង​កូ​វីដ​-១៩ នៅ​ស្រុក​ខ្មែរ​។ ក្រោយពី​និយាយ​ដល់​ទិដ្ឋភាព​ទាំងមូល ក្លើ​ទាំងពីរ​ក៏មាន​ចិត្ត​អាណិត​រដ្ឋាភិបាល ហើយក៏​មិន​ចង់​បន្ទោស​ប្រជាជន​ដែរ​។​

 
​សំណាង​៖ អញ​ឃើញ​យុទ្ធនាការ​ប្រឆាំង អា​ក្វី​ដ​ស្អី​គេ​ហ្នឹង ដូចជា​ស្រួចស្រាល់​ល្អ​មែនទែន អា​ធី​អ្ហា​។ នៅតាម​ផ្លូវ ផ្ទាំង​ប៉ាណូ​ធំៗ ដែល​គេ​ធ្លាប់តែ​ដាក់​ផ្សាយពាណិជ្ជកម្ម​ផលិតផល ត្រូវបាន​ជំនួស​ដោយ​ផ្ទាំង​អប់រំ​ប្រាប់​ពលរដ្ឋ​ឱ្យ​លាងដៃ ប្រឆាំង​អា​ក្វី​ដ​។ ផ្ទាំង​ប៉ាណូ LED ដែល​ផ្សាយ​ស្ប៉ត​ផលិតផល ក៏​ក្លាយជា​ស្ប៉ត​វីដេអូ​ខ្លី ភឺ្ល​ចិញ្ចាចចិញ្ចែង​ពេញ​ផ្លូវ​។ ផ្ទាំង​បដា​ជាច្រើន​ដែលមាន​សារ​ប្រឆាំង​កូ​វីដ ត្រូវបាន​បិទ​តាម​ជញ្ជាំង​សាលារៀន តាម​ទីសាធារណៈ​។ នេះ​អញ​មិនទាន់​និយាយ​ពី​ហ្វេ​ស​ប៊ុ​ក ក្រុម​ឆាត​នានា​ដែលមាន រូបភាព​ប្រាប់​ឱ្យនៅ​ផ្ទះ ពាក់​ម៉ាស់ ដែល​គេ​ចែក​ផ្សាយ​បន្ត​គ្នា​យ៉ាង​ទូលំទូលាយ​ផង​។​
 
​សុធីរ​៖ អានេះ​គេ​ហៅថា ប្រើ​កម្លាំង​រួម ប្រើ​ធនធាន​សរុប​។ រដ្ឋាភិបាល​បានធ្វើ​ល្អ​ណាស់​លើក​នេះ​។ អញ​ពេញចិត្ត​។ ទាំង​វិធានការ និង​ទាំង​សកម្មភាព ស្រុះគ្នា​ដូច​ស្រមោច តាំង​ពីលើ​ដល់​ក្រោម​។ ប្រជាជាតិ​ខ្មែរ​ទាំងមូល​បានរួម​គ្នា​។ វិស័យ​ឯកជន​បរិច្ចាគ ផ្តល់​វិភាគទាន ជា​ថវិកា ជន​សម្ភារ ជា​អង្ករ ទៅ​រដ្ឋាភិបាល​ផង និង​បានធ្វើ​រៀងៗ​ខ្លួន​ជា​លក្ខណៈ​ឯកជន​ដាច់ដោយឡែក​ផង​។ រដ្ឋាភិបាល​ប្រជុំ ពិភាក្សា​បម្រុង​ថវិកា ស្បៀង និង​សម្ភារ​ប្រើប្រាស់​ប្រឆាំង​ការឆ្លង​ដោយ​យថាហេតុ​ជំងឺ​កូ​វីដ​នេះ​។ ជារួម លើក​នេះ អញ​ឃើញ​រដ្ឋាភិបាល​មាន​សកម្ម​ភាពរស់រវើក ខ្វាយខ្វល់ និង​គិតគូរ​ពី​ប្រជាជន​មុតមាំ​ណាស់​។​

​សំណាង​៖ បើតាម​អញ​ស្មាន រដ្ឋាភិបាល​នៅ​បារម្ភ​ក៏​មិនតិច​ដែរ​ហ្នុ​ង​។ មិនដឹង​ថ្ងៃមុខ​យ៉ាងម៉េច​? អញ​ថា ធ្វើសង្គ្រាម​ជាមួយ​មនុស្ស ដូចជា​នៅ​ស្រួល​ជាង​នេះ ព្រោះ​សត្រូវ​ជាម​នុស្ស យើង​មើលឃើញ​។ តែ​នេះ​មេរោគ វើ​យ​! មិនដឹង​វា​នៅ​កន្លែង​ណា មកដល់​ពេលណា​? អញ​បាញ់​អាល់កុល​លាងដៃ​ឡើង​ជ្រួញ​ស្បែក​អស់ហើយ​។​
 
​សុធីរ​៖ អើ ឥឡូវនេះ ក្រៅពី​ទូរ​សព្ទ គឺ​ត្រូវមាន​ម៉ាស់ និង​ទឹក​លាងដៃ​តាម​ជាមួយ​រហូត គ្រប់​តែ​គ្នា​ហ្នឹង​។ ប៉ុណ្ណឹង​ហើយ នៅមាន​អ្នក​មិន​ស្តាប់​ទៀត​។ រកតែ​ខឹង ខឹង​មិនកើត​។ ធ្វើ​ម៉េច​ពួកគេ​មិន​យល់​។ អញ​ចង់តែ​ស្រែកសួរ​ពួកគាត់ អា​រឿង​ទៅ​ស្រុក​ហ្នឹង​ទេ​អ្ហា​។ សួរថា «មិនបាន​ជួបជុំ និង​លែង​បាន​ជួបជុំ» រើសយក​មួយណា​?

© រក្សាសិទ្ធិដោយ thmeythmey.com