COVID-19
អន្តរជាតិ
អ្នកជំនាញ​ជំងឺឆ្លង​អាមេរិក​៖ អាមេរិក អាច​បើក​សកម្មភាព​សេដ្ឋកិច្ច​ឡើងវិញ​នៅ​ខែក្រោយ​
13, Apr 2020 , 9:59 pm        
រូបភាព
លោក Anthony Fauci ប្រធានវិទ្យាស្ថានជាតិ នៃជំងឺរមាស់ និងជំងឺឆ្លង
លោក Anthony Fauci ប្រធានវិទ្យាស្ថានជាតិ នៃជំងឺរមាស់ និងជំងឺឆ្លង
​លោក Anthony Fauci អ្នកជំនាញ​រោគ​ឆ្លង​របស់​អាមេរិក នា​ថ្ងៃទី​១២ ខែមេសា បាន​លើកឡើងថា អាមេរិក​អាច​បើក​សកម្មភាព​សេដ្ឋកិច្ច​របស់ខ្លួន​នា​ខែក្រោយ​។ ការលើកឡើង​បែបនេះ ធ្វើឡើង​ខណៈពេល​អាមេរិក​កំពុងមាន​អ្នក​ផ្ទុក​ជំងឺ​រលាក​សួត ដែល​បង្កដោយ​កូ​រ៉ូ​ណាវី​រុស (COVID-19) ក្នុង​អត្រា​ដ៏​ខ្ពស់​ជាងគេ​នៅលើ​ពិភពលោក ប៉ុន្តែ​រំពឹង​ឡើងដល់​ចំណុច​ឆាប់ៗ​នេះ​។

 
​នាពេល​កន្លងមក ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ធ្លាប់​បង្ហើប​ពី​ការចង់​បើកចំហ​សេដ្ឋកិច្ច​របស់​អាមេរិក​រួចហើយ​នៅ​ចំ​ពិធីបុណ្យ Easter ដែល​ចំ​ថ្ងៃទី​១២ ខែមេសា​។ ប៉ុន្តែ​នៅក្នុង​ថ្ងៃបុណ្យ​នេះ គ្មាន​ប្រជាជន​អាមេរិក​ណា​ម្នាក់​ចង់​ចេញពីផ្ទះ​ឡើយ ចំណែក​ការ​ប្រារព្ធ​ពិធីបុណ្យ​ទៀតសោត គឺធ្វើឡើង​តាម​អន​ឡាញ​តែប៉ុណ្ណោះ ដើម្បី​កាត់បន្ថយ​ករណី​ឆ្លង COVID-19​។ 
 
​ពាក់ព័ន្ធ​បញ្ហា​បើក​សកម្មភាព​សេដ្ឋកិច្ច​អាមេរិក​ឡើងវិញ​ក្នុងអំឡុងពេល​ផ្ទុះ​COVID-19 នេះ លោក Anthony Fauci ប្រធាន​វិទ្យាស្ថាន​ជាតិ នៃ​ជំងឺ​រមាស់ និង​ជំងឺឆ្លង បាន​ប្រាប់​ទូរទស្សន៍ CNN ថា អាមេរិក​អាច​បើក​សកម្មភាព​សេដ្ឋកិច្ច​របស់ខ្លួន​មួយផ្នែក នា​ខែឧសភា​។ នេះ​គឺជា​ការរំពឹងទុក​រប​ស់​អ្នកជំនាញ ខណៈពេល​អាមេរិក កំពុងមាន​ចំនួន​អ្នក​ផ្ទុក COVID-19 ច្រើនជាងគេ​។ 
 
​ក្នុង​កិច្ច​សម្ភាស​ខាងលើ លោក Fauci បង្ហាញ​សង្ឃឹមថា​៖ «​នៅ​ដំណាច់​ខែឧសភា អាមេរិក​អាចឈាន​ដល់​ដំណាក់​កាលដែល​អាច​លើក​ជា​សំណួរ​ថា តើ​មាន​ធាតុ​ផ្សំ​អ្វី ដែល​អាច​ដក​ការ​រឹតត្បិត​ប្រកបដោយ​សុវត្ថិភាព និង​មិន​ប៉ះពាល់​ដល់​ប្រជាជន​? ប្រសិន​ជាមាន អាមេរិក នឹង​ដក​វា​ភ្លាម ប៉ុន្តែ​បើ​អត់​ទេ អាមេរិក នៅតែ​បន្ត​រឹតត្បិត​ទៅទៀត​។​»
 
​លោក Fauci ជឿថា តំបន់​នីមួយៗ គួរតែ​ត្រៀមខ្លួន​ឲ្យ​បាន​រួចរាល់​លើ​ការបើក​សកម្មភាព​សេដ្ឋកិច្ច​ឡើងវិញ ជាជាង​ពឹងផ្អែក​តែ​លើ​រដ្ឋាភិបាល​សហព័ន្ធ​។ ត្រង់ចំណុច​នេះ អាមេរិក​គឺ​ខុសពី​បណ្តា​ប្រទេស​អឺរ៉ុប​មួយចំនួន​នៅត្រង់ថា ពេល​អាមេរិក​បិទ​តំបន់ គឺ​ផ្អែកលើ​រដ្ឋាភិបាល​សហព័ន្ធ ចំណែក​នៅ​អឺរ៉ុប ពេល​តំបន់​ណាមួយ​កំពុងតែ​រងគ្រោះ​ខ្លាំង​ដោយសារ​COVID-19 គឺ​ផ្អែកទៅលើ​ការសម្រេចចិត្ត​របស់រ​ដ្ឋា​ភិ​បាល​ថ្នាក់​តំបន់ ដែល​អាចមាន​សិទ្ធិ​បិទ​តំបន់​យូរ ឬ​ឆាប់​។ 
 
​ដោយឡែក តាមរយៈ​បណ្តាញ​សង្គម Twitter នា​ថ្ងៃទី​១២ ខែមេសា លោក ត្រាំ​បាន​សរសេរ​យ៉ាង​ដូច្នេះ​ថា​៖ « យើង​នឹង​ឈ្នះ និង​កំពុងតែ​ឈ្នះ សត្រូវ​ដែល​មើលមិនឃើញ​នេះ (COVID-19)»​។ 
​គិត​មក​ត្រឹម​រសៀល​ថ្ងៃទី​១៣ ខែមេសា អាមេរិក​មាន COVID-19 សរុប​ជាង ៥៦​ម៉ឺន​ករណី អ្នកស្លាប់​មាន​ជាង ២​ម៉ឺន​ករណី និង​អ្នកជា​សះស្បើយ​មាន​ចំនួន​ជាង ៣​ម៉ឺន​ករណី​៕  

Tag:
 អាមេរិក​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com