COVID-19
ជាតិ
ថៃ បិទ​ទីតាំង​លក់​ស្រា​ទូទាំងប្រទេស​ដល់​ចុងខែ​មេសា​
13, Apr 2020 , 4:59 pm        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
​ខេត្ត​ទាំង​៧៧ របស់​ថៃ បានប្រកាស​ហាម​លក់​ស្រា និង​ចេញ​បញ្ជា​បិទ​ទីតាំង​លក់​ស្រា​ទាំងអស់​ក្នុងអំឡុងពេល​ចូលឆ្នាំ​រហូតដល់​ចុងខែ​មេសា ឬ​យូរ​ជាង​នេះ​។ វិធានការ​នេះ មាន​គោលដៅ​ទប់ស្កាត់​ការជួបជុំ​របស់​ប្រជាជន និង​ដើម្បី​ទប់ស្កាត់​ករណី​ឆ្លង​បន្ថែម​ជំងឺ COVID-19 ស្រប​ពេលដែល​និន្នាការ​ឆ្លង​បាន​បន្ត​ធ្លាក់ចុះ​គួរ​ឲ្យ​កត់សម្គាល់​។

 
​វិធាន​ការបិទ​ការលក់​ស្រា និង​បិទតូប បិទ​ហាង​លក់​ស្រា បាន​ពង្រីក​វិសាលភាព​ទូទាំងប្រទេស​ថៃ​ហើយ​។ មជ្ឈមណ្ឌល​រដ្ឋបាល​គ្រប់គ្រង​ជំងឺ COVID-19 របស់​ថៃ បានប្រកាស​នៅ​ថ្ងៃទី​១២ ខែមេសា ថា ខេត្ត​ចំនួន​២៧​ថែមទៀត បានប្រកាស​ហាម​លក់​ស្រា​ដល់​ថ្ងៃទី​៣០ ខែមេសា ខណៈ​ខេត្ត​ពីរ​ហាម​លក់​ដោយ​គ្មាន​ការកំណត់​ជាក់លាក់​។​
 
​ការបិទ​លក់​ស្រា​នេះ ធ្វើឡើង​ស្របពេល​ដែល​ថៃ​បាន​លុបចោល​ពិធី​ចូលឆ្នាំថ្មី​របស់ខ្លួន​ដែល​ត្រូវ​ចាប់ផ្ដើម​ពីថ្ងៃ​ទី​១៣ រហូត​ដល់ទី​១៦ ខែមេសា​។ អាជ្ញាធរ​ថៃ​បារម្ភ​ថា ទោះ​គ្មាន​ការអបអរ​ទ្រង់ទ្រាយ​ធំ​មែន ការជួប​របស់​ប្រជាជន​អាច​នឹងមាន​ដដែល ព្រម​គ្នា​នឹង​ការផឹកស៊ី​ផង​។ ការណ៍​នេះ អាច​នាំ​ឲ្យ​ករណី​ឆ្លង​កើន​ខ្លាំង​ថែមទៀត ខណៈ​ករណី​ឆ្លង​បច្ចុប្បន្ន​មាន​កម្រិត​ទាប​គួរ​ឲ្យ​កត់សម្គាល់​។ 
 
​បើតាម​កាសែត​បាងកក​ប៉ុស្តិ៍ បម្រាម​លក់​ស្រា​នេះ មាន​រយៈពេល​ផ្សេងគ្នា​ទៅតាម​ខេត្ត​នីមួយៗ ខណៈ​រាជធានី​បាងកក អនុវត្ត​ពីថ្ងៃ​ទី​១០ ដល់ទី​២០ ខែមេសា​។ រ៉ា​យ៉ង និង​ក្រា​ប៊ី​ដែលជា​តំបន់​ទេសចរណ៍​អនុវត្ត​ដល់​ថ្ងៃទី​១៥ ខែមេសា ឯ​ឈៀង​រ៉ៃ​ដល់​ថ្ងៃទី​១៦ ខែមេសា​។ ស៊ីសាកេត ស្រះកែវ និង​ជល​បុរី​ជាដើម ហាម​លក់​ស្រា​ដល់​ថ្ងៃទី​៣០ ខែមេសា​ឯណោះ ខណៈ​ភូ​កេ​ត និង​ពិស្ណុលោក ហាម​លក់​រហូតដល់​មានការ​ជូនដំណឹង​ថ្មី​។ 
 
​គិត​ត្រឹម​ថ្ងៃទី​១៣ ខែមេសា ករណី​ឆ្លង COVID-19 នៅ​ថៃ​មាន​ចំនួន​២៥៧៩​នាក់ និង​ស្លាប់​៤០​នាក់​៕

Tag:
 ថៃ​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com