ពីនេះ ពីនោះ
ឆ្នាំ​ថ្មី ផុត​ភ័យ​ពី​កូ​វីដ​-១៩!
13, Apr 2020 , 10:19 pm        
រូបភាព
ដោយ: ថ្មីៗ
​បទ គោ​ព័ទ្ធ​ស្នឹង ដោយ ប៉ាកកា​ខ្មៅ​
 
​កុរ​កោស​បោស​បាច​គ្រោះកាច​ទៅ​ ​ទៅមុខ​ជូត​នៅ​នាំ​ជ័យ​ជោគ​
​ជោគ​មាន​តេជ​ឈ្នះ​អស់​រោគ​ ​រោគ​មាន​ក្នុង​លោក​សូម​សូន្យ​សាប​។​

 
​សាបរលាប​ទៅ​កូ​វីដ​រោគ​ ​រោគ​ដែល​នាំ​លោក​ធ្លាក់​ដុនដាប​
​ដាប​ដល់​ដួល​ដេក​ហារ​មាត់​ស្ងាប​ ​ស្ងាប​ស្ងប់​ថប់​ក្រាប​ក្រិស​ក្រៀម​ក្រិន​។​
 
​ក្រិន​មិន​លូតលាស់​សេដ្ឋកិច្ច​ ​កិច្ចការ​ច្រើន​តិច​ស្ទើរ​ហោច​ហិន​
​ហិនហៃ​ហាក់​ម៉ដ្ត​ដូច​គេ​កិន​ ​កិន​គាប​ខ្មែរ​ចិន​ថៃ​អា​គាំង​។​
 
​គាំង​កឿង​កល់​កៀប​រាប​រុះ​រោយ​ ​រោយ​ធ្លាក់​ថ្លោះធ្លោយ​ព្រោះ​រោគ​ឃាំង​
​ឃាំង​ផ្លូវទឹក​គោក​ដាច់​ស្តុក​ឃ្លាំង​ ​ឃ្លាំង​រោងចក្រ​គាំង​ការងារ​ស្ទះ​។​
 
​ស្ទះ​ទាំង​ដំណើរ​អភិវឌ្ឍ​ ​វឌ្ឍនភាព​រដ្ឋ​ស្ទុះ​លែងលះ​
​លះ​លង់​ចំណាយ​ចាយ​ដូច​ជះ​ ​ជះ​ចាយ​ខ្លះ​ស្ទះ​ចំណូល​ផុត​។​
 
​ផុត​កុរ​ដាច់​រោគ​ជូត​នាំ​លាភ​ ​លាភ​រួម​រោគ​រាប​ក្រាប​ស្រកស្រុត​
​ស្រុត​រោគ​លោក​ស្រាន្ត​បាន​ចៀសផុត ផុត​ភ័យ​តក់ស្លុត​ពី​កូ​វីដ​៕​
 
 

© រក្សាសិទ្ធិដោយ thmeythmey.com