តន្ត្រីនៃក្តីសង្ឃឹម «Music for Hope» របស់កំពូលតារាចម្រៀងអូប៉េរ៉ាអ៊ីតាលី លោក Andrea Bocelli កាលពីថ្ងៃអាទិត្យទី១២ ខែមេសា កន្លងមក ទាក់ទាញអ្នកទស្សនារាប់លាននាក់នៅលើបណ្តាញ Youtube។ លោក Bocelli ដែលជាអ្នកចម្រៀងពិការភ្នែកវ័យ៦១ឆ្នាំ បានឈរច្រៀងតែម្នាក់ឯងពីវិហារ Duomo di Milano (ឬ Milan Cathedral) ដើម្បីផ្តល់សារនៃក្តីសង្ឃឹមជូនដល់ពិភពលោក ដែលកំពុងប្រយុទ្ធប្រឆាំងជំងឺ COVID-19។
វិហារ Duomo di Milano ដែលស្ថិតនៅក្នុងក្រុង Milan តំបន់ Lombardy ក្លាយជាកន្លែងដ៏ស្ងាត់ជ្រងំ ដោយសារតែការរាលដាល COVID-19។ នាឱកាសនៃពិធីបុណ្យ Easter របស់គ្រឹស្តបរិស័ទផងដែរនោះ លោក Bocelli បានឈរច្រៀងតែម្នាក់ឯង ហើយផ្សាយផ្ទាល់នៅលើទំព័រ Youtube ផ្លូវការរបស់ខ្លួន ដែលបានទាក់ទាញអ្នកទស្សនារាប់លាននាក់។
ក្រោមកម្មវិធីដែលមានឈ្មោះថា «Andrea Bocelli៖ Music for Hope» កំពូលអ្នកចម្រៀងលំដាប់ពិភពលោករូបនេះ បានបកស្រាយបទចម្រៀងមួយចំនួនដូចជា Panis Angelicus», Ava Maria, Sancta Maria និង Domine Deus រួមទាំងបទ «Amazing Grace» ផងដែរ៕