COVID-19
អន្តរជាតិ
​យុវជន​ឥណ្ឌូណេស៊ី​មួយក្រុម បន្លំ​ធ្វើ​ខ្មោច​បន្លាច​អ្នកភូមិ​កុំ​ឲ្យ​ចេញពីផ្ទះ ដើម្បី​ទប់ស្កាត់ COVID-19
13, Apr 2020 , 11:30 pm        
រូបភាព
រូបភាព Reuters
រូបភាព Reuters
 
​នៅពេល​រាត្រី អ្នកភូមិ Kepuh ដែល​ដើរហើរ​ក្រៅ​ផ្ទះ តែង​ជួប​ខ្មោច​រុំ​កំណាត់​ស​។ ខ្មោច​នោះ គឺជា​អ្នកភូមិ​ដែល​ស្ម័គ្រចិត្ត​ចូលរួម​ក្នុង​យុទ្ធនាការ​អនុវត្ត​គម្លាត​សង្គម និង​ការ​ស្នាក់នៅ​ក្នុងផ្ទះ​ដើម្បី​ទប់ស្កាត់​ការ​រាលដាល​ជំងឺ​រលាក​សួត​ធ្ងន់ធ្ងរ​បង្កដោយ​កូ​រ៉ូ​ណាវី​រុស​ប្រភេទ​ថ្មី (COVID-19) ក្នុងប្រទេស​មាន​ប្រជាជន​ច្រើនជាងគេ​នៅ​អាស៊ីអាគ្នេយ៍​។

 
​អ្នកភូមិ Kepuh នៃ​កោះ​ជ្វា​របស់​ឥណ្ឌូណេស៊ី បាន​យកគំនិត​បន្លំ​ធ្វើ​ខ្មោច (pocong)​ដើម្បី​បន្លាច​ប្រជាជន​ឲ្យ​ពួកគេ​ស្នាក់​នៅផ្ទះ ចៀសវាង​ដើរហើរ​ខាងក្រៅ​ដែល​អាច​ឆ្លង​ជំងឺ COVID-19 ។ ពេលយប់ យុវជន​ក្មេងៗ ស្លៀកពាក់​ស​រុំខ្សែ​ខាងក្រៅ ផាត់មុខ​ស និង​ភ្នែក​ពណ៌​ខ្មៅ​ដើម្បី​លង​អ្នកភូមិ​ដែល​ចចេស​ដើរ​ចេញពីផ្ទះ​ពេលយប់​។ 
 
​លោក Anjar Pancaningtyas ប្រធាន​ក្រុមយុវជន​ក្នុងភូមិ​និយាយថា ពួកគេ​ចង់​ប្រើ​វិធីសាស្ត្រ​ផ្សេង ហើយ​បន្លាច​ប្រជាជន ព្រោះ​ខ្មោច pocong គួរ​ឲ្យ​ខ្លាច​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ។ យុវជន​មួយក្រុម​នេះ សហការ​ជាមួយ​ប៉ូលិស​ដើម្បី​ជំរុញ​វិធានការ​គម្លាត​សង្គម ស្រប​ពេលដែល COVID-19 រាលដាល​។​
 
​អ្វី​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ ពេល​អនុវត្ត​វិធានការ​នេះ​ដំបូង ខ្មោច pocong មិនអាច​ធ្វើ​ឲ្យ​ប្រជាជន​នៅផ្ទះ​ឡើយ ដោយ​ពួកគេ​បែរជា​នាំគ្នា​តាមមើល​ខ្មោច​បន្លំ​នេះ​ទៅវិញ ព្រោះ​មិនដែល​ឃើញ​ពីមុនមក​។ ប៉ុន្តែ​អ្នករៀបចំ​បាន​ផ្លាស់ប្ដូរ​វិធីសាស្ត្រ​ដោយ​ឲ្យ​អ្នក​បន្លំ រង់ចាំ​បន្លាច​ពេល​អ្នកភូមិ​ដើរ​ក្នុងភូមិ​តែម្ដង​។ 
 
​ការបន្លំ​ធ្វើ​ខ្មោច​នេះ ជា​វិធីសាស្ត្រ​មួយ​ក្នុងចំណោម​វិធីសាស្ត្រ​ប្លែកៗ​នៅ​ឥណ្ឌូណេស៊ី​ដើម្បី​បង្ខំ​ឲ្យ​ប្រជាជន​រក្សា​គម្លាត និង​មិន​ចេញ​ក្រៅ​ផ្ទះ ខណៈ​រដ្ឋាភិបាល​ប្រធានាធិបតី ចូ​កូ វី​ដូ​ដូ មិនទាន់​ដាក់​វិធានការ​តឹងរ៉ឹង​ខ្លាំង​ឡើយ ទោះ​រង​ការរិះគន់​ខ្លាំង​។​
 
​គិត​ត្រឹម​ពេលនេះ ឥណ្ឌូណេស៊ី​មាន​ករណី​ឆ្លង​សរុប​៤២០០​នាក់ និង​ស្លាប់​៣៧៣​នាក់​ដែលជា​តួលេខ​ច្រើនជាងគេ​នៅ​អាស៊ីអាគ្នេយ៍​៕

Tag:
 ឥណ្ឌូណេស៊ី​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com