ជាតិ
លោក​ហេង សួរ​៖ ​រោងចក្រ​ជាង​៩៥​ភាគរយ ដំណើរការធម្មតា​នៅថ្ងៃនេះ​
13, Apr 2020 , 6:30 pm        
រូបភាព
​ភ្នំពេញ​៖ រោងចក្រ​លើសពី ៩៥​ភាគរយ បាន​បើក​ដំណើរការ​ធម្មតា នៅ​ថ្ងៃទី​១៣ ខែមេសា​នេះ ខណៈ​កម្មករ​ក៏បាន​មក​ធ្វើការ​ធម្មតា​ដែរ​។ នេះ​បើតាម​លោក ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​បញ្ជាក់ប្រាប់​សារព័ត៌មាន​ថ្មីៗ​។


 
​លោក ហេង សួរ បានបញ្ជាក់​ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​បណ្តាញ​តេ​ឡេ​ក្រាម​ដូច្នេះ​ថា​៖«​ព្រឹក​នេះ រោងចក្រ​ទាំងអស់​ដែល​បាន​ដំណើរការ​កាលពី​ថ្ងៃ​សៅរ៍ បាន​បើក​ដំណើរការ​ជាធម្មតា​។ បន្ថែម​ពីនេះ នៅ​ខេត្តស្វាយរៀង រោងចក្រ​ដែល​បាន​ឈប់សម្រាក កាលពី​ថ្ងៃ​សៅរ៍ ក៏បាន​បើក​ដំណើរការ​វិញ​នៅថ្ងៃនេះ​។ ជារួម​គឺ​រោងចក្រ​លើស​៩៥​ភាគរយ បាន​ដំណើរការ រីឯ​កម្មករ​រោងចក្រ​ក៏បាន​មក​ធ្វើការ​ធម្មតា​»​។​
 
​កន្លងមក អ្នកនាំពាក្យ​ក្រសួង​ការងារ​រូបនេះ ក៏​ធ្លាប់​លើកឡើង​ដែរ​ថា កម្មករ​រោងចក្រ​ដែល​ឈប់សម្រាក​អំឡុង​ចូលឆ្នាំ​ខ្មែរ​នេះ តម្រូវ​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​១៤ ថ្ងៃមុន​ចូលធ្វើការ​វិញ​។ ចំណែក កម្មករ ដែល​ឈប់សម្រាក​គ្មាន​ច្បាប់​អនុញ្ញាត ក៏​តម្រូវ​ឲ្យ​ច​ត្តា​ឡី​ស័ក​១៤​ថ្ងៃ មុន​ចូលធ្វើការ​ដែរ ប៉ុន្តែ​ពួកគេ​មិន​ទទួលបាន​ប្រាក់​ឈ្នួល​ឡើយ​។​
 
 
​រដ្ឋាភិបាល បាន​ផ្អាក​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​ដើម្បី​ទប់ស្កាត់​ការ​រាលដាល​ជំងឺ​កូ​វីដ​-១៩ ដោយ​តម្រូវ​ឲ្យ​មន្ត្រីរាជការ ក្រុមហ៊ុន​ឯកជន បន្តធ្វើ​ការធម្មតា​។ រដ្ឋាភិបាល​នឹង​សង​ថ្ងៃ​ឈប់សម្រាក់​រយៈពេល​៥​ថ្ងៃ​វិញ នៅពេល​ជំងឺ​COVID-19​បញ្ចប់​។ ជាមួយគ្នានេះដែរ រដ្ឋាភិបាល​កី​បានចេញ​ប្រកាស ដោយ​ហាមប្រាម​ការធ្វើដំណើ​រឆ្ល​ង​ពី​ខេត្ត​មួយ ទៅ​ខេត្ត​មួយ ចាប់ពី​យប់​ថ្ងៃទី​៩ ដល់​យប់​ថ្ងៃទី​១៦​មេសា​នេះ ដើម្បី​ទប់ស្កាត់ ការរីក​រាលដាល​ជំងឺ​COVID-19៕ 

Tag:
 កម្មករ​
 រោងចក្រ​
  ចូលឆ្នាំ​
© រក្សាសិទ្ធិដោយ thmeythmey.com