ជាតិ
សង្គមជាតិ
Covid-19៖​ការចែក​ស្បៀងអាហារ និង​សម្ភារ​ការពារ​ខ្លួន នៅតែ​បន្ត​ក្នុង​រូប​ភាពជា​ក្រុម​តូចៗ​
14, Apr 2020 , 7:59 am        
រូបភាព
ដោយ: ថ្មីៗ
​ដោយ​៖ ស៊ែម ម៉ូ​នី​តា​
 
​ភ្នំពេញ​៖ វិបត្តិ​កូ​វីដ​-១៩ បានធ្វើ​ឲ្យ​ចំណូល​របស់​ប្រជាពលរដ្ឋ ដែល​ប្រក​បរបរ​តូចតាច រក​មួយថ្ងៃ​សម្រាប់តែ​មួយថ្ងៃ​ធ្លាក់ចុះ​ខ្លាំង​។ ពួកគាត់​ក៏​ប្រឈម​នឹង​ការខ្វះខាត​ស្បៀង​ផងដែរ​។ តែ​ទោះជា​យ៉ាងនេះ​ក្តី គេ​សង្កេតឃើញថា មាន​សប្បុរសជន​មួយចំនួន បាន​ចុះ​ចែក​ស្បៀងអាហារ​ដល់​ពួកគាត់ ហើយ​សកម្មភាព​នេះ នៅតែ​បន្ត​រហូតដល់​បច្ចុប្បន្ន​។

 
​តាំងតែ​អំឡុង​ថ្ងៃទី​២០ មីនា​មកម្ល៉េះ លោក ប៊ូ សារឿន ដែល​ពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ បាន​ចែក​អាល់កុល អង្ករ និង​ត្រីខ ដល់​អ្នក​ដែល​ខ្វះខាត និង​បាត់​ចំណូល​ដោយសារ​វិបត្តិ​កូ​វីដ​-១៩​។ លោក សារឿន ពន្យល់​មូលហេតុ​ដែល​លោក នៅ​បន្ត​ការចែកជូន​ស្បៀងអាហារ​ដល់​អ្នក​ដែល​ខ្វះខាត​ដូច្នេះ​៖«​ខ្ញុំ​គិតថា​អ្វីៗ​វា​មិនទាន់​ធូរស្បើយ ហើយ​ស្រប​ពេលដែល​យើង​មិនអាច​ធ្វើដំណើរ​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយទៀត ដូច្នេះហើយ​ពួកគាត់​នៅតែ​ខ្វះខាត​។  នេះ​ជាការ​បន្ថែម​ពីអ្វី​ដែល​ខ្ញុំ​ធ្លាប់ធ្វើ​ទេ​។ ពីមុន​ខ្ញុំ​បរិច្ចាគ​ឈាម តែ​ឥឡូវ​ហួស​អាយុ ហើយ​ខ្ញុំ​ក៏មាន​ការចែក​កង់​ដល់​សិស្ស​ក្រីក្រ​នៅតាម​បណ្តា​ខេត្ត​ដែរ​។ ពេល​គេ​ចូលរៀន​វិញ គឺ​ខ្ញុំ​មានកម្ម​វិធីចែក​កង់ និង​សម្ភារ​សិក្សា​ទៀត​»​។​
 
​ក្រុម​គោលដៅ​របស់លោក សារឿន ដើមឡើយ​ត្រឹមតែ​អ្នករត់ម៉ូតូឌុប និង​អ្នកធាក់ស៊ីក្លូ​ប៉ុណ្ណោះ តែ​ដោយ​សង្កេតឃើញថា​ពួកគាត់​ទទួលបាន​ស្បៀង និង​សម្ភារ​ការងារ​ខ្លួន​នានា​ពី​សប្បុរសជន​ផ្សេងទៀត​ច្រើន​ដែរ លោក​ប៊ូ សារឿន ក៏បាន​ប្តូរ​គោលដៅ​របស់ខ្លួន ដោយ​ផ្តោតលើ​អ្នកលក់ដូរ​តូចតាច ដូចជា​អ្នកលក់​ចេកអាំង​,​ពោត​អាំង​,​អ្នកលក់​មីឆា​,​អ្នក​រើស​អេតចាយ​,​សន្តិសុខ និង​អ្នកលក់​លៀស​ហាល​វិញ​។  
 
​បើតាម​លោក ប៊ូ សារឿន ចាប់តាំងពី​ចាប់ផ្តើម​ការចែក​ស្បៀងអាហារ​នេះ​មក លោក​បាន​ចំណាយ​ជាង ១,០០០​ពាន់​ដុល្លារ​ហើយ ដែល​ថវិកា​ទាំងនោះ ជា​ថវិកា​ផ្ទាល់ខ្លួន​ខ្លះ និង​ថវិកា​ដែល​លោក​ទទួលបាន​ពី​មិត្តភក្តិ និង​សប្បុរសជន​នានា​ខ្លះ​។ 
 
 
​មិន​ខុសពី​លោក ប៊ូ សារឿន នោះទេ​ក្រុម​របស់ លោក ទឹម បូរី​វ៉ា​ត់ ដែលមាន​គ្នា​៧​នាក់ បានប្រកាស​រ៉ៃ​ថវិកា ដើម្បី​ទិញ​ស្បៀងអាហារ ដល់​អ្នករងគ្រោះ​ដោយសារ​វិបត្តិ​កូ​វីដ​-១៩ នេះ​ដោយ​ត្រង់ៗ​តែម្តង​នៅតាម​បណ្តាញ​សង្គម និង​នៅក្នុង​ចំណោម​មិត្តភក្តិ​របស់ខ្លួន​។ ចាប់ផ្តើម​ចែក​សកម្មភាព​នេះ តាំងតែ​ពីថ្ងៃ​ទី​៤ មេសា​មក លោក ទឹម បូរី​វ៉ា​ត់ ពន្យល់​មូលហេតុ​ថា ការដែល​រូបគេ និង​ក្រុម ប្រមូល​លុយ​គ្នា មក​ទិញ​ស្បៀងអាហារ​ចែក​អ្នកក្រីក្រ​បែបនេះ គឺជា​សកម្មភាព​រួមចំណែក​ជួយ​ដល់​សង្គម ហើយ​វា​ក៏​ជាការ​សន្សំ​បុណ្យ​កុសល​ដែរ​។​
 
 
​មាន​វ័យ​២៧​ឆ្នាំ បូរី​វ៉ា​ត់ បន្តបាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​ថា មកទល់ពេលនេះ ក្រុម​របស់ខ្លួន​បាន​ចែក​ស្បៀង​ដល់​អ្នក​ខ្វះខាត​នៅ​រាជធានី​ភ្នំពេញ ប្រមាណ​២០០​កញ្ចប់​ហើយ ដែល​កញ្ចប់​នីមួយៗ​មាន​អង្គរ​, មី​,​ត្រីខ​,​ម៉ាស់​,​សាប៊ូ​, ទឹកត្រី និង​ទឹក​ស៊ី​អី​វ និង​ប្រាក់​២​ម៉ឺន​រៀល​។  បើតាម លោក ទឹម បូរី​វ៉ា​ត់ ក្រុម​គោលដៅ​របស់គេ ក៏​ជា​អ្នក​ប្រក​បរបរ​តូចតាច​ដែរ ដូចជា​ចាស់ៗ​តាមផ្លូវ​,​អ្នករត់ម៉ូតូឌុប​,​អ្នកធាក់ស៊ីក្លូ​, និង​អ្នកលក់​លៀស​ហាល​ជាដើម​។ បូរី​វ៉ា​ត់ ក៏​អះអាង​ដែរ​ថា ក្រុម​ខ្លួន​នៅតែ​បន្តសកម្មភាព​មនុស្សធម៌​នេះ​ទៀត ខណៈ​ក្រុម​របស់គេ​នៅតែ​ទទួលបាន​ថវិកា ពី​សប្បុរសជន​ជា​ហូរហែ​នោះ​។​
 
 
​វិបត្តិ​កូ​វីដ​-១៩​នៅ​កម្ពុជា បានធ្វើ​ឲ្យ លោក រ័ត្ន គុលិកា ផ្តួចផ្តើម​សកម្មភាព​ចែក​សម្ភារ​ប្រើប្រាស់ និង​ថវិកា ដល់​អ្នក​ដែល​ខ្វះខាត​ជា​លើកដំបូង​។  លោក រ័ត្ន គុលិកា ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា លោក​ចាប់ផ្តើម​សកម្មភាព​នេះ នៅ​ថ្ងៃទី​២ មេសា ក្រោមរូបភាព​ប្រកាស​រ៉ៃ​ថវិកា​តាម​បណ្តាញ​សង្គម​។ លោក រ័ត្ន គុលិកា ពន្យល់ថា​៖«​ខ្ញុំ​មើលឃើញ​ស្ថានភាព​ជាក់ស្ដែង​ថា ចាំបាច់​ត្រូវតែ​រួមគ្នា ក្នុងការ​ប្រឆាំង​និង​កូ​វីដ​-១៩​នេះហើយ ក៏ត្រូវ​ជួយ​ដល់​អ្នក​ដែល​គាត់​ខ្វះខាត​ថវិកា និង​ចំនេះដឹង​ដើម្បី​ទប់ទល់​និង​ជំងឺ​នេះ​ផងដែរ​»​។​
 
 
​បើតាម​លោក  រ័ត្ន គុលិកា ថវិកា​រួមចំណែក​ផ្ទាល់ខ្លួន និង​ថវិកា​ដែល​ទទួលបាន​ពី​សប្បុរសជន ត្រូវបាន​បែង​ជែក​ជា​២​ចំណែក​។ ចំណែក​មួយ​សម្រាប់​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល និង​មួយចំណែក​ទៀត​យកទៅ​ទិញ​សម្ភារ​ផ្សេងៗ រួមមាន​អាល់កុល ម៉ាស់ ចែក​ដល់​អ្នក​ខ្វះខាត​ជាក់ស្តែង​។​
 
 
​គួរ​កត់សម្គាល់ថា ក្រៅតែពី​ការចែក​ស្បៀងអាហារ ម៉ាស់ និង​អាល់កុល អ្នក​ផ្តួចផ្តើម​សកម្មភាព​មនុស្សធម៌​ទាំងនេះ ក៏​អះអាង​ដែរ​ថា បាន​ចូលរួម​អប់រំ ពី​វិធី​បង្ការ​ការឆ្លង​ជំងឺ​កូ​វីដ​-១៩ ដល់​ប្រជាពលរដ្ឋ​ដែល​ពួកគេ​បាន​ជួប​ដែរ​។ 
 
​គិត​ត្រឹម​ថ្ងៃទី​១៣ ខែមេសា កម្ពុ​ជាមាន​អ្នក​ឆ្លង​កូ​វីដ​-១៩​ចំនួន​១២២​នាក់ ក្នុងនោះ​អ្នកជា​សះស្បើយ​សរុប មាន​ចំនួន ៧៧​នាក់​៕
 
 
 

Tag:
 ចែក​ស្បៀង​
 ​ប៊ូ សារឿន​
  រ័ត្ន គុលិកា​
 ​ទឹម បូរី​វ៉ា​ត់​
  Covid-19
© រក្សាសិទ្ធិដោយ thmeythmey.com