COVID-19
អន្តរជាតិ
COVID-19៖ ហ្វីលីពីន មាន​ករណី​ឆ្លង​ច្រើនជាងគេ​នៅ​អាស៊ាន​ដែល​ឡើង​ជិត​ដល់​៥​ពាន់​នាក់​
14, Apr 2020 , 10:12 am        
រូបភាព
ដោយ: ថ្មីៗ
​ហ្វីលីពីន បាន​ក្លាយជា​ប្រទេស​មាន​ករណី​ឆ្លង​ជំងឺ​រលាក​សួត​បង្កដោយ​កូ​រ៉ូ​ណាវី​រុស​ប្រភេទ​ថ្មី (COVID-19) ច្រើនជាងគេ ដោយ​នាំមុខ​ម៉ាឡេស៊ី​វិញ​។ គិត​ត្រឹម​ថ្ងៃទី​១៣ ខែមេសា ហ្វីលីពីន​មាន​ករណី​ឆ្លង​ចំនួន​៤៩៣២​នាក់ ឯ​ម៉ាឡេស៊ី​វិញ​មាន​ជិត​៤៩០០​នាក់​។ ប្រទេស​សមាជិក​អាស៊ាន​ផ្សេងទៀត ក៏មាន​ករណី​ឆ្លង​កើនឡើង​ដែរ ខណៈ​កម្ពុជា​មិនមាន​ករណី​ឆ្លង​ថ្មី​នៅ​ថ្ងៃ​ដូចគ្នានេះ​។

 
​នៅ​ថ្ងៃទី​១៣ ខែមេសា ហ្វីលីពីន បាន​រាយការណ៍​ពី​ករណី​ឆ្លង​ថ្មី COVID-19 ចំនួន​២៨៤​នាក់ ដែល​នាំ​ឲ្យ​តួលេខ​សរុប​នៃ​ប្រទេស​នេះ​ឡើងដល់​៤៩៣២​នាក់​។ តួលេខ​នេះ ធ្វើ​ឲ្យ​ហ្វីលីពីន ក្លាយជា​ប្រទេស​មាន​ករណី​ឆ្លង​ច្រើនជាងគេ​នៅ​តំបន់​អាស៊ីអាគ្នេយ៍ ហើយ​តួលេខ​ស្លាប់មាន​៣១៥​នាក់​
 
​ម៉ាឡេស៊ី ដែល​ធ្លាប់​ឈរលើ​តារាង​នោះ ធ្លាក់​មក​លេខ​ពីរ​វិញ​។ នៅ​ថ្ងៃទី​១៣​នេះដែរ ម៉ាឡេស៊ី​មាន​ករណី​ឆ្លង​ចំនួន​១៣៤​នាក់​។ តួលេខ​សរុប គឺ​៤៨១៧​នាក់ ហើយ​ស្លាប់​៧៧​នាក់​។ ករណី​ឆ្លង​ប្រចាំថ្ងៃ​នៅ​ម៉ាឡេស៊ី បាន​ថយចុះ​គួរ​ឲ្យ​កត់សម្គាល់​បន្ទាប់ពី​អាជ្ញាធរ​ចេញ​បម្រាម​បិទ​ប្រទេស​តាំងពី​ខែមីនា​មក​។​
 
​សម្រាប់​សមាជិក​អាស៊ាន​ផ្សេងទៀត​វិញ ឥណ្ឌូណេស៊ី​មាន​ករណី​ឆ្លង​៤៥៥៧​នាក់ ស្លាប់​៣៩៩​នាក់​, សិង្ហ​បុរី​ឆ្លង​២៩១៨​នាក់ ស្លាប់​៩​នាក់​, ថៃ​ឆ្លង​២៥៧៩​នាក់ ស្លាប់​៤០​នាក់​, វៀតណាម​ឆ្លង​២៦៥​នាក់​, ព្រុយ​ណេ​ឆ្លង​១៣៦​នាក់ ស្លាប់​ម្នាក់​, កម្ពុជា​ឆ្លង​១២២​នាក់​, មី​យ៉ាន់​ម៉ា​ឆ្លង​៦២​នាក់ ស្លាប់​៤ និង​ឡាវ​ឆ្លង​១៩​នាក់​។ នេះ​បើតាម​តួលេខ​ផ្សាយ​ដោយ​វេ​ប​សាយ Worldometer ដែល​ប្រមូល​តួលេខ​អ្នក​ឆ្លង​ទូទាំង​ពិភពលោក​។​
 
​នៅ​ថ្ងៃទី​១៤ ខែមេសា មេដឹកនាំ​ទាំង​១០ កំពុង​ជជែក​គ្នា​ពី​វិធានការ​ដើម្បី​ទប់ស្កាត់​ការ​រាលដាល COVID-19 ក្នុង​តំបន់់ និង​ផលប៉ះពាល់​ដែល​បង្កដោយ​ជំងឺ​មួយ​នេះ​៕ 
 
 

Tag:
 COVID-19
  អាស៊ាន​
© រក្សាសិទ្ធិដោយ thmeythmey.com