ជាតិ
បទវិភាគ
អចលនទ្រព្យ
ឈ្នួល​ទីតាំង​អាជីវកម្ម​នៅ​ខ្ពស់ នឹង​បង្ខំ​ឲ្យ​ជំនួញ​បិទទ្វារ​, អ្នកគ្មានការងារ​ធ្វើ​កើនឡើង​ខ្ពស់​!
14, Apr 2020 , 2:47 pm        
រូបភាព
​ភ្នំពេញ​៖ ចាប់តាំងពី​ការផ្ទុះ​មេរោគ​កូ​វីដ​១៩​មក ជំនួញ​មួយចំនួន​បាន​បិទទ្វារ​ភ្លាមៗ រីឯ​ជំនួញ​ខ្លះទៀត នៅ​បន្ត​សាកល្បង​សិន​។ ប៉ុន្តែ សំណួរ​ដែល​កំពុង​ចោទឡើង គឺថា តើ​ជំនួញ​នឹង​បន្ត​បិទ​ថែមទៀត​ឬ ប្រសិនបើ​ម្ចាស់​ទីតាំង​អាជីវកម្ម​មិន​បញ្ចុះ​ថ្លៃ​ទីតាំង​អាជីវកម្ម​?​។ បើ​អាជីវ​កម្មបិទ ចំនួន​អ្នក​អត់​ការងារ​ធ្វើ​នឹង​កើនឡើង​កាន់តែច្រើន​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ខាងមុខ​ទៀត​នេះ​។ តើ​អ្វី​ទៅជា​បញ្ហា និង​ដំណោះស្រាយ​?

​មេរោគ​កូ​វីដ​១៩ គឺជា​រឿង​ឧបទ្ទវហេតុ​ប្រធាន​ស័ក​ដែល​គ្មាន​នរណា​បានដឹង​ជាមុន​ឡើយ​។ វិបត្តិ​សុខភាព​នេះ បាន​បង្ក​ឲ្យ​មាន​វិបត្តិ​សេដ្ឋកិច្ច​នៅ​ស្ទើរ​គ្រប់​ប្រទេស​នៅលើ​សកលលោក ក្នុងនោះ រួមទាំង​កម្ពុជា​ផងដែរ​។ ប្រទេស​នីមួយៗ​ដោះស្រាយ​វិបត្តិ​សេដ្ឋកិច្ច​នៅតាម​មធ្យោបាយ​រៀងៗ​ខ្លួន​។ 
 
​នៅក្នុង​ប្រទេស​កម្ពុជា រដ្ឋាភិបាល​ព្យាយាម​ដោះស្រាយ​ដោយ​លើកលែង​មិន​យកពន្ធ​ក្នុង​រយៈពេល​កំណត់​មួយ​លើ​វិស័យ​មួយចំនួន ដូចជា វិស័យ​ទេសចរណ៍​ផ្នែក​សណ្ឋាគារ ជាដើម​។ ស្របពេល​ជាមួយគ្នា រដ្ឋាភិបាល​បានសម្រេច​ជួយ​ថវិកា​មួយផ្នែក​ជូន​កម្មករ​កាត់ដេរ​ដែ​ល​ប្រឈម​នឹង​ការបាត់បង់​ការងារ​។ លើសពីនេះទៅទៀត រដ្ឋាភិបាល តាមរយៈ​ធនាគារជាតិ បាន​អំពាវនាវ​ឲ្យ​ធនាគារពាណិជ្ជ និង​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​ពន្យា​ការបង់​ប្រាក់កម្ចី​ក្នុង​រយៈពេល​កំណត់​មួយ​។ 
 
​រឿង​មួយទៀត​ដែល​រដ្ឋាភិបាល​យកចិត្ត​ទុកដាក់​ដែរនោះ គឺ​តម្លៃ​ឈ្នួល​ទីតាំង​អាជីវកម្ម​។ ត្រង់ចំណុច​នេះ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អំពាវនាវ​រួចហើយ​ថា ម្ចាស់​ទីតាំង​អាជីវកម្ម​ទាំងឡាយ​គួរ​បញ្ចុះ​ថ្លៃឈ្នួល​ក្នុងន័យ​ជួយសង្គ្រោះ​កុំ​ឲ្យ​អាជីវកម្ម​ដួលរលំ​ជាយថាហេតុ​។ ក្រោយ​ការអំពាវនាវ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ភ្លាម ម្ចាស់​ទីតាំង​អាជីវកម្ម​ខ្លះ ក៏បាន​ចុះថ្លៃ ១០% ២០% ឬ​៣០% តែ​ម្ចាស់​អាជីវកម្ម​ទីតាំង​ខ្លះទៀត មិន​ព្រម​ចុះថ្លៃ​ទេ ឬ​ចុះ​តិចតួច​បំផុត​។ 
 
​ចំណុច​តម្លៃ​ទីតាំង​អាជីវ​កម្មនេះ គឺជា​ចំណុច​ស្នូល​នៃ​ការរស់រានមានជីវិត​របស់​អាជីវកម្ម​តែម្តង ជាពិសេស សម្រាប់​អ្នកជំនួញ​ដែល​គ្មាន​ទីតាំង​ដោយ​ខ្លួនឯង​។ សូមបញ្ជាក់ថា អ្នកជំនួញ​មួយចំនួនធំ​បាន​ជួល​ទី​តាំងពី​ម្ចាស់​ទីតាំង​ដើម្បី​ប្រតិបត្តិការ​។ 
 
​អ្វីដែល​ត្រូវ​ពិចារណា​ក្នុង​រឿង​តម្លៃ​ទីតាំង​អាជីវ​កម្មនេះ គឺ​នៅត្រង់ថា ប្រសិនបើ​អាជីវកម្ម​ដួល​ដោយសារតែ​ការមិន​បញ្ចុះ​ថ្លៃ​ឈ្មួ​ល ពេលនោះ មិនមែន​តែ​អ្នកជំនួញ​(​ថៅកែ​)​ទេ ដែល​រងគ្រោះ តាមពិត បុគ្គលិក​ក៏ត្រូវ​អត់​ការងារ​ធ្វើ​ដែរ​។ អាជីវកម្ម​ដួល​កាន់តែច្រើន ចំនួន​អ្នក​អត់​ការងារ​ធ្វើ​កាន់តែ​កើនឡើង ហើយ​បន្ទុក​សង្គម និង​រដ្ឋាភិបាល​កាន់តែ​ធ្ងន់ធ្ងរ​។ 
 
​ចុះបើ​បង្ខំ​ឲ្យ​ម្ចាស់​ទីតាំង​អាជីវកម្ម​បញ្ចុះ​៥០% ឬ​៦០% ឬ​៧០% វា​មិន​ដាក់ទណ្ឌកម្ម​តែ​ម្ចាស់​ទីតាំង​អាជីវកម្ម​ទៅហើយ​ទេ​ឬ​? 
​ចម្លើយ គឺថា នៅក្នុង​គ្រា​ប្រឈម​នេះ គ្រប់ភាគី​ត្រូវតែ​រួមគ្នា​បង់ខាត​។ អ្នកជំនួញ​(​ថៅកែ​) មាន​កាតព្វកិច្ច​ទទួល​បន្ទុក​ប្រាក់ខែ​ជូន​បុគ្គលិក​ផង និង​ថ្លៃឈ្នួល​ទីតាំង​ផង​។ បើ​ម្ចាស់​ទីតាំង​អាជីវកម្ម​អាច​បន្ធូរ​បន្ថយថ្លៃ​ជួល​ជូន​អ្នក​ជួល​(​អ្នកជំនួញ​)​បាន វា​គឺជា​ការចូលរួម​ដ៏​ធំធេង​សម្រាប់​ជួយសង្គ្រោះ​អាជីវកម្ម​ឲ្យ​នៅមាន​ជីវិត ព្រោះថា ប្រសិនបើ​ម្ចាស់​ទីតាំង​អាជីវកម្ម​ខាត គឺជា​ការខាតបង់​តែម្នាក់ឯង​ទេ​។ ប៉ុន្តែ ប្រសិនបើ​អ្នកជំនួញ​(​អ្នក​ជួល​)​បិទទ្វារ​វិញ ពេលនោះ ការងារ​មួយចំនួនធំ​ក៏ត្រូវ​បាត់បង់​ដែរ ហើយ​ចំណុច​នេះ គឺជា​រឿង​ដែល​ត្រូវ​ចៀសវាង​ឲ្យ​ខាងតែបាន​ជាដាច់ខាត​នៅក្នុង​គ្រា​ប្រឈម​ដ៏​លំបាក​នេះ​៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com